ម្អមគឺជារុក្ខជាតិ មួយប្រភេទ ដែលដុះតាមវាលស្រែ។ គេប្រើវាសម្រាប់ដាក់នៅក្នុងស៊ុប គុយទាវ សម្លរម្ជូរ សម្លរប្រហើរ ភ្លាសាច់គោម្អម ឬហៅថា បុកសាច់គោម្អមជាដើម ដើម្បីបន្ថែមរសជាតិ និងធ្វើឱ្យមានក្លិនប្រហើរឈ្ងុយឆ្ងាញ់។

អ្នកស្រី ងិន ហ៊ាង រស់នៅភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ជាកសិករដាំម្អម បានឱ្យដឹងថា អ្នកស្រីបានប្រកបរបរដាំម្អមនេះអស់រយៈពេល ៥ឆ្នាំមកហើយ លើផ្ទៃដី ២៥ម៉ែត្រគុណនឹង ៥០ម៉ែត្រ។ កសិកររូបនេះ បានបន្តថា ម្អមជារុក្ខជាតិងាយស្រួលដាំ ដាំម្តងអាចកាត់លក់បានរយៈពេលពី៥ខែ ទៅ១ឆ្នាំឯណោះ។

បើតាមអ្នកស្រី ងិន ហ៊ាង របរដាំម្អមនេះ អាចជួយទ្រទ្រង់​ជីវភាព​គ្រួសារ​អ្នកស្រីបាន​មួយកម្រិត ដោយមួយថ្ងៃ​អាចកាត់លក់បានពី ៣ម៉ឺនទៅ៤ម៉ឺនរៀលជាប្រចាំ។ អ្នកស្រីបន្ថែមថា របរនេះ ជាចំណែកមួយជួយឱ្យកូនអ្នកស្រីបានបន្តការ​សិក្សារហូត​ទទួលបានការងារធ្វើទាំងអស់ចំនួន៤នាក់។ អ្នកស្រី ងិន ហ៊ាង អះអាងថា នៅតែ​បន្តរបរដាំម្អមនេះ មិនបោះបង់នោះទេ។

ជាងនេះទៀត កសិករ ងិន ហ៊ាង បានបញ្ជាក់ថា ម្អមមានទីផ្សារ ងាយស្រួលលក់ ក្នុង១ថ្ងៃលក់បាន២០០ទៅ ៣០០ដុំ ចែកចាយនៅក្នុងខេត្តផង និងនាំចេញទៅភ្នំពេញ​ផង។ ក្រៅពីអ្នកស្រី ងិន ហ៊ាង នៅមានអ្នកដាំម្អមនេះចំនួន ៤គ្រួសារទៀត នៅក្នុងឃុំស្រុក​នេះ។

ដំណាំម្អមងាយស្រួលដាំ ប្រសិនបើប្រជាពលរដ្ឋមានដីតូចល្មម និងមានប្រភពទឹកស្រះ ឬទឹកអូរក្បែរផ្ទះ បងប្អូនអាចចាប់យកអាជីពដាំម្អមនេះ ដោយមិនចាំបាច់ធ្វើចំ​ណាក​ស្រុកដោយប្រថុយប្រថាននោះទេ ពិសេសបានរស់នៅជួបជុំក្រុមគ្រួសារទៀតផង។

ទន្ទឹមនឹងនេះ អ្នកស្រី ងិន ហ៊ាង ជំរុញឱ្យកសិករឯទៀត បន្ថែមមុខរបរ ក្រៅពីធ្វើស្រែ ប្រសិនមានដីទំនេរដាំម្អម ព្រោះបច្ចុប្បន្ននេះ ទីផ្សារម្អមមានភាពទូលំទូលាយ និងតម្រូវការខ្ពស់៕ ប្រភព៖ ទូរទស្សន៍ពោធិ៍សាត់