សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញនិងខេត្តសៀមរាប ត្រូវចេញវិធានជាបន្ទាន់ដើម្បីផ្អាកកុំឱ្យពលរដ្ឋជួបជុំដែលមានគ្នាច្រើនលើសពី២០នាក់ ជាពិសេសត្រូវផ្អាកការរៀបចំពិធីមង្គលការ ក្នុងរយៈពេល១៥ថ្ងៃនេះ គឺចាប់ពីថ្ងៃទី១រហូតដល់ថ្ងៃទី១៥ខែធ្នូ។

សម្ដេច ហ៊ុន សែន បានលើកឡើងតាមរយៈទំព័រហ្វេសប៊ុកថា ការចេញបទបញ្ជាបន្ទាន់នេះ ដោយសារមានការស្នើសុំពីក្រសួងសុខាភិបាល និងខាងអង្គការសុខភាពពិភពលោក ដើម្បីឱ្យរដ្ឋាភិបាលចេញវិធានការបន្ថែមទៀតទៀត។

សម្ដេចថា៖«សុំសុំយោគយល់និងអាធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើង ក្នុងការជួបជុំណាក៏ដោយ គឺសុំផ្អាកបណ្តេះអាសន្នរយៈ១៥ថ្ងៃ ទាំងការប្រជុំ ទាំងអាពាហ៍ពិពាហ៍ ទាំងការជួបជុំណាដែលមានមនុស្សលើសពី២០នាក់ គឺមិនគួរមានការជួបជុំទេ។ ហើយបើមានការជួបជុំត្រឹម២០នាក់ចុះក្រោម ក៏ត្រូវមានគម្លាតឲ្យឆ្ងាយ បើសិនជាមិនអាច​ជៀស​វាង​បាន»។

នាយករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា រដ្ឋាភិបាលមិនអាចហាមឃាត់ការចេញដំណើរក្រៅផ្ទះនៅតាមដងផ្លូវរបស់ពលរដ្ឋ ប៉ុន្តែក៏បានស្នើសុំឱ្យកាត់បន្ថយការចេញដំណើរពីក្រៅផ្ទះក្នុង​រយៈ១៥ថ្ងៃ ដើម្បីកុំឲ្យមានការកកស្ទះនៅតាមតាមភ្លើងស្ដុបនានា ប្រសិនបើមិនធ្វើដូច្នេះទេ កម្ពុជានឹងយឺតពេលក្នុងការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩។

សម្តេចក៏បានបញ្ជាឱ្យក្រសួងអប់រំ យុវជន និងកីឡា ផ្អាកការសិក្សា១៥ថ្ងៃសម្រាប់សិស្សថ្នាក់ទី១២នៅភ្នំពេញនិងខេត្តសៀមរាប ថ្វីត្បិតពួកគេត្រូវរៀនត្រៀមប្រឡងក្ដី ហើយសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ត្រូវផ្អាកជាបន្ទាន់ដែរ។

ការប្រកាសផ្អាកជួបជុំនិងរៀបពិធីមង្គលការឡើងវិញ គឺបន្ទា់បពីនាយករដ្ឋមន្រ្តីទើបបានប្រកាសឱ្យអាជ្ញាធរគ្រប់រាជធានីខេត្តកាលពីថ្ងៃទី១៩វិច្ឆិកា ត្រូវអនុ​ញ្ញាត​និងសម្រួល​ឱ្យពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនបានរៀបចំអាពាហ៍ពិពាហ៍ឡើងវិញ នៅក្នុងរដូវកាលធ្លាក់ខ្យល់ត្រជាក់ដែលជារដូវកាលរបស់ពលរដ្ឋពេញនិយមរៀបចំពិធីមង្គលការច្រើន៕