ការសិក្សាថ្មីមួយបានរកឃើញថា កុមារអាយុតិចជាង២ឆ្នាំ ដែលអនុញ្ញាតឱ្យប្រើប្រភេទថ្នាំថ្នាំអង់ទីប៊ីយ្យូទិចឬថ្នាំផ្សះ គឺអាចធ្វើឱ្យពួកគេមានបញ្ហាសុខភាពទៅថ្ងៃខាងមុខ។

ការសិក្សាដែលបានចុះផ្សាយនៅថ្ងៃចន្ទទី១៦វិច្ឆិកា ដោយ Mayo Clinic ជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រមិនរកប្រាក់ចំណេញមួយរបស់សហរដ្ឋអាមេរិក ដែលផ្តោតលើការថែទាំអ្នកជំងឺការអប់រំ និងការស្រាវជ្រាវ បានរកឃើញថា ទារក និងកុមារទើបចេះដើរ ដែលបានប្រើ​អង់​ទីប៊ីយ្យូទិចមួយដូស អាច កើតមានជំងឺហឺត គ្រុនក្តៅ ហៀរសំបោ អាល់លែកហ្ស៊ីជា​មួយ​ចំណីអាហារ ជំងឺធាត់ និងមានបញ្ហាក្នុងការយកចិត្តទុកដាក់ឬផ្ចង់អារម្មណ៍នៅពេលអនាគត។

ការសិក្សាអះអាងថា ការព្យាបាលដោយប្រើថ្នាំអង់ទីប៊ីយ្យូទិចជាច្រើនប្រភេទ ចំពោះកុមារ​ក្រោមអាយុ២ឆ្នាំ ក៏ធ្វើឱ្យពួកគេប្រឈមជំងឺជាច្រើនប្រភេទដែរ ហើយជំងឺទាំងនោះ គឺមានភាពខុសគ្នាអាស្រ័យទៅតាមអាយុ ភេទ ប្រភេទនៃថ្នាំអង់ទីប៊ីយ្យូទិច និងចំនួនថ្នាំនៃដែលបានប្រើលើកុមារ។

ក្រុមអ្នកស្រាវជ្រាវបានវិភាគទិន្នន័យលើកុមារជាង ១៤ ៥០០ នាក់ ដែលជាផ្នែកមួយរបស់គម្រោង Rochester Epidemiology ដែលជាការសិក្សារយៈពេលវែងមួយ បានវិភាគលើ​កំណត់​ត្រាវេជ្ជសាស្រ្តរបស់អ្នកស្ម័គ្រចិត្តនៅរដ្ឋមីនីសូតា និង វីសខុនសិន។ ៧០ភាគរយនៃកុមារដែលបានចូលរួមសិក្សានេះ បានទទួលថ្នាំអង់ទីប៊ីយ្យូទិចយ៉ាងតិចម្ដង ហើយភាគច្រើនទទួលបានថ្នាំអង់ទីប៊ីយ្យូទិចច្រើនដង។
ក្នុងចំណោមកុមារដែលទទួលបានវេជ្ជបញ្ជាឱ្យប្រើថ្នាំអង់ទីប៊ីយ្យូទិចម្តងឬពីរដង គឺមានតែក្មេងស្រីទេ ដែលប្រឈមនឹងបញ្ហាខ្ពស់ទៅនឹងជំងឺហឺត និងជំងឺCeliac ដែលជាប្រភេទជំងឺខូចពោះវៀនតូច។ ផ្ទុយទៅវិញ ការទទួលទានថ្នាំអង់ទីប៊ីយ្យូទិចតាមវេជ្ជបញ្ជា​ពីបីទៅបួនដង គឺធ្វើឱ្យប្រឈមកើតជំងឺហឺត ជំងឺរលាកស្បែក និងជំងឺលើសទម្ងន់ទាំងលើក្មេងប្រុសនិងក្មេង។ ជំងឺ ADHD ឬហៅថាជំងឺមិនអាចផ្ដោតអារម្មណ៍និងរពឹសហួសហេតុរបស់កុមារ និងជំងឺ Celiac នឹងកើតចំពោះក្មេងស្រី ហើយជំងឺធាត់នឹងកើតចំពោះក្មេងប្រុស។

ទោះជាយ៉ាងណា អ្នកស្រាវជ្រាវរបស់ Mayo Clinic បាននិយាយថា ការសិក្សានេះគឺគ្រាន់​តែ​ចង់បង្ហាញពីការផ្សារភ្ជាប់គ្នាប៉ុណ្ណោះ តែមិនបានអះអាងថា មូលហេតុបណ្ដាលឱ្យបានជំងឺទាំងនោះដោយសារការប្រើប្រាស់ថ្នាំថ្នាំអង់ទីប៊ីយ្យូទិច។ ការរកឃើញនេះ គឺជាឧកាសក្នុងការស្រាវជ្រាវពេលខាងមុខទៀត ដើម្បីកំណត់ពីវិធីសាស្រ្តដែលអាចទុកចិត្តបានជាងមុន និងមានសុវត្ថិភាពជាងមុន ចំពោះពេលវេលា ចំនួន និងប្រភេទថ្នាំថ្នាំអង់ទី​ប៊ីយ្យូ​ទិច​ សម្រាប់កុមារស្ថិតក្នុងអាយុក្រោម២ឆ្នាំនេះ៕

ប្រភព៖ CNN