ប្រឹងដកដង្ហើមដើម្បីនិយាយមួយៗ គិលានុបដ្ឋាយិកាម្នាក់បានព្យាយាមថតវីដេអូដើម្បីផ្ញើទៅគ្រួសាររបស់ខ្លួន តែប៉ុន្មានម៉ោងមុនពេលគាត់បានស្លាប់ដោយសារឆ្លងជំងឺ​កូវីដ​១៩​។

លោក Sergio Humberto Padilla Hernandez បាននិយាយពាក្យលាគ្នាចុងក្រោយទៅកាន់ក្រុមគ្រួសាររបស់គាត់ ខណៈពេលដែលគាត់សង្ឃឹមថា គាត់នៅតែអាចជាសះស្បើយ។

លោកបាននិយាយនៅក្នុងវីដេអូនោះថា៖«ព្រះសព្វព្រះហឫទ័យ ខ្ញុំនឹងជាសះស្បើយ។ យើងនឹងឆ្ពោះទៅមុខ។ ទោះមានអ្វីកើតឡើងក៏ដោយ ដើម្បីខ្ញុំអ្នកទាំងអស់គ្នាត្រូវតែបន្តប្រុងប្រយ័ត្នជានិច្ច។ ខ្ញុំស្រឡាញ់អ្នក ហើយអ្នកស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំជារៀងរហូត»។

គិលានុបដ្ឋាយិកាដែលបានបម្រើការនៅជួរមុខដើម្បីមើលថែអ្នកផ្ទុកជំងឺកូវីដ១៩ គឺបានទទួលមរណភាពដោយសារជំងឺនេះនៅអាយុត្រឹម២៨ឆ្នាំប៉ុណ្ណោះនៅថ្ងៃទី៦វិច្ឆិកា គឺពីរបីម៉ោងបន្ទាប់ពីគាត់ត្រូវបានគេដាក់អុកស៊ីសែននៅមន្ទីរពេទ្យដែលគាត់ធ្វើការ។ គាត់បានធ្វើតេស្ដវិជ្ជមានកាលពីថ្ងៃទី២២តុលា។

ប្រទេសម៉ិកស៊ិកមានករណីជំងឺកូវីដសរុបជាង ៩៨៦ ០០០ នាក់ ហើយក្នុងនោះ ៩៦ ៤៣០ នាក់បានស្លាប់។ ប្រទេសនេះជាប់ចំណាត់ថ្នាក់ទី១១នៅក្នុងពិភពលោក ដែលមានករណីឆ្លងច្រើនជាងគេ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ការស្លាប់របស់លោក Hernandez នេះគឺបានធ្វើឱ្យមានស្នាមរបួសមួយទៀត បានបន្សល់ទុកឱ្យគ្រួសាររបស់គាត់ ដោយសារគាត់ទើបតែបាត់បង់បងស្រីបង្កើតម្នាក់អាយុ៣០ឆ្នាំកាលពីថ្ងៃទី៨ខែសីហា ដោយសារឆ្លងជំងឺកូវីដនេះ។

ក្រុមគ្រួសារទាំងមូលរបស់គិលានុដ្ឋាយិការូបនេះ បានធ្លាក់ខ្លួនឈឺទាំងអស់ដោយសារឆ្លងវីរុសកូវីដ១៩ ម្តាយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យអស់មួយរយៈ ហើយឪពុករបស់គាត់បានដាក់អុកស៊ីសែននៅផ្ទះ ចំណែកភរិយា និងកូនប្រុសអាយុ៥ឆ្នាំរបស់គាត់ នៅមានសុខភាពល្អនៅឡើយ ប៉ុន្តែពីពេលនេះទៅ ពួកគេត្រូវប្រឈមនឹងជីវិតគ្មានប្តីនិងឪពុក៕