សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងសុខាភិបាលបញ្ចេញម៉ាសចំនួន​២​លានម៉ាសពីក្នុងឃ្លាំងរបស់រដ្ឋាភិបាល ទៅឱ្យសាលារាជធានីភ្នំពេញ ដើម្បីយកទៅ​ចែក​ជូនពលរដ្ឋនៅតាមសហគមន៍ក្រីក្រនៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមលិខិតមួយរបស់របស់​​លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅថ្ងៃទី១១វិច្ឆិកានេះ។

ការចែកនេះបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីបានលើកឡើងថា ទីក្រុងភ្នំពេញកំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរបំផុតទៅនឹងហានិភ័យនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ក្រោយ​​​ពី​បានរកឃើញមនុស្សដែលភាគច្រើនជាមន្រ្តីរដ្ឋាភិបាលប្រហែល១ពាន់៤រយនាក់ បានប៉ះពាល់ផ្ទាល់និងប្រយោលរដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រីដែលឆ្លងជំងឺ​កូវីដ១៩កាលពីថ្ងៃទី៣វិច្ឆិកា ហើយក្នុងនោះមានអ្នកប៉ះពាល់៤នាក់ហើយធ្វើតេស្ដវិជ្ជ​មាន​៕​