ក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា គិតត្រឹមថ្ងៃទី ១០វិច្ឆិកា ក្រសួងបានរកអង្គភាពក្រោមឱវាទចំនួន១៩អង្គភាពហើយ ដែលមានការពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រីកាលពីថ្ងៃទី៣វិច្ឆិកា។

ក្នុងអង្គភាពចំនួន១៩នោះ រួមមាន មន្ទីរអប់រំខេត្តចំនួន ២ ក្លឹបហាត់កីឡាការ៉ាតេដូ​ចំនួន១នៅពហុកីឡាដ្ឋានជាតិអូឡាំពិក គ្រឹះស្ថានសិក្សាសាធារណៈចំនួន៦ និងគ្រឹះស្ថានឯកជនចំនួន១០ ដែលមានសិស្សនិងសមាជិករបស់អង្គភាពទាំងនេះជាង៦០នាក់ ដែលជាអ្នកប៉ះពាល់ផ្ទាល់និងខ្លះប៉ះពាល់ប្រយោលនៅក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសហុងគ្រី។

ក្រសួងបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនជាបណ្តោះអាសន្នរយៈពេល ២សប្តាហ៍ និងតម្រូវឲ្យសិស្សរៀនតាមប្រព័ន្ធអនឡាញសម្រាប់រាជធានីភ្នំពេញ ទីរួមខេត្តកណ្តាល និងទី​តាំង​គោលដៅផ្សេងទៀត។ ជាមួយគ្នានេះ ក្រសួងក៏បានផ្អាកដំណើរការបណ្តោះអាសន្ន នៅពហុកីឡាដ្ឋានជាតិអូឡាំពិក រហូតដល់មានការជូនដំណឹងជាថ្មី៕