ក្រសួងសុខាភិបាលបានរាយការណ៍មានករណីវិជ្ជមានកូវីដជាប្រចាំថ្ងៃនៅក្នុងរយៈពេល​៥ថ្ងៃជាប់គ្នាចុងក្រោយនេះ គឺគិតចាប់ពីថ្ងៃ៧ដល់ថ្ងៃទី១១វិច្ឆិកា ដែលមានអ្នកឆ្លងថ្មីរហូត៩នាក់ ប៉ុន្តែអ្នកដែលជាសះស្បើយមានតែ២នាក់ប៉ុណ្ណោះ។

ការមានករណីឆ្លងថ្មី៥ថ្ងៃជាប់គ្នានេះ គឺគិតចាប់តាំងពីពេលគ្មានករណីឆ្លងថ្មីអស់រយៈពេល​៤ថ្ងៃជាប់គ្នាពីថ្ងៃទី៣តុលាដល់ថ្ងៃទី៦តុលា។ កម្ពុជាបានរកឃើញករណីឆ្លងដំបូងនៅថ្ងៃទី២៧មករា ប៉ុន្តែរយៈពេលកន្លងមកនេះ ពេលខ្លះក៏មានករណីឆ្លងថ្មីត្រូវបានរាយការណ៍​​ និងពេលខ្លះទៀតក្នុងរយៈពេលជាច្រើនថ្ងៃជាប់គ្នា ក៏គ្មានករណីឆ្លងថ្មីត្រូវបានរាយការណ៍។ ករណីភាគច្រើនគឺបាននាំចូលពីក្រៅប្រទេស ដែលរដ្ឋាភិបាលអះអាងថា ខ្លួនបានចេញវិធានការទប់ស្កាត់បានទាន់ពេលវេលា និងកំពុងគ្រប់គ្រងបានកុំឱ្យ​កូវីដ១៩​ឆ្លងរាតត្បាតនៅក្នុងសហគមន៍ដូចជាបណ្ដាប្រទេសដទៃទៀត។

ក្នុងរយៈពេល១០ខែនេះ កម្ពុជាបានរកឃើញរកអ្នកផ្ទុកកូវីដ១៩ចំនួនសរុប៣០១ ក្នុងនោះសះស្បើយ២៨៨នាក់។ ចំណែកអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន១៣នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

នាយករដ្ឋមន្រ្តីបានអះអាងជាថ្មីនៅដើមសប្ដាហ៍នេះថា កម្ពុជានៅបន្តគ្រប់គ្រងបានជំងឺកូវីដ១៩ ថ្វីត្បិតមានមនុស្សដែលភាគច្រើនជាមន្រ្តីរដ្ឋាភិបាលចំនួនជាង១ពាន់នាក់ កំពុងបង្ខំឱ្យធ្វើចត្តាឡីស័ក ដោយសារប៉ះពាល់ផ្ទាល់និងប្រយោជន៍លោករដ្ឋមន្រ្តីការបរ​ទេស​និងពាណិជ្ជកម្មហុងគ្រីដែលផ្ទុកជំងឺកូវីដ១៩កាលពីថ្ងៃទី៣វិច្ឆិកា និង៤នាក់បានឆ្លង​ជំងឺពីរដ្ឋមន្រ្តីការបរទេសហុងគ្រីនេះក្ដី។

ទោះជាយ៉ាងណា សម្ដេច ហ៊ុន សែន បានព្រមាននៅក្នុងសារសំឡេងចាក់ផ្សាយកាល​ពី​យប់ថ្ងៃចន្ទថា កម្ពុជានឹងអាចលែងគ្រប់គ្រងបានជំងឺកូវីដ១៩បាន នឹងអាចមានការឆ្លងរាតត្បាតខ្លាំងនៅក្នុងសហគមន៍ ប្រសិនបើក្រុមមន្ត្រីរបស់រដ្ឋាភិបាល និងក្រុមគ្រួ​សាររបស់ពួកគេដែលប៉ះពាល់ជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រី មិនបានធ្វើ​ចត្តា​ឡី​ស័កឱ្យបានត្រឹមត្រូវ។ ការព្រមានពីនាយករដ្ឋមន្រ្តីនេះ ក្រោយពីមានប្រពន្ធរបស់មន្រ្តីដែលកំពុងធ្វើចត្តាឡីស័ក បានចេញក្រៅផ្ទះ ទៅចូលរួមកម្មវិធីជួបជុំនានាកាលពីថ្ងៃសៅរ៌និងថ្ងៃអាទិត្យកន្លងទៅនេះ៕