
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា ការធ្វើតេស្ដលើកទី២របស់សម្ដេច ភរិយា និងអ្នកជាប់នឹងសម្ដេចទាំងអស់នៅថ្ងៃនទី៩វិច្ឆិកានេះ គឺទទួលបានលទ្ធផលល្អសម្រាប់ដំណាក់កាលទី២ក្នុងចំណោម៤ដំណាក់កាល។
សម្ដេចបានបង្ហោះតាមហ្វេសប៊ុកថា៖«ខ្ញុំត្រូវធ្វើចត្តាឡីស័កបន្តទៀត និងរង់ចាំការធ្វើតេស្តជាលើកទី៣នៅថ្ងៃទី១៤ វិច្ឆិកា និងលើកទី៤នៅថ្ងៃទី១៨វិច្ឆិកា។ ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូន ជិត ៩០០ នាក់ផ្សេងទៀតដែលបានប៉ះពាល់ដោយផ្ទាល់ឬដោយប្រយោលពីព្រឹត្តិការណ៍ដែលខ្ញុំសូមដាក់ឈ្មោះថា(ព្រឹត្តិការណ៍៣វិច្ឆិកា)»។
នាយករដ្ឋមន្រ្តីលើកឡើងទៀតថា ព្រឹត្តិការណ៍៣វិច្ឆិកា ដែលជាថ្ងៃមានមន្រ្តីជាន់ខ្ពស់កម្ពុជាជាច្រើន រួមទាំងអ្នកសារព័ត៌មានផង បានប៉ះពាល់ជាមួយរដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី នឹងត្រូវបិទបញ្ចប់នៅក្រោយពេលដែលមនុស្សប្រមាណ៩០០នាក់ដឹងថាអវិជ្ជមាននៅប្រមាណ៣សប្តាហ៍ទៀត។
ប៉ុន្តែសម្ដេចថា ដើម្បីកុំឱ្យមនុស្សកើនឡើងដោយសារប៉ះពាល់ប្រយោលជាមួយរដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រីនេះ គឺតម្រូវឱ្យអ្នកដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវចេញទៅជួបជាមួយមនុស្សផ្សេងទៀតឡើយ ហើយប្រសិនជួបជាមួយអ្នកណា ត្រូវយកអ្នកនោះមកធ្វើតេស្តនិងធ្វើចត្តាឡីស័កថែមទៀតដែលនឹងធ្វើឱ្យកាន់តែលំបាកប្រើពេលកាន់តែយូរនិងមនុស្សកាន់តែច្រើន។
នាយករដ្ឋមន្រ្តីថា៖«ដើម្បីបញ្ចៀសករណីដូចដែលខ្ញុំលើកឡើងខាងលើ ខ្ញុំសុំចេញបទបញ្ជាអោយក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាលពិនិត្យតាមដានគ្រប់មនុស្សដែលបាននិងកំពុងធ្វើចត្តាឡីស័ក ប្រសិនពួកគាត់អនុវត្តមិនបានត្រឹមត្រូវក្នុងការធ្វើចត្តាឡីស័កតាមផ្ទះទេ សូមអញ្ជើញពួកគាត់ទៅធ្វើចត្តាឡីស័កតាមទីកន្លែងដែលរៀបចំដោយក្រសួងសុខាភិបាល ដោយមានការយាមកាមពីកម្លាំងនគរបាលឬកងរាជអាវុធហត្ថអោយបានហ្មត់ចត់»។
លោកបញ្ជាក់ថា នេះគឺជាគន្លឹះក្នុងការឈានទៅបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកាឱ្យបានឆាប់ និងដើម្បីកុំឱ្យកម្ទេចភ្លើងក្លាយជាអគ្គីភ័យតាមរយៈការធ្វេសប្រហែសរបស់អ្នកធ្វើចត្តាឡីស័ក៕
- ធនាគារប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធី «បរិស្ថានស្អាត សុខភាពល្អ» ទូទាំងប្រទេស - នៅថ្ងៃទី 13/12/2022
- តើធនាគារ SME ដើរតួនាទី យ៉ាង សំខាន់អ្វីខ្លះដល់សហគ្រាសធុនតូច និងមធ្យម? - នៅថ្ងៃទី 02/12/2022
- ការថែទាំស្រ្តីក្រោយពេលសម្រាល - នៅថ្ងៃទី 01/12/2022