
ក្រុមហ៊ុនម្សៅទឹកដោះគោNutrilattចង់ផ្ដល់សំណងតែ១ពាន់ដុល្លារក្នុង១គ្រួសារប៉ុន្តែឪពុកម្ដាយមិនព្រម
គ្រួសារកុមាររងគ្រោះដោយសារម្សៅទឹកដោះគោ Nutrilatt ទាំង២៤គ្រួសារ មិនយល់ព្រមទទួលយកសំណងដែលក្រុមហ៊ុនចង់ផ្តល់ឲ្យត្រឹមតែ១ពាន់ដុល្លារក្នុងមួយគ្រួសារឡើយ និងបានអះអាងថា ពួកគាត់បានសម្រេចបញ្ជូនសំណុំរឿងទៅដោះស្រាយនៅតុលាការ។
លោកស្រី ពៅ រតនា ជាម្តាយកុមាររងគ្រោះម្នាក់បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី៩វិច្ឆិកានេះថា ដំបូងឡើយខាងឪពុកម្ដាយទាំង២៤គ្រួសារ បានដាក់ពាក្យប្តឹងខាងក្រុមហ៊ុន ប៉ុន្តែត្រូវបានខាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំរបស់ក្រសួងពាណិជ្ជកម្ម ព្យាយាមសម្រួលឲ្យភាគីក្រុមហ៊ុននិងក្រុមឪពុកម្ដាយដោះស្រាយគ្នាក្រៅផ្លូវច្បាប់សិន ប៉ុន្តែក្នុងអំឡុងដោះស្រាយក្រៅផ្លូវច្បាប់នោះ បែរខាងក្រុមហ៊ុនទាក់ទងដោះស្រាយតែ២គ្រួសារ ហើយសម្រេចបិទបញ្ចប់កិច្ចចរចារទៅវិញ។
លោកស្រីថា៖«ចំពោះខ្ញុំផ្ទាល់គិតថា ខាងក្រុមហ៊ុនគឺមិនបានផ្តល់តម្លៃ និងការគោរព ក៏ដូចជាទំនុកចិត្តក្នុងការទទួលខុសត្រូវចំពោះអតិថិជនខ្លួនឡើយ»។
ពលរដ្ឋទាំង២២គ្រួសារនេះ គឺខ្លះទាមទារសំណងពីក្រុមហ៊ុនក្នុងមួយគ្រួសារប្រហែល៧ម៉ឺនដុល្លារ។
លោកស្រី ពៅ រតនា បន្ថែមថា មូលហេតុមិនទទួលយកសំណង១ពាន់ដុល្លារនេះ ដោយសារក្នុងអំឡុងពេលកូនឈឺ គឺបានចំណាយអស់ច្រើន និងខាតទវេលាធ្វើការ ថ្លៃបំប៉នសុខភាពកូនឡើងវិញ និងថ្លៃចំណាយផ្សេងៗទៀត ជាពិសេសគឺប៉ះទង្គិចផ្លូវអារម្មណ៍ខ្លាំង។
ចំណែកលោក សៅ សីហា ដែលមានកូនរងគ្រោះដែរនោះបានលើកឡើងថា ខាងក្រុមគ្រួសារបានទុកពេលឲ្យក្រុមហ៊ុនលើសពីមួយខែក្នុងការដោះស្រាយ និងសម្របសម្រួលគ្នាក្រៅផ្លូវតុលាការ ប៉ុន្តែក្រុមហ៊ុនទាក់ទងទៅតែ២គ្រួសារ ហើយការផ្តល់សំណងមិនសាកសមអ្វីដែលខាងឪពុកម្ដាយត្រូវទទួលបាន។
លោកថា៖«ដូចនេះយើងក៏សម្រេចផ្តល់ការងារនេះទៅខាងតុលាការជាអ្នកសម្រេច និងដោះស្រាយតាមរដ្ឋប្បវេណី និងតាមផ្លូវច្បាប់។ សំណងដែលយើងចង់បាន គឺជាសំណងបែបវិទ្យាសាស្ត្រ មានន័យថាពេលនេះ យើងមើលមិនទាន់ដឹងថា បញ្ហាកង្វះជាតិដែកវាធ្វើឲ្យប៉ះពាល់ភ្លាមៗនោះទេ។ តែវាធ្វើឲ្យប៉ះពាល់រហូតដល់កុមារដល់អាយុចូលរៀន។ ហើយយើងមិនអាចដឹងថាពួកគាត់ ក្រិនបញ្ញា ឬក៏មានបញ្ហាអីផ្សេងទៀតក្នុងរយៈពេលពួកគាត់មានបញ្ហា រហូតដល់គាត់មានអាយុចូលរៀន»។
ប៉ុន្តែខាងអ្នកតំណាងក្រុមហ៊ុនបានប្រាប់សារព័ត៌មានខ្មែរណាស់ខ្លីថា ខាងក្រុមហ៊ុនកំពុងបន្តដោះស្រាយបញ្ហានេះហើយ។
ក្រសួងពាណិជ្ជកម្មបានប្រកាសឲ្យឈប់នាំចូល និងចែកចាយម្សៅទឹកដោះគោប្រភេទ Nutrilatt កាលពីថ្ងៃទី ៣កញ្ញា ក្រោយពីបានរកឃើញថា ម្សៅទឹកដោះគោនេះ មានជាតិដែកតិចបំផុតខុសពីស្តង់ដារអន្តរជាតិ ដែលបង្ករឲ្យកុមារជា មានអាការៈស្លេកស្លាំង និងធ្វើឱ្យប៉ះពាល់ការអភិវឌ្ឍន៍ផ្នែកខួរក្បាល សតិបញ្ញ ស្មារតី ការអភិវឌ្ឍន៍ផ្នែករាងកាយ និងការអភិវឌ្ឍន៍ផ្នែកអារម្មណ៏មនោសញ្ចេតនា និងទំនាក់ទំនងជាមួយមនុស្សដ៏ទៃនៅក្នុងសង្គមជាដើម៕
ដោយ៖ អ៊ីសា ហាសាណះ
- ក្រុមការងារសម្របសម្រួល និងតំណាងអង្គការ Global Life Sharing របស់កូរ៉េ ចុះពិនិត្យមើលទីតាំងគម្រោងបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ - នៅថ្ងៃទី 13/07/2022
- សន្និសីទថ្នាក់ខេត្តរវាងអាជ្ញាធរតំណាងរដ្ឋាភិបាល យុវជន និងសហគ្រិនស្ត្រីមកពីខេត្តចំនួន៦នៅខេត្តសៀមរាប - នៅថ្ងៃទី 09/07/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022