ការស្រាវជ្រាវរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីដើមឆ្នាំ២០២០បង្ហាញថា បារីនាំចូល២៨ភាគរយដែលកំពុងដាក់លក់នៅលើទីផ្សារកម្ពុជា មិនមានបិទតែមប្រិ៍ពន្ធរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករនោះទេ។ បារីទាំងនោះមានបារីម៉ាក ESSE Hero Oris និងGold Seal ជាដើម។

តាមការចុះសម្ភាសន៍របស់អង្គការចលនាដើម្បីសុខភាពកម្ពុជាជាមួយអាជីវករឲ្យដឹងថា បារីដែលមិនមានតែមប្រិ៍ពន្ធទាំងនោះបានមកពីការចែកចាយរបស់ភ្នាក់ងារក្រុមហ៊ុនបារី និងពីការទិញផ្ទាល់នៅតាមដេប៉ូបោះដុំ។ អាជីវករលក់បារីបានប្រាប់ថា ភ្នាក់ងារក្រុម​​ហ៊ុនបារីតែងតែចែកចាយបារីដល់ពួកគាត់ជាប្រចាំ ហើយពេលដែលមិនមានភ្នាក់​ងារក្រុមហ៊ុនមក ពួកគាត់ទៅទិញផ្ទាល់នៅដេប៉ូលក់ដុំ។

លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មន្ត្រីបច្ចេកទេសត្រួតពិនិត្យផលិតផលថ្នាំជក់នៃអង្គការសុខភាពពិភពលោក មានប្រសាសន៌ថា បារីមិនមានបិទតែមប្រិ៍ពន្ធគឺជាបារីខុសច្បាប់។ បារីខុសច្បាប់គឺជាឧបសគ្គដ៏ធំមួយនៃកិច្ចការត្រួតពិនិត្យថ្នាំជក់នៅកម្ពុជា ព្រោះវាមិនត្រឹមតែធ្វើឲ្យខាតបង់ចំណូលពន្ធរដ្ឋនោះទេ ព្រមទាំងធ្វើឲ្យពលរដ្ឋប្រឈមនឹងជំងឺដែលបង្កពីការជក់បារីកាន់តែច្រើន ដោយសារតែការប្រើប្រាស់ថ្នាំជក់កើនឡើង។

ការស្រាវជ្រាវរបស់អង្គការ UNDP FCTC WHO និង RIT International បានបង្ហាញថា បារីដែលមិនបានបង់ពន្ធ បានរួមចំណែកធ្វើឲ្យបាត់បង់ចំណូលពន្ធរបស់រដ្ឋាភិបាល។ ប្រសិនបើរដ្ឋាភិបាល ទប់ស្កាត់បារីគេចពន្ធឲ្យមានប្រសិទ្ធភាព នោះកម្ពុជានឹងទទួលបាន​ចំណូលពន្ធចំនួន ៧ភាគរយ បន្ថែមពីលើពន្ធដែលប្រមូលបានពីពន្ធថ្នាំជក់នាពេលបច្ចុប្បន្ន។

ការប្រើប្រាស់ថ្នាំជក់បង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ និងបង្កឲ្យ​ខាតបង់សេដ្ឋកិច្ច។ ក្នុងមួយឆ្នាំៗប្រជាពលរដ្ឋកម្ពុជាប្រមាន ១៥០០០ នាក់បានស្លាប់ដោយសារជំងឺដែលបង្កពីការប្រើប្រាស់ថ្នាំជក់ និងខាតបង់ថវិកាប្រមាណ៦៥៦លានដុល្លារអាមេរិក៕