
ក្រសួងសារធារណការ និងដឹកជញ្ជូន បានព្រមានបញ្ឈប់អាជីវកម្ម១ឆ្នាំលើម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន បើនៅតែបន្តដឹកជញ្ជូនលើសកំណត់ ក្នុងករណីទទួលរងការពិន័យម្ដងហើយ និងនៅតែបន្តល្មើស។
សេចក្ដីជូនដំណឹងនៅថ្ងៃទី២ ខែវិច្ឆិកានេះ បានបញ្ជារឲ្យប្រធានស្ថានីយជញ្ជីងអចល័ត និងប្រធានជញ្ជីងចល័តចាត់វិធានការតាមបទប្បញ្ញាត្តិដែលចែងក្នុងមាត្រា៦០ នៃច្បាប់ផ្លូវថ្នល់ ចំពោះរថយន្តធន់ធ្ងន់ដែលបើកបរលើសទម្ងន់២០ភាគរយ នឹងត្រូវដកបណ្ណបើកបរ និងព្យួរទុករយៈពេល២ឆ្នាំ។
ចំពោះរថយន្តនឹងត្រូវឃាត់ទុក១ឆ្នាំ នៅទីតាំងណាសមស្រប ហើយម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការទុកដាក់ទំនិញ និងបង់ថ្លៃឈ្នួលទុកដាក់ថែទាំទំនិញដោយខ្លួនឯង។ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ ដែលរងនូវការពិន័យអន្តរការណ៍ដូចមានចែងក្នុងចំណុចទី២ ខាងលើត្រូវសហការ ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត ក្នុងការលើកដាក់ទំនិញនិងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯងរហូតមានការសម្រេចជាថ្មី។
ចំពោះមន្ត្រីមានសមត្ថកិច្ច ស្ថានីយជញ្ជឹងអចល័ត និងជញ្ជីងចល័តក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអនុញ្ញាតឱ្យរថយន្តផ្ទុក លើសទម្ងន់ នឹងត្រូវទទួលទណ្ឌកម្មវិន័យដូចមានចែងក្នុងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការ ឬករណីធ្វើឱ្យផ្លូវថ្នល់ ស្ពាន សំណង់ ខូចខាតធ្ងន់ធ្ងរ ត្រូវផ្តន្ទាទោស។ សេចក្តីជូននេះមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ។
លោក គង់ រតនៈ នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៌ផ្លូវគោក គាំទ្រចំពោះវិធានការរបស់ក្រសួងសាធារណការ ជុំវិញការរឹតបន្តឹងឡើងវិញលើម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបរថយន្តធុនធ្ងន់ដែលបន្តដឹកជញ្ជូនលើសទម្ងន់ ដើម្បីកាត់បន្ថយការខូចខាត់ផ្លូវនេះ ប៉ុន្តែលោកហាក់មិនសង្ឃឹមថា ចំណាត់ការនេះអាចអនុវត្តមិនទទួលបានជ័យ។
លោក ថា៖«អ្វីដែលគាត់(ក្រសួងសារធារណការ) លើកឡើងគឺជារឿងល្អ ក៏ប៉ុន្តែការអនុវត្តបានឬមិនបានគឺយើងមិនទាន់អាចវាយតម្លៃបានទេ។ ដូច្នេះ យើងរងចាំមើល ព្រោះថាចំណាត់ការនេះមិនមែនជាលើកទី១នោះទេ ហើយការដឹកជញ្ជូនលើទម្ងន់យើងឃើញនៅតែមាន»៕
- ដើម្បីកសាងសមត្ថភាព និងរួមចំណែកកសាងប្រព័ន្ធសុខាភិបាលឯកជនឌីជីថល សមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា ចុះអនុស្សរណៈយោគយល់ ជាមួយកម្មវិធី ពេទ្យយើង - នៅថ្ងៃទី 20/05/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា (ប្រកាសឡើងវិញ) - នៅថ្ងៃទី 18/02/2022
- ឱកាសការងារនៅអង្គភាពសារព័ត៌មានឌីជីថល ខ្មែរណាស់ - នៅថ្ងៃទី 03/11/2021