នៅថ្ងៃទី២៧តុលានេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះតំបន់មួយចំនួនដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងខេត្ត​សៀមរាប ដើម្បី​ចែកពូជស្រូវនិងពូជបន្លែដើម្បីឱ្យកសិករដាំដំណាំកសិកម្មឡើងវិញក្រោយផុតទឹកជំនន់។

មន្ទីរកសិកម្មខេត្តសៀមរាបបានរាយការណ៍ថា ទឹកជំនន់នៅខេត្តនេះបានធ្វើឲ្យប៉ះពាល់ដំណាំស្រូវចំនួន ១២ ៨៨៣ ហិកតា ក្នុងស្រុកចំនួន៧ និងឃុំចំនួន២៥ ។

ទំព័រហ្វេសប៊ុករបស់លោក វេង សាខុន បានបង្ហោះរូបភាពជាច្រើនដែលលោកបានទៅ​ជួប​ជាមួយកសិករនៅខេត្តសៀមរាប និងបានសរសេរបង្ហោះទៀតថា តាមគ្រោងទុកកាលពីសប្តាហ៍កន្លងទៅ និងបន្ទាប់ពីទទួលបានអនុសាសន៍ពីនាយករដ្ឋមន្រ្តី លោកនិង​មន្រ្តីក្រសួងកសិកម្ម បានចេញបេសកកម្មចាំបាច់បន្ទាន់មួយចាប់ផ្ដើមពីព្រឹកថ្ងៃទី២៧ ដល់​ថ្ងៃទី៣០ខែតុលា។

ទំព័រហ្វេសប៊ុកបន្តថា៖«ដោយចាប់ផ្តើមដំបូងពីខេត្តសៀមរាបនៅថ្ងៃ ទី២៧ ខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៨ ខេត្តបាត់ដំបងនៅថ្ងៃទី២៩ និងចុងក្រោយគឺខេត្តពោធិសាត់នៅថ្ងៃទី៣០ ក្នុងគោលបំណងចុះមកវាយតម្លៃលើផលប៉ះពាល់ និងខូចខាតជារួមនៃដំណាំស្រូវ​ ដំណាំរួមផ្សំ ដោយសារជំនន់ទឹកភ្លៀង និងនាំយកពូជស្រូវ ពូជដំណាំ និងពូជត្រី និងកង្កែបទៅចែកជូនប្រជាកសិករតាមខេត្តគោលដៅទាំង៤»។

លោក វេង សាខុន ក៏បានណែនាំឲ្យមន្រ្តីកសិកម្មជួយអន្តរាគមន៏ទៅធនាគារលើករណីពន្យារបង់ប្រាក់ធនាគារដល់កសិករ ដោយផ្អែកតាមហេតុផលជាក់ស្ដែង ពិសេសតាមការអំពាវ​នាវរបស់សម្តេច ហ៊ុន សែន ដែលស្នើឲ្យធនាគារពន្យារពេលសងប្រាក់សម្រាប់ពល​រដ្ឋ​រងគ្រោះទឹកជំនន់។

កាលពីថ្ងៃទី២៦តុលា នាយករដ្ឋមន្រ្តីបានបញ្ជារឲ្យរដ្ឋមន្រ្តី៤រូប រួមមានលោក ស៊ុន ចាន់​ថុល រដ្ឋមន្រ្តីក្រសួងសារធារណៈការ និងដឹកជញ្ជូន លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ និងលោក វេង សាខុន ឱ្យចុះដោះស្រាយបញ្ហាស្ដាឡើងវិញបន្ទាន់ក្រោយពេលទឹកជំនន់ស្រក។

នាយករដ្ឋមន្រ្តីព្រមានថា៖«កុំរង់ចាំមន្ទីររាយការណ៏មកភ្នំពេញ យើងទៅតែម្ដង។ ចាត់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការចុះតាមគោលដៅ។ អ៊ីចឹង!ត្រូវធ្វើសកម្មភាពក្នុងល្បឿនមួយលឿន កុំឲ្យពលរដ្ឋលំបាកម្ដងហើយម្ដងទៀត! ខ្ញុំចាំមើល បើសិនកន្លែងណាយឺតខ្ញុំ(សម្ដេច ហ៊ុន សែន) នឹងចុះទៅកន្លែងហ្នឹង។ ចាំមើល! រដ្ឋមន្រ្តីធ្វើមុខយ៉ាងមេច ព្រោះថវិការមាន»។

នៅថ្ងៃទី២៧តុលានេះ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានដឹងនាំកម្លាំងជួសជុលបន្ទាន់ផ្លូវមួយចំនួននៅខេត្តពោធិ៍សាត់ ខណៈលោក ចាន់ យុត្ថា រដ្ឋលេ​ខា​ធិការក្រសួងធនធានទឹក បានចុះពិនិត្យការងារទប់ទំនប់បាសាក់ នៅឃុំបាសាក់ ស្រុករុក្ខគិរី នៅក្នុងខេត្តបាត់ដំបង ដែលបានបាក់ដាច់កាលជំនន់ទឹកភ្លៀងកន្លងមក។

គិតចាប់តាំងពីថ្ងៃទី១ដល់ថ្ងៃទី២៧តុលានេះ គ្រោះទឹកជំនន់នៅកម្ពុជាបានធ្វើឲ្យមនុស្ស​៤៣ នាក់ស្លាប់ និងខេត្តក្រុងចំនួន ១៩ ទទួលរងជំនន់ទឹកភ្លៀង ផ្ទះជាង១៣ម៉ឺនខ្នងរងការខូចខាត់ ប៉ះពាល់សន្ទូង និងផលដំណាំពលរដ្ឋជាង ៣៦ម៉ឺនហិកតា សាលារៀនលិចទឹក​ប្រមាណ៩៥១ ខ្នង វត្តជាង ៣០០ខ្នង។ ផ្លូវជាតិ ផ្លូវខេត្ត និងគ្រួសក្រហម ៦២៧​គីឡូ​ម៉ែត្រ ផ្លូវជនបទលិចទឹកប្រមាណ១៦៨៥ គីឡូម៉ែត្រ ទំនប់ ៤៩គីឡូម៉ែត្រ ប្រឡាយមេ និង​រង ជាង៥០០គីឡូម៉ែត្រ ប្រឡាយស្រោចស្រប ១៤៦ គីឡូម៉ែត្រ៕

ដោយ៖ឈុំ ចន្ថា