
លោក អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្អឺបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២៧តុលានេះថា សិស្សចំនួន១៧នាក់នៅសាលាបឋមសិក្សាសិរីអង្គនាល ស្ថិតក្នុងភូមិចេក ឃុំស្វាយចចិប ស្រុកបសេដ្ឋ បានពុលចំណីអាហារតាំងពីម៉ោង៣ថ្ងៃមិ្សលមិញ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្វាយឃុំចចិប។
លោកបន្តថា ក្មេងទាំងនោះពុល គឺបន្ទាប់ពីពួកគេបាននាំគ្នាទៅទិញនំចំណីក្រៅសាលាមកទទួលទាន ប៉ុន្តែមិនដឹងថា ជាចំណីអាហារប្រភេទណាឡើយ។ លោកបញ្ជាក់ថា មកដល់ថ្ងៃទី២៧តុលានេះ សិស្សទាំងនោះបានធូរស្បើយ និងបាននាំគ្នាត្រឡប់ទៅផ្ទះវិញហើយ។
ចំណែកលោកលោក ជា ស៊ិនថៃ មេឃុំស្វាយចចិបបានប្រាប់ដែរថា មកដល់ពេលនេះមិនទាន់ដឹងពីមូលហេតុច្បាស់ដែលនាំឲ្យកុមារទាំងនោះបានពុលនៅឡើយទេ ប៉ុន្តែលោកថា ក្នុងចំណោមកុមារទាំងនោះ គឺអ្នកខ្លះបានទិញប្រហិត ខ្លះហូបនំកញ្ចប់ ហើយអ្នកខ្លះទៀតទិញបាយទៅទទួលទាន។
លោកបញ្ជាក់ថា សិស្សដែលពុលចំណីអាហារទាំងនោះមានអាយុចន្លោះពី៥ដល់៦ឆ្នាំ។
កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ក្រសួងអប់រំបានចេញសេចក្ដីណែនាំហាមកលក់ចំណីអាហារមួយចំនួននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពសិស្ស។
ចំណីហាមឃាត់ទាំងនោះ មានដូចជាចំណីអាហារហួសកំណត់កាលបរិច្ឆេទ គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែមខ្លាំង កាហ្វេ ការ៉េម ទឹកស៊ីរ៉ូប៍គ្រប់ប្រភេទ ស្ករសូកូឡា ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ និងចាហួយគ្រប់ប្រភេទ នំដូណាត់ នំផ្អែមខ្លាំង។
ជុំវិញការពុលចំណីអាហារសិស្សទាំង១៧នេះ ត្រូវបានលោក មិច ម៉ាត ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកបសេដ្ឋ បានប្រាប់ថា ពេលចេញលេងក្មេងៗទាំងនោះ បានរត់ចេញទៅទិញអាហារនៅក្នុងវត្តដែលកំពុងរៀបចំបុណ្យកឋិនយកទទួលទាន ដោយសារនៅក្នុងសាលាមិនទាន់មានអ្នកលក់ចំណីអាហារវិញនៅឡើយ តាំងពីការផ្ទុះជំងឺកូវីដ
លោកថា៖«មិនដឹងថាអាហារប្រភេទណាខ្លះទេ ដែលដាក់លក់នៅក្នុងវត្ត ព្រោះជិតបុណ្យកឋិន។ មកដល់ពេលនេះ មិនទាន់ដឹងថាមូលហេតុច្បាស់ទេ ដែលនាំឲ្យកុមារពុល ព្រោះគាត់ទៅហូបនៅខាងក្រៅ ដោយមិនស្ថិតក្រោមការត្រួតពិនិត្យច្បាស់លាស់»។
លោកបានបញ្ចាក់ថា នេះជាលើកទីមួយហើយដែលមានសិស្សសាលាពុលអាហារនៅក្នុងស្រុកបសេដ្ឋ៕
- ក្រុមការងារសម្របសម្រួល និងតំណាងអង្គការ Global Life Sharing របស់កូរ៉េ ចុះពិនិត្យមើលទីតាំងគម្រោងបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ - នៅថ្ងៃទី 13/07/2022
- សន្និសីទថ្នាក់ខេត្តរវាងអាជ្ញាធរតំណាងរដ្ឋាភិបាល យុវជន និងសហគ្រិនស្ត្រីមកពីខេត្តចំនួន៦នៅខេត្តសៀមរាប - នៅថ្ងៃទី 09/07/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022