រូបភាព/ ហ្វេសបុក

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានស្នើកាត់ដីចំនួន៣០២ហិកតាស្ថិតភូមិចំនួន៥ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ឲ្យមកខណ្ឌដង្កោគ្រប់គ្រង ដើម្បីផ្ដល់ភាពងាយស្រួលដល់ការអនុវត្តប្លង់មេសម្រាប់អភិវឌ្ឍន៏ទីក្រុងរណបបឹងទំពុននិងបឹងជើងឯក។
លិខិតដាក់ជូន សម្ដេច សាយ ឈុំ ប្រមុខរដ្ឋមន្រ្តីស្ដីទី កាលពីថ្ងៃទី១៩ ខែតុលា ដីដែលត្រូវកាត់ទាំង៣០២ហិកតានោះ គឺស្ថិតក្នុងភូមិស្ទឹងជ្រៅ និងភូមិព្រែកតាពៅ របស់សង្កាត់ដើមមៀន ភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ភូមិព្រៃឡុង នៃសង្កាត់តាក្តុល និងភូមិ​បត្តាជី នៃសង្កាត់ព្រែកហូរ ដែលមានផ្ទះសរុប១៣៩ខ្នង ស្មើ១៧៧គ្រួសារ និងពលរដ្ឋចំនួន​៧៥៣នាក់ឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខណ្ឌដង្កោ រាជធានី ភ្នំពេញ។
លិខិតដដែល ក៏បានស្នើសុំកាត់ផ្ទៃដីទំហំ២ហិកតា៥១៥ម៉ែត្រការ៉េ ជាចំណែកដីវត្តបុទុមសាគរ នៅវត្តទួលក្របៅ ពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ឲ្យមកសង្កាត់ដើម​មៀន​ ក្រុងតាខ្មៅ វិញដើម្បីឲ្យដីវត្តទាំងមូលស្ថិតក្នុងការគ្រប់គ្រងរបស់រដ្ឋបាលតែមួយ និង ងាយស្រួលចុះបញ្ជីវិញ្ញាញបនបត្រសម្គាល់អចលនវត្ថុ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃរសៀលថ្ងៃទី២៦តុលាថា ការកាត់៣០២ហិកតាពីក្រុងតាខ្មៅឲ្យរាជធានីភ្នំពេញ គឺមិនផ្ដល់ផលប៉ះពាល់ដល់ពលរដ្ឋមូលដ្ឋានដោយជម្លៀសចេញដោយដីទៅអភិវឌ្ឍន៍នោះទេ ផ្ទុយទៅវិញពលរដ្ឋនឹងទទួលបានផលប្រយោជន៌ច្រើន ដូចជាសេវាសាធារណៈ ការអភិវឌ្ឍន៏ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

លោកថា៖« សម្ដេចនាយករដ្ឋមន្រ្តី ធ្លាប់លើកឡើងថា កាលណាមានការអភិវឌ្ឍបន្តបន្ទាប់គឺត្រូវពង្រីកព្រំប្រទល់ខេត្តកណ្ដាល និងរាជធានីភ្នំពេញដើម្បីងាយស្រួលសិក្សាជាកញ្ចប់ ដែលមានស្ពាន ផ្លូវ ថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលមានស្រាប់ និងបំពាក់បន្ថែម ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ដែលកាត់កន្លងមកគឺអ៊ីចឹង»។

កាលពីព្រឹកថ្ងៃទី២៦តុលានេះ សម្ដេច ហ៊ុន សែន ក៏បានលើកឡើងថា ការកាត់ដីខេត្តកណ្ដាលមួយចំនួនចូលក្រុងភ្នំពេញ ដើម្បីពង្រីកផ្ទៃដីទីក្រុងនិងការអភិវឌ្ឍន៏ជាទីក្រុង​រណបថ្មី។

សម្ដេចថា៖« ការកាត់ដីមួយចំនួនពីខេត្តកណ្ដាល ដែលពីដើមជាព្រំប្រទល់ឲ្យមកទីក្រុងភ្នំពេញ ព្រោះពេលនោះទីក្រុងរបស់យើងមានផ្ទៃដីត្រឹមតែ៣០០គីឡូម៉ែត្រការ៉េប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះទីក្រុងភ្នំពេញរបស់យើងមានផ្ទះដីជាង៦០០គីឡូម៉ត្រែការ៉េ។ អ៊ីចឹង!យើងអាចនិយាយបានថាទីក្រុងមួយនេះវារីកទាំងទំហំនិងជម្រៅ(អភិវឌ្ឍន៏)»៕

ដោយ ឈុំ ចន្ថា