លោក តាន់ ពិសិដ្ឋ មេប៉ុស្ដិ៍នគរបាលឃុំបិតត្រាំង ស្រុកព្រៃនប់ និងប្រជាការពារចំនួន​៤​នាក់ទៀត ដែលបានព្រួតគ្នាវាយពលរដ្ឋម្នាក់ឈ្មោះ ទឹម ចំរ៉ុង អាយុ៣៧ឆ្នាំ បណ្ដាលឱ្យរងរបួសបែកឈាមមាត់កាលពីថ្ងៃ២៥តុលាដោយសារកើតមានជម្លោះពាក្យសម្ដីនឹងគ្នានោះ គឺបានសុំទោសទៅបុរសរងគ្រោះ ដើម្បីបញ្ចប់រឿងកុំឱ្យមានការប្ដឹងផ្ដល់ទៅតុលាការ។

ទំព័រហ្វេសប៊ុករបស់ស្នងការនគរបាលខេត្តព្រះសីហុនបានបញ្ជាក់ថា បន្ទាប់ពីមានការបង្ហោះលើហ្វេសប៊ុកអំពីមេប៉ុស្ដិ៍វាយបុរសម្នាក់ឱ្យរងរបួសនោះ លោក ជួន ណារិន្ទ ស្នងការ​នគរ​បាលខេត្ត បានបញ្ជារឱ្យលោក ហួរ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ ឱ្យដឹកនាំកម្លាំង​ចុះទៅស្រាវជ្រាវជាបន្ទាន់ និងបានរកឃើញថា ជម្លោះ​នោះបានកើតឡើងនៅយប់ថ្ងៃទី២៥តុលា បន្ទាប់ពីឈ្មោះ​ទឹម ចំរ៉ុង បានហៅទូរស័ព្ទទៅ តាន់ ពិសិដ្ឋ ហើយបានទាស់សម្ដីគ្នារហូតឈានណាត់ជួបគ្នា។

ទព័រហ្វេសប៊ុកនោះបន្តថា៖«ឈ្មោះ តាន់ ពិសិដ្ឋ និង ឈ្មោះ ទឹម ចំរ៉ុង ឈានដល់ការជួបគ្នាបង្កការប្រវាយប្រតប់គ្នារ រហូតមានកម្លាំងប្រជាការពារចំនួន០៤នាក់ចូលមកឃាត់ និងបានវាយទៅលើឈ្មោះ ទឹម ចំរ៉ុង បណ្តាលឲ្យរងរបួសស្រាលតែម្តង»។

ក្រោយមានករណីនេះ លោក ហួរ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានកោះហៅភាគីទាំងពីរមកសម្របសម្រួលគ្នានៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរាម ហើយលោក តាន់ ពិសិដ្ឋ យល់ព្រមទទួលស្គាល់កំហុស និងសុំ ទោសលោក ទឹម ចំរ៉ុង ព្រមទាំងបានធ្វើកិច្ចព្រមព្រៀង​​បញ្ចប់ជម្លោះ ដោយសន្យាថានឹងមិនប្តឹងផ្តល់បន្តទៀតនោះទេ ដោយសារតែកំហុសគ្រប់យ៉ាងកើតចេញពីការយល់ច្រឡំប៉ុណ្ណោះ។

លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានបញ្ជាឲ្យកោះហៅឈ្មោះ តាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំងមកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្តអំពើខុសឆ្គងបន្តទៀត៕