របាយការណ៍ប្រចាំឆ្នាំ២០១៨ចេញផ្សាយដោយអង្គការសុខភាពពិភពលោក(WHO)នៅពាក់កណ្ដាលខែវិច្ឆិកាបង្ហាញថា អត្រាមនុស្សអត់ឃ្លាននៅក្នុងពិភពលោកនៅតែបន្តកើនឡើង ហើយគិតមកដល់ត្រឹមឆ្នាំ២០១៧ នេះ មនុស្សជួបការអត់ឃ្លានបានឈានដល់ចំនួន៨២១លាននាក់។

ចំនួននៃអ្នកអត់ឃ្លាននេះ គឺបានកើនឡើងវិញនៅក្នុងរយៈពេលប្រហែល៣ឆ្នាំចុងក្រោយ ហើយគេកំពុងព្រួយបារម្ភថា ប្រសិនបើនៅតែគ្មានវិធានការបន្ថែមនិងជាបន្ទាន់ទេនោះ វានឹងធ្វើឱ្យប៉ះពាល់គោលដៅរបស់ពិភពលោក ដែលចង់លុបបំបាត់ឱ្យអស់នូវអ្នកអត់ឃ្លានត្រឹមឆ្នាំ២០៣០ខាងមុខ។

ស្ថានភាពនៃអត់ឃ្លានច្រើនឬធ្ងន់ធ្ងរជាងគេ គឺស្ថិតនៅតំបន់អាមេរិកខាងត្បូង និងតំបន់ភាគច្រើនរបស់អាហ្វ្រិក ស្របពេលការលុបបំបាត់ចំនួននៃអ្នកអត់ឃ្លាននៅអាស៊ី ហាក់ធ្លាក់ចុះជាងមុនគួរឱ្យកត់សម្គាល់។

របាយការណ៍ប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិបានរកឃើញថា ការប្រែប្រួលអាកាសធាតុដែលធ្វើឱ្យប៉ះពាល់រដូវកាលធ្លាក់ភ្លៀងទៀងទាត់និងការបង្កបង្កើតផល ហើយបញ្ហាគ្រោះរាំងស្ងួតនិងទឹកជំនន់ ព្រមទាំងជម្លោះប្រដាប់អាវុធ និងការលូតលាស់ផ្នែកសេដ្ឋកិច្ចយឺតយ៉ាវ គឺសុទ្ធតែស្ថិតក្នុងចំណោមបញ្ហាសំខាន់ៗ ដែលនាំឱ្យមានការកើនឡើងចំនួនអ្នកអត់ឃ្លាននៅទូទាំងពិភពលោកនៅពេលនេះ៕