អាជ្ញាធរប្រទេសឡាវបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្លួនកុំឱ្យមានការភិតភ័យ ថ្វីត្បិតការផ្ទុះឡើងនៃជំងឺប៉េស្ដជ្រូកអាហ្វ្រិកបានរាលដាលដល់ខេត្តចំនួន៧នៅភាគខាងជើងនៃប្រ​ទេស​ក៏ដោយ។

យោងតាមរបាយការណ៍ពីក្រសួងកសិកម្មនិងរុក្ខាប្រមាញ់ឡាវបានអះអាងថា សត្វជ្រូកចំនួន ២ ១៩៨ ក្បាលបានងាប់ចាប់ពីខែមិថុនាដល់ខែតុលានេះ។ ការផ្ទុះឡើងជំងឺនេះ គឺបានចាប់ផ្តើមនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វជ្រូកលក្ខណៈគ្រួសារតូចៗ ដោយសារប្រើប្រាស់វិធីធ្វើកសិកម្មតាមប្រពៃណី។

លោក Bounkhouang Khambounhueng អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងរុក្ខាប្រ​មាញ់​ឡាវបាននិយាយថា៖«អ្នកបរិភោគគួរតែដឹងថា ពួកគេអាចបន្តបរិភោគសាច់ជ្រូកដោយសុវត្ថិភាពដដែល ប្រសិនបើវាត្រូវបានចម្អិនឱ្យបានល្អ។ខ្ញុំសូមជម្រុញឱ្យអ្នករាល់គ្នាកុំឲ្យ​ភ័យ​ស្លន់ស្លោ»។

ប្រទេសឡាវបានរាយការណ៍ពីករណីជំងឺប៉េស្ដជ្រូកដំបូងបង្អស់ នៅខែឧសភាដល់ខែវិច្ឆិកាឆ្នាំមុន ដោយបានកើតឡើងនៅក្នុងភូមិចំនួន ១៧០ ស្រុកចំនួន ៥៧ ក្នុងខេត្តចំនួន ១៨​ នៅទូទាំងប្រទេស និងបានបណ្តាលឲ្យសត្វជ្រូកងាប់ចំនួន ១០ ៥៧៦ ក្បាល និងសម្លាប់​​ជ្រូកចោលចំនួន ៤ ៦៨៩ ក្បាលផ្សេងទៀត​៕