អត្ថបទ៖ បណ្ឌិត អ៊ី លីម៉ា អ្នកស្រាវជ្រាវផ្នែកសុខភាពសាធារណៈ

នៅក្នុងបណ្តាប្រទេសជឿនលឿនសព្វថ្ងៃនេះ  ចំណេះដឹងគឺជាស្នូលដ៏សំខាន់សម្រាប់បុគ្គលគ្រប់រូបក្នុងការយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍខ្លួនឯងក៏ដូចជាសង្គមជាតិទាំងមូល។ ក្នុងនោះ ចំណេះដឹងផ្សេងៗដែលយើងគ្រប់គ្នាសិក្សា អាចបានមកពីជីវិតនៃការរស់នៅប្រចាំថ្ងៃ​ សង្គមខាងក្រៅ មនុស្សដែលនៅជុំវិញខ្លួនយើង រួមទាំងការសិក្សារនៅក្នុងសាលារៀន ហើយអ្វីដែលសំខាន់បំផុតដែលយើងគ្រប់រូបមិនអាចមើលរំលងបាននោះ គឺការអានសៀវភៅ។

​នៅ​លើ​លោក​នេះ ​គ្មាន​សង្គម​ណាមួយ​ដែល​ស្គាល់​ការ​អភិវឌ្ឍន៍​ជឿន​លឿន​ប្រកប​ដោយ​និរន្តរភាព​ ដោយ​ខ្វះ​ធនធាន​ខាង​បញ្ញា​បាន​ឡើយ ​ជាពិសេស​បច្ចុប្បន្ន​នេះ​ គឺជាយុគសម័យ​​​នៃការអភិវឌ្ឍន៍​ដោយ​ផ្អែកលើចំណេះដឹង។ ​ ខ្ញុំនៅតែមានជំនឿយ៉ាងមុតមាំថា​ ​នាពេលអនាគតដ៏ខ្លីខាងមុខនេះ ពលរដ្ឋ​ខ្មែរជាច្រើន នឹងចាប់ផ្តើមអាន​សៀវភៅច្រើនឡើងៗ។

ទំលាប់អានសៀវភៅគឺជារឿងដ៏ធម្មតាបំផុតដែលយើងទាំងអស់គ្នាចំណាយដើមទុនដ៏តិចតួចស្តួចស្តើងបំផុត ហើយអាចធ្វើវាបាននៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា ប៉ុន្តែទទួលបាននូវផលចំណេញយ៉ាងធំធេងបំផុត ព្រោះវាគឺជាស្នូលដ៏សំខាន់សម្រាប់បុគ្គលគ្រប់រូបក្នុងការយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍខ្លួនឯង និងសង្គមជាតិទាំងមូល។ នៅ​ក្នុង​បណ្តា​​ប្រទេស​ជឿន​លឿន ​និង​ស៊ីវិល័យ​ទាំងឡាយ​ក្នុង​លោក​ ប្រជាពលរដ្ឋ​របស់​គេ​ចាត់​ទុក​សៀវភៅ ​ឬ​សារព័ត៌មាន​ជា​របស់​ចាំបាច់​មួយ​ ដូច​ជា​ចំណី​អាហារ​ប្រចាំ​ថ្ងៃ​។​ ​​ពេល​ទំនេរ​ពី​ការងារ​ ពួកគេ​តែង​អាន​សៀវភៅ​ឬ​កាសែត​ជា​ប្រចាំ ​មានន័យ​ថា​ ការ​អាន​គឺ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​មិន​អាច​ខ្វះ​បានឡើយ។

ប្អូនៗជាទីរាប់អាន! មកដល់ពេលនេះ មិនទាន់មានតួរលេខច្បាស់លាស់ថាមានប្រជាជនកម្ពុជាយើងប៉ុន្មានភាគរយតែងតែមានទំលាប់អានសៀវភៅជាប្រចាំ និងអានប៉ុន្មានក្បាលក្នុង១ឆ្នាំនោះទេ។ ទន្ទឹមនឹងនេះ ខ្ញុំសូមចូលរួមចែករំលែកនូវបទពិសោធន៏ក្នុងការអានសៀវភៅរបស់ខ្ញុំ គឺនៅក្នុងរយៈពេលមួយឆ្នាំខ្ញុំបានអានសៀវភៅប្រហែល​៩ទៅ​១៣ក្បាល កាសែត(ភាសារជាតិនិងបរទេស)និងទស្សនាវដ្តីវិទ្យាសាស្រ្ត ​ប្រហែល​១០០០​ច្បាប់​។​​ ​ មើលទៅវាហាក់ដូចជាច្រើនណាស់មែនទេ? ប៉ុន្តែចំនួននេះវានៅមានកំណត់នៅឡើយ បើធៀបនិងប្រជាជននៃប្រទេសមួយចំនួនដែលចូលចិត្តអានសៀវភៅ តួយ៉ាងប្រទេស​ឥណ្ឌា ប្រជាជននៃប្រទេសនេះអានសៀវភៅជាមធ្យម១០ម៉ោង៤២នាទីក្នុង ១សប្តាហ៏  ប្រ​ទេសថៃ៩ម៉ោង២៤នាទី  ប្រទេសចិន៨ម៉ោង ហ្វីលីពីន៧ម៉ោង៣៦នាទី ឆែក ជប៉ុន អាឡឺម៉ង់ ម៉ាឡេ…..។

​ត្រឡប់មកការអានសៀវភៅវិញ ខ្ញុំក៏ដូចប្អូនៗដែរ ពេលខ្លះអានសៀវភៅហាក់ដូចជាខ្យល់​ខែកក្តិក បក់មកប៉ះខ្លួនយើងយ៉ាងត្រជាក់ រួចក៏រសាត់បាត់ទៅវិញអញ្ចឹងដែរ។ មាន​ន័យ​ថាអ្វីដែលយើងបានអាននោះ គឺវាហាក់ដូចជាមិនមានអ្វីដែលបន្សល់ទុកច្រើនក្នុងខួរក្បាលនោះទេ ព្រោះយើងមិនបានចងចាំវាច្រើនឡើយ។ ប៉ុន្តែប្អូនៗជាទីរាប់អាន តាមបទពិសោធន៍របស់ខ្ញុំ អ្វីៗដែលប្អូនអាននោះ វាមិនបានបាត់បង់ទៅណាដូចប្អូនៗគិតនោះទេ ផ្ទុយទៅវិញវាបានតោងជាប់យ៉ាងស្អិតនៅក្នុងរាងកាយយើងជានិច្ច។ តាមរយៈការនិ​យាយ​​ស្តី ការសន្ទនា ការសរសេរអត្ថបទល្អៗ តាមរយៈទឹកចិត្តជ្រះថ្លា មនោសញ្ចេតតនា ភាព​ស្មោះត្រង់ និងតាមរយៈទឹកមុខស្រស់ស្រាយរបស់យើងសព្វថ្ងៃនេះឯង។ ដូច្នេះទឹកចិត្ត អាកប្បកិរិយា និងការអនុវត្តរបស់អ្នកសព្វថ្ងៃនេះគឺវាបានផ្ទុកនូវបញ្ហាសៀវភៅ ដែលវានឹងបញ្ចេញនូវចំណេះដឹងដែលអ្នកត្រូវការប្រើប្រាស់វាបានគ្រប់ពេលវេលា។ ជាការពិតណាស់ រាល់របស់របរនានាដែលមនុស្សបានបង្កើត សុទ្ធសឹងតែកើតចេញពីចំណេះដឹង និងសមត្ថភាពរបស់ពួកគេ ដែលមួយភាគធំបានមកពីការអាននេះឯង។

មានអ្នកស្រាវជ្រាវជាច្រើនបានលើឡើងពីអត្ថប្រយោជន៍ជាច្រើន ដែលបានមកពីការ​អាន​ការអានសៀវ​ភៅ​ដូចជា បង្កើនចំណេះដឹងថ្មីៗ ការជំរុញផ្លូវចិត្តមានលក្ខណៈស្ងប់ស្ងៀម​ ធ្វើឱ្យប្រសើរឡើងនៃការចងចាំ កាត់បន្ថយភាពតានតឹង ជំនាញសរសេរល្អប្រសើរជាងមុន ការពង្រីកវាក្យស័ព្ទនិងវេយ្យាករណ៍ ជំនាញការគិត និងវិភាគឱ្យកាន់ច្បាស់លាស់និងត្រឹមត្រូវ។

ប៉ុន្តែដោយពឹងផ្អែកលើបទពិសោធន៍របស់ខ្ញុំផ្ទាល់ ក្នុងអត្ថបទរបស់នេះ ខ្ញុំសូមធ្វើការបែងចែកនូវអត្ថប្រយោជន៍ធំៗ៣យ៉ាងដែលទទួលបានពីការអានសៀវភៅ

(១) មនុស្សចូលចិត្តអានសៀវភៅ មានលក្ខណៈអត្តចរិកស្លូតបូត ចុះសម្រុង និងមានសេចក្តីអធ្យាស្រ័យ សណ្តោស​ប្រោសប្រណីច្រើន។

ជាធម្មតា រសជាតិនៃការស្រង់គំនិត និងចំណេះវិជ្ជា ពីការអានសៀវភៅល្អៗ គឺជាចំណី បំប៉នអារម្មណ៍របស់យើង អោយកាន់តែមានសុខុមាលភាពល្អ បំប៉នសតិអារម្មណ៏យើង អោយកាន់តែភ្លឺស្វាង ក្នុងផ្លូវប្រពៃសុចរិត គុណធម៌និងសុវត្ថិភាព និងអោយកាន់តែមានប្រាជ្ញាចេះដឹងទូលំទូលាយ មិនខុសពីម្ហូបចំណីអាហារ ដែលយើងទទួលទាន សម្រាប់ទ្រទ្រង់រាងកាយរបស់យើងឡើយ។ បើបានទទួលចំណីល្អ (មានន័យថាសៀវភៅ ដែលមានរសជាតិ បណ្តុះសុខភាព និងសតិប្រាជ្ញា ល្អ) សុខភាពយើង ក៏បានលូតលាស់ដុះដាលល្អប្រសើរ គ្មានជំងឺ គ្មានការរំខានក្នុងជីវិតឡើយ។

ឧទាហរណ៏.មានរឿងពិតមួយកាលពី១០ឆ្នាំកន្លងមកនេះ ខ្ញុំបានជួបមនុស្សម្នាក់គាត់មិនមានផែនការ
ច្បាស់លាស់ ត្រចៀកស ជឿលើអបិយជំនឿខុសធម្មតា ប៉ុន្តែគាត់មានអត្ថចរិកស្លូតបូត ស្មោះត្រង់…។ ខ្ញុំក៏បានណែនាំគាត់ថា…. ចូរអានសៀវភៅទៅ (សូម្បីតែសៀវភៅណាមួយដែលអ្នកគិតថា អន់ មិនល្អ ) ក៏ដោយចុះ ។ មកដល់ទាំងថ្ងៃនេះ គាត់នៅតែជាគាត់ ប៉ុន្តែគាត់បានប្រែក្លាយទៅជាគាត់ដ៏ល្អ ដ៏ពូកែ ជឿលើទិន្នន័យច្រើនជាងជឿលើគ្រូទាយ ផ្សែង​ធូប… ។ ត្រឡប់មករឿងយើងទាំងអស់គ្នាវិញ អ្នកទាំងអស់គ្នាអាចមិនបានដឹងថាពេលយើងអានសៀវភៅ អានកាសែត ឯកសារស្រាវជ្រាវផ្សេងៗនោះ វាមិនត្រឹមតែបានផ្លាស់ប្តូរ អត្តចរិក ព្រលឹង វិញ្ញាណ របស់យើងនោះទេ គឺថែមទាំងជួយអប់រំផ្លូវចិត្តរបស់មនុស្សគ្រប់រូបឲ្យចេះធ្វើការអត់ឱនឲ្យគ្នាទៅវិញទៅមក និងអប់រំមនុស្សឲ្យធ្វើតែអំពើល្អសម្រាប់ជីវិត និងសម្រាប់អនាគតជាតិទាំងមូលថែមទៀត។

មកដល់ត្រឹមនេះអាចមានអ្នកខ្លះមិនយល់ស្របជាមួយខ្ញុំទេ ប៉ុន្តែពេលវេលាណាមួយអ្នកនឹងយល់ស្របជាមួយខ្ញុំ រួចស្រែកឡើងថា “អរគុណសៀវភៅ” ជាក់ជាមិនខាននោះឡើយ។ ដូច្នេះ យើងគួរគប្បី ប្រឹងប្រែង ព្យាយាមជ្រើសរើសសៀវភៅល្អៗ អោយបានច្រើន ដើម្បីបណ្ដុះប្រាជ្ញារបស់យើងម្នាក់ៗ ទៅរក ឧត្ដមភាព ជាមនុស្សដែលមានកត្តិនាមថ្លៃថ្នូរក្រៃលែង នៅក្នុងសង្គម។

(២) មនុស្សចូលចិត្តអានសៀវភៅ មានការគិតស៊ីជម្រៅ គិតបានវែងឆ្ងាយច្បាស់លាស់ ជីវិតរស់នៅស្រស់ស្រាយ និងសុទិដ្ឋិនិយម។

ខ្ញុំតែងតែចូលអានក្នុង Twitter, Blog, Fb… ក៏ដូចជាស្តាប់នូវការជជែកគ្នាទៅតាមបណ្តាហាងកាហ្វេ គុយទាវ អង្គប្រជុំ រួចមកគិតពីជីវិតរបស់ខ្ញុំ ឃើញថារឿងរ៉ាវរបស់ពួកគេក៏មាននៅក្នុងរាងកាយរបស់ខ្លួនខ្ញុំដែរ។ កាលពីរាប់រយឆ្នាំកន្លងមកនេះ លក្ខណៈផ្លូវចិត្ត ការគិតអំពីជីវិតរបស់មនុស្សជាតិ នៅមានដែនកំណត់នៅឡើយ។ មានន័យថាពួកគាត់បានគិតអំពីស្ថានភាពលំបាក ល្បិចកល ភ័យខ្លាច ប្រឈមជាមួយនិងបញ្ហាកង្វះអាហារ ជម្រក​…។ ប៉ុន្តែមកដល់សព្វថ្ងៃ បញ្ហានេះវាក៏មិនជាមានលក្ខណៈខុសគ្នាច្រើនដែរ បើ​ធៀប​​ជាមួយនិងការគិតរបស់មនុស្សសម័យកាលមុនៗ និយាយបែបផ្សេងនោះ គឺស្ថាន​ភាពជីវិតរបស់មនុស្សយើងមិនខុសគ្នាពីមួយទៅមួយច្រើននោះទេ ប្រសិនបើយើងមិនមានចំណេះដឹងជ្រៅជ្រះនោះ។ ដូច្នេះពេលអ្នកអានច្រើននោះ អ្នកទាំងអស់គ្នានិងយល់ឃើញពីភាពជាក់ស្តែងនៃជីវិត អាចយល់បានពីដំណើរការវិវឌ្ឍន៍របស់មនុស្ស សត្វបានយ៉ាង​ច្បាស់លាស់ ដែលជាហេតុធ្វើឱ្យអ្នកទាំងអស់គ្នាយល់ដឹងស៊ីជម្រៅ និងត្រឹមត្រូវទៀត​ផង។ មនុស្សដែលអានសៀវភៅច្រើន តែងតែរៀបចំជីវិតរបស់ពួកគេបានយ៉ាងល្អ មានលក្ខណៈ​បែបសាមញ្ញ និងតែងតែលើកយករឿងរបស់អ្នកផ្សេងៗយកមកពិចារណា ប្រៀប​ធៀបស្ថានភាពដោយសុទិន្ឋិនិយមបំផុត។ លើសពីនេះទៅទៀត អ្នកដែលចូលចិត្តអានសៀវភៅមិនដែលតាំងខ្លួនគឺជាមនុស្សអស្ចារ្យលេខ១គ្រប់ពេល ​គ្រប់ទីកន្លែងនោះទេ ជាពិសេស​ទៅទៀតនោះពួកគាត់ លែងអន់ចិត្ត លែងស្តីបន្ទោសខ្លួនឯង លែងមានចិត្តចង្អៀត​ចង្អល់ទៀតហើយ។

ពួកគាត់ ចាប់ផ្តើមប្រើប្រាស់ខួរក្បាលដ៏បរិសុទ្ធ កែវភ្នែកដ៏ស្រស់ថ្លា ការគិត ការពិនិត្យមើលយ៉ាងម៉ត់ចត់នូវរាល់បញ្ហាផ្សេងៗដែលកើតមានឡើង ព្រោះថាការអានអាចជួយបំផុស​គំនិតរបស់អ្នកដែលអានសៀវភៅ ឲ្យគិតបានវែងឆ្ងាយ និងចេះវិភាគរកហេតុផលបានល្អជាងអ្នកដែលមិនអានសៀវភៅ។ មិនត្រឹមតែប៉ុណ្ណោះ ការអានសៀវភៅព្រមទាំងបានជួយដល់ការប្រើប្រាស់ភាសាទំនាក់ទំនងបានសមស្របជាមួយបុគ្គលដែលមានឋានៈ តួនាទី និងវ័យផ្សេងៗគ្នាផងដែរ។

ចាប់ពីពេលនេះតទៅ អ្នកនឹងរស់នៅក្នុងជីវិតមួយដ៏ស្រស់ស្រាយនិងមានន័យបំផុតសម្រាប់ខ្លួនឯង គ្រួសារ អ្នកនៅជំវិញខ្លួនយើង ជាពិសេសសម្រាប់ប្រទេសជាតិយើងទាំងមូល។

៣ មនុស្សចូលចិត្តអានសៀវភៅ មានផ្លូវចិត្តរីករាយ គ្រប់គ្រង​ខ្លួនឯង​បានល្អ ​រឹងប៉ឹងម៉ត់ចត់ ប៉ុន្តែទន់ភ្លន់  អ្នកមានចំណេះដឹងតិចតួច ពេលធ្វើអ្វីមួយទទួលបានជោគជ័យ ធ្វើ​ឲ្យគេមានអំនួត​និងលើក​តម្កើន​ខ្លួន ហើយ​ជា​ញយៗ​ធ្វើឲ្យពួកគាត់ ​ប្រព្រឹត្ត​អំពើមិនល្អផ្សេងៗ ​ដោយ​គ្មាន​មេត្ដា​ទៅ​លើ​អ្នក​ឯ​ទៀតផង។

ចរិតរឹងប៉ឹង ម៉ត់ចត់ ទន់ភ្លន់  ស្លូតបូតជាដំណោះស្រាយចំពោះបញ្ហាផ្សេងៗយ៉ាងមានប្រសិទ្ធភាព ប្រកបដោយសេចក្តីស្រស់ថ្លា និងមេត្តាករុណា ព្រោះថា​អ្នកនិពន្ធ​សៀវភៅ​ភាគច្រើ​ន​បានបញ្ជូលនូវ​បញ្ហានានា​ដែលខ្លួនគេផ្ទាល់​ធ្លាប់ជួបប្រទះ​ ទៅនឹងបញ្ហាផ្សេងៗដែលគេបានអានជាច្រើននាពេលកន្លងមក រួមមានវិធីសាស្រ្ត ដំណោះស្រាយល្អៗ ដែលជាហេតុនាំឲ្យពួកគេ​ដោះស្រាយ​បញ្ហាទាំងនោះ​បានយ៉ាងប្រសើរ។

អ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តក៏ដូចជាគ្រូពេទ្យឯកទេសផ្នែកផ្លូវចិត្តបានបង្ហាញឲ្យយើងដឹងថា លក្ខណៈរបស់មនុស្សពិបាកផ្លាស់ប្តូរណាស់ ដូច្នោះមានតែការអានសៀវភៅទេទើបអាចផ្លាស់ប្តូរបាន។ ការអានសៀវភៅនឹងផ្លាស់ប្តូរអ្នកពីមនុស្សពូកែឈ្លោះ ជជែកយកឈ្នះ មើលបំណាំអ្នកដ៏ទៃ មានអត្តចរិករឹងរូសជាដើមនោះ ទៅជាមនុស្សមានចិត្តទូលំទូលាយ គិតស៊ីជម្រៅ រហ័សរហួន ចេះធ្វើការជាក្រុម ឱ្យតម្លៃអ្នកដទៃ និងចេះវិភាគទៅលើស្ថានការណ៏ណាមួយតាមបែបស៊ីជម្រៅប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ។

ពេលអ្នកមានពត៌មានច្រើនក្នុងខួរក្បាលនោះ អ្នកនឹងមានឯកសារយោងច្រើនជាងអ្នកដ៏ទៃ។ ដូច្នេះពេលអ្នកជួបប្រទះនិងបញ្ហាណាមួយក្នុងជីវិត ដូចអ្វីដែលអ្នកមានឯកសារក្នុងខួរក្បាលរបស់អ្នកនោះ អ្នកនឹងមានវិធីសាស្ត្រដោះស្រាយបានយ៉ាងល្អ និងទទួលបាននូវភាពជោគជ័យជាក់ជាមិនខានឡើយ។

តាមពិតទៅ! ពេលអ្នកអានសៀវភៅគឺដូចជាអ្នកកំពុងតែនិយាយជាមួយមនុស្សដ៏មានប្រាជ្ញាខ្ពង់ខ្ពស់(អ្នកនិពន្ធ សាស្ត្រាចារ្យ បណ្ឌិត អ្នកប្រជ្ញល្បីៗ) អញ្ចឹងដែរ។ សៀវភៅគឺជាស្ពានចម្លងនៃរបាំងដែនកំណត់ពេលវេលា ជាតិសាសន៏ សាសនា​ ដើម្បីតភ្ជាប់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីសង្គមមួយទៅសង្គមមួយទៀត ភ្ជាប់ពីមនុស្សទន់ខ្សោយទៅមនុស្សខ្លាំងដែលយើងមិនបានស្គាល់សោះពីមុន ដើម្បីអោយពួកគេអាចសន្ទនា ផ្លាស់ប្តូរមតិយោបល់ជាមួយគ្នាអំពីបញ្ហាជីវិតបាន ​ដោយគ្រាន់តែពួកគេអានសៀវភៅបានច្រើនតែប៉ុណ្ណោះ។ ​លើសពីនេះទៅទៀតនោះ វាអាចជួយយើងអាចកាត់បន្ថយនូវអារម្មណ៍រវើរវាយ ក្តីស្រមៃគ្មានការពិត និងជួយបើកចំហរចិត្តនិងព្រលឹងវិញ្ញាណរបស់យើងថែមទៀតផង។ ពេលយើងឯកា អានសៀវភៅនឹងធ្វើអោយយើងមិនមានអារម្មណ៍ថានៅម្នាក់ឯងនោះឡើយ។
ជាចុងក្រោយគ្រូសង្ឃឹមថា យើងទាំងអស់គ្នាតែងតែអាណិត ស្រលាញ់ និងគោរពសៀវភៅទាំងអស់គ្នា ៕