ភ្នំពេញ៖ស្ថាតទូតស៊ុយអែតបានប្រកាសផ្ដល់ថវិការជិតកន្លះលានដុល្លារ ដើម្បីផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគមន៍ជនបទ១៦០០គ្រួសារ ស្ថិតក្នុងខេត្តពោធិ៍សាត់ និងសៀមរាប ដើម្បីដាំដើមឈើនៅក្នុងមូលដ្ឋានរបស់ពលរដ្ឋទាំងនេះ បង្កើតជាស្ថានីយ៍បណ្ដុះកូនឈើ និងចូលរួមក្នុងសកម្មភាពអភិរក្សដទៃទៀតទូទាំងប្រទេស។
កម្មវិធីនេះ នឹងត្រូវអនុវត្តក្រោមការដឹកនាំរបស់ក្រសួង បរិស្ថាន​​ដោយមានការគាំទ្រផ្នែក​​បច្ចេកទេសពី UNDP តាមរយៈគម្រោងកសាងបរិយាកាសអំណោយផល សម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព (BESD)។

លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ការបង្កើតស្ថានីយ៍បណ្ដោះកូនឈើនេះនឹងជួយ បង្កើនគម្របព្រៃក្នុងតំបន់គោលដៅដែលជាប្រភពស្រូបយក​កា​បូន​ ក្នុងរួមចំណែកប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ គម្រោងនេះនឹងត្រូវអនុវត្តក្រោមការដឹកនាំរបស់ក្រសួង បរិស្ថានដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ UNDP ដែលអនុវត្តចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ ខែមិថុនា ឆ្នាំ២០២១។

លោក Nick Beresford តំណាងនិវាសនដ្ឋាន UNDP ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា រដ្ឋា​ភិបាលប្រទេសស៊ុយអែត និង UNDP ប្ដេជ្ញាផ្ដល់ការគាំទ្រពេញទំហឹងដល់កម្ពុជាក្នុងអំឡុងពេលកូវីដ។ កម្មវិធីដាំដើមឈើនេះនឹងផ្ដល់ជាសាច់ប្រាក់ជាផ្នូរនឹងកម្លាំងពលកម្មតាមរយៈការវិនិយោគលើគម្របព្រៃឈើ។

បើតាមស្ថានទូត ពលករចំណាកស្រុកដែលបាត់បង់ការងារជាង ១០ម៉ឺននាក់បាន​វិល​ត្រ​ឡប់​ពីប្រទេសជិតខាងទៅកាន់ស្រុកកំណើតវិញ។ ការស្វែងរកប្រាក់ចំណូល និងស្បៀងអា​ហារកាន់តែលំបាកដែលបណ្ដាលឲ្យពលរដ្ឋ កាន់តែច្រើនចាប់ផ្ដើមចូលព្រៃដើម្បីកាប់​ឈើ បរបាញ់សត្វព្រៃ និងនេសាទជាដើម ដែលជាការដាក់សម្ពាធបន្ថែមទៀត​មក​លើ ប្រព័ន្ធអេកូឡូស៊ីដែលកំពុងមានភាពផុយស្រួយនោះ៕

ដោយ៖ឈុំ ចន្ថា