
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ គួរពន្យារពេលសងប្រាក់ចំពោះពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។ ការអំពាវនាវនេះ ធ្វើឡើងអំឡុងពេលសម្ដេចបានទៅចែកអំណោយដល់ពលរដ្ឋដែលគ្រោះពីទឹកជំនន់នៅខេត្តបន្ទាយមានជ័យនៅថ្ងៃទី២១តុលានេះ ជាខេត្តដែលបានរងគ្រោះធ្ងន់ធ្ងរជាងគេនៅថ្ងៃទី២១តុលានេះ។
សម្ដេចថា៖« រឿងទឹកជំនន់នេះផ្តល់ការឈឺចាប់គ្រប់គ្រន់ណាស់ទៅហើយដល់ប្រជាជនយើង។ ដូច្នេះ! ខ្ញុំសូមអំពាវនាវកុំឲ្យមានការរឹបអូសទ្រព្យសម្បត្តិ ផ្ទះសម្បែង ក្នុងដំណាក់កាលទឹកជំនន់ និងកូវីដ១៩ នេះ។ ជូនសារនេះដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់មេត្តាយោគយល់ចំពោះសភាពការដ៏លំបាករបស់ពលរដ្ឋយើងក្នុងពេលនេះ។ ពិតហើយអស់លោកត្រូវការចំណេញ ក៏ប៉ុន្តែប្រសិនបើចំណេញលើការលំបាករបស់ពលរដ្ឋនោះ មិនមែនជាការរីករាយមួយដ៏ល្អទេ ហើយខ្ញុំសង្ឃឹមថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនឹងអនុវត្តការងារនេះ»។
ការអំពាវនាវឱ្យធនាគារនិងមីក្រូហិរញ្ញវត្ថុអនុគ្រោះចំពោះពលរដ្ឋរងគ្រោះទឹកជំនន់ ស្របពេលកសិករមួយចំនួនបានលើកឡើងថា ពូកគាត់ប្រឈមលក់ស្រែចម្ការដើម្បីយកលុយមកសងធនាគារនិងមិក្រូហិរញ្ញវត្ថុវិញ ដោយសារស្រូវរបស់ពួកគាត់ត្រូវបានបំផ្លាញដោយសារទឹកជំនន់។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុបានលើកឡើងថា សមាគមតែងស្វាគមន៍ជានិច្ចរាល់ការអំពាវនាវរបស់រាជរដ្ឋាភិបាល ក្នុងការយោគយល់ដល់ពលរដ្ឋដែលគ្មានលទ្ធភាពសងប្រាក់មកធនាគារវិញ ក្នុងអំឡុងពេលទឹកជំនន់នេះ។
លោកថា៖«ដើម្បីឲ្យទទួលបានការអនុគ្រោះ ក្នុងការរៀបចំឥណទានឡើងវិញនេះ ពលរដ្ឋត្រូវទៅទាក់ទងខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់ខ្លួនផ្ទាល់ ឫក៏ទាក់ទងតាមមន្រ្តីឥណទានក៏បាន ដើម្បីបង្ហាញអំពីផលប៉ះពាល់របស់ពួកគេ និងជជែកអំពីលទ្ធភាពរបស់ខ្លួន»។
លោកបន្ថែមថា សមាគមបានជជែកពិភាក្សាជាមួយសមាជិកចំនួន១០៣ស្ថាប័នរួចហើយ អំពីការយោគយល់ និងមិនឱ្យមានការរឹបអូសទ្រព្យបញ្ចាំរបស់កូនកម្ចី ក្នុងអំឡុងពេលពលរដ្ឋជួបការលំបាកនេះទេ។
លោក តុងងី បញ្ជាក់ថា នៅក្នុងអំឡុងពេលកូវីដ១៩នេះ គឺមានកូនកម្ចីដែលទទួលបានការយោគយល់និងបានរៀបចំឥណទានឡើងវិញពីខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ២៦៥ ០០០នាក់ ក្នុងទំហំទឹកប្រាក់ចំនួន ១៣០០ លានដុល្លារអាមេរិក។
លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជាបានលើកឡើងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវតែមានការយោគយល់និងអនុវត្តឲ្យមានគុណភាពខ្ពស់ នៅពេលដែលមានការអំពាវនាវពីរាជរដ្ឋាភិបាល ក្នុងការពន្យារពេលចំពោះការបង់ប្រាក់។
លោកថា៖«ដើម្បីឲ្យយន្តការនេះដំណើរការទៅដោយរលូនល្អ ក្រសួងនិងស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវមានវិធានការជួបផ្ទាល់ជាមួយម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីធ្វើការតាមដាន និងជជែកអំពីភាពយោគយល់គ្នាចំពោះពលរដ្ឋក៏ដូចជាកសិករជួបការលំបាកអំឡុងពេលទឹកជំនន់នេះ។
លោកបន្តថា៖«ខ្ញុំគិតថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនអាចចាប់បង្ខំឲ្យពលរដ្ឋដែលរងគ្រោះឲ្យបង់ប្រាក់បានទេ។ ចង់មិនចង់ត្រូវតែអនុវត្តរាល់ការអំពាវនាវរបស់រដ្ឋាភិបាល ពីព្រោះថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាល ហើយប្រសិនបើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនអនុវត្ត វាហាក់បីដូចជាមិនផ្តល់ការគោរពទៅដល់រដ្ឋាភិបាល»។
ទោះជាយ៉ាងណា មានកសិករខ្លះ មិនចង់ឱ្យរដ្ឋាភិបាលជួយពួកគាត់ត្រឹមតែអំពាវនាវទៅធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពន្យាពេលឱ្យប្រាក់ឡើយ គឺពួកគាត់ចង់ឱ្យរដ្ឋាភិបាល ជួយចេញថ្លៃខូតបង់គាត់បន្ថែមទៀត។
លោក ឈាន សុជាតិ កសិករនៅស្រុកបាកានបានលើកឡើងថា ការអំពាវនាវពីប្រមុខរដ្ឋាភិបាលនេះ នៅតែធ្វើឱ្យលោកជំពាក់ប្រាក់ធនាគារដដែល។
លោកថា៖«ដូចកន្លងមកមានការអំពាវនាវឲ្យពន្យារពេលកាលពីកូវីដ១៩ ប៉ុន្តែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតែយកដដែល ហើយខ្ញុំនៅតែបង់។ ចឹងហើយអ្វីដែលសំខាន់នោះ គឺខ្ញុំចង់ឲ្យរាជរដ្ឋាភិបាលជួយចូលរួមខាតបង់ដោយផ្ទាល់តែម្តង មិនបាច់ទាំងអស់ទេមួយផ្នែកណាមួយក៏បាន ឬក៏ជួយលក្ខណ:ជាសម្ភារ ជី និងរបស់របរមើលថែផ្សេងៗមកបានហើយ ដើម្បីជួយសម្រាលបន្ទុកបានខ្លះ។ ជាជាងពន្យារពេលបង់ធនាគារដែលកសិករនៅតែជំពាក់គេដដែល»។
ប៉ុន្តែ អ្នកស្រី ឡៅ ចាន់រ៉េត កសិកររស់នៅស្រុកតាលោសែនជ័យ បានគាំទ្រការអំពាវនាវរបស់នាយករដ្ឋមន្រ្តី។
អ្នកស្រីថា៖« ពលរដ្ឋគាត់មាន មាន់ មានដីធ្វើចម្ការដាំបន្លែ ធ្វើស្រូវ ជាច្រើនហិកតា ហើយក្នុងពេលទឹកជំនន់មួយរយៈនេះ ខាត់បង់ស្ទើរទាំងអស់មិនមានលទ្ធភាពសងប្រាក់ទៅធនាគារទេ ពីព្រោះការចំណាយផ្សេងៗទៅលើការធ្វើកសិកម្មនេះ គឺថា ទៅខ្ចីលុយធនាគារដើម្បីយកមកប្រើប្រាស់ ហើយបានសម្តេច លោកជួយពន្យាពេលឲ្យកសិករសងប្រាក់ទៅធនាគារបែបនេះ ខ្ញុំគិតថាល្អប្រសើហើយ បើមិនជួយអ្វីខ្លាំងក៏អាចជួយសម្រាលកសិករបានរយៈដែរ»៕
ដោយ៖ សុន មិនា
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022
- ដើម្បីកសាងសមត្ថភាព និងរួមចំណែកកសាងប្រព័ន្ធសុខាភិបាលឯកជនឌីជីថល សមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា ចុះអនុស្សរណៈយោគយល់ ជាមួយកម្មវិធី ពេទ្យយើង - នៅថ្ងៃទី 20/05/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា (ប្រកាសឡើងវិញ) - នៅថ្ងៃទី 18/02/2022