ប៉ូលីសប្រទេសប៉ូឡូញបាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសខ្លួនគ្រោងនឹងបើកមន្ទីរពេទ្យ​​បណ្តោះអាសន្នមួយនៅឯពហុកីឡដ្ឋានជាតិក្នុងរដ្ឋធានីវ៉ាសូវីរបស់ខ្លួន ខណៈប្រទេសកំពុងប្រឈមនឹងការឆ្លងរាលដាលកាន់តែខ្លាំងដោយសារជំងឺកូវីដ១៩ និងកំពុងធ្វើប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាល។

ប្រទេសប៉ូឡូញបានរាយការណ៍ករណីឆ្លងនិងការស្លាប់ប្រចាំថ្ងៃកើនឡើងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្របពេលក្រុមវេជ្ជបណ្ឌិតក៏បានរាយការណ៍ខ្វះបុគ្គលិកសុខា​ភិ​បាល​ គ្រែសម្រាប់អ្នកជំងឺនិងឧបករណ៍ព្យាបាលជាច្រើនផ្សេងទៀត។

លោក Michal Dworczyk នាយកខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីប៉ូឡូញបាននិយាយថា កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្រ្តីបានបញ្ជាឱ្យរៀបចំមន្ទីរពេទ្យបណ្តោះអាសន្នដំបូង ដែលនឹង​ត្រូវសាងសង់នៅពហុកីឡដ្ឋានជាតិ។

មន្ទីរពេទ្យដែលគ្រោងបង្កើតឡើងនៅក្នុងបន្ទប់សន្និសីទនៃពហុកីឡដ្ឋាននេះ នឹងមានគ្រែពេទ្យសម្រាប់អ្នកជំងឺកូវីដចំនួន៥០០នាក់ ហើយអាចមានជម្រើសពង្រីកដល់១០០០ គ្រែ។ គ្រែដំបូងទំនងជានឹងមាននៅសប្តាហ៍នេះ។

គិតត្រឹមថ្ងៃទី១៩តុលានេះ ប្រទេសប៉ូឡូញបានរាយការករណីឆ្លងជំងឺកូវីដ១៩ចំនួន ១៧៥ ៧៦៦ នាក់ ក្នុងនោះស្លាប់ចំនួន ៣ ៥៧៣ នាក់៕