ការព្យាបាលជំងឺទឹកនោមផ្អែម គឺត្រូវឲ្យមានការពិនិត្យព្យាបាល​តាមបច្ចេកទេស​វេជ្ជសាស្រ្ត ដោយគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ ទើបអាច​ព្យាបា​លជាសះស្បើយ និងពុំមានហានិភ័យចំពោះសុខភាព។ ការទិញថ្នាំមកព្យាបាលខ្លួនឯង នឹងមានគ្រោះថ្នាក់ដល់អាយុជីវិត។ នេះជាការលើកឡើងរបស់អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខភិបាល។

ចំពោះការផ្សព្វផ្សាយតាមអនឡាញបែបអនាធិបតេយ្យ  និងមិនមានច្បាប់ត្រឹមត្រូវ  ក្រសួងសុខាភិបាល បាននិងកំពុងចាត់វិធានការស្រាវជ្រាវរួចហើយដែរ ដោយមាន​ការផាក​ពិន័យ និងបិទបានមួយចំនួនរួចហើយ។

ជាមួយគ្នានេះ អ្នកស្រី ឱ វណ្ណឌីន បានដាស់តឿនមួយចំនួន ចំពោះអ្នកជំងឺទឹកនោម​ផ្អែម ដូច្នេះថា៖

  • ទី១ រាល់បុគ្គលដែលមានបញ្ហាសុខភាព  សូមកុំទិញថ្នាំប្រើប្រាស់ដោយខ្លួនឯង ហើយត្រូវទៅស្វែងរកការពិនិត្យព្យាបាលពីគ្រូពេទ្យជំនាញត្រឹមត្រូវ។
  • ទី២ រាល់ជនដែលផ្សាយលក់តាមអនឡាញនូវឱសថ  ឬបរិក្ខាពេទ្យ  គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល  ត្រូវតែបញ្ឈប់ជាបន្ទាន់  ក្នុងនោះក្រសួងសុខាភិបាល នឹងចាត់ការតាមផ្លូវច្បាប់ជាធរមានផងដែរ។
  • ទី៣ ការផ្សព្វផ្សាយលក់តាមអនឡាញនេះ  តម្រូវឱ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ  គឺសូមកុំជឿតាមការឃោសនា  ឬការផ្សាយ ឱសថនេះឱ្យសោះ  ហើយចូលរួមរាយការណ៍ជូនក្រសួងសុខាភិបាល  នូវភាពមិនប្រក្រតីទាំងឡាយ  ជាមួយនឹងប្រភពច្បាស់លាស់  ដើម្បីជាមូលដ្ឋាននៃការស្រាវជ្រាវ  និងចាត់វិធានការបានទាន់ពេល។ 
  • ទី៤ សូមអាជ្ញាធរមានសមត្ថកិច្ច  ជួយចាត់ការតាមផ្លូវច្បាប់ផងដែរ។ ប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើប  ធ្វើឱ្យការតាមរកប្រភពពិបាកណាស់  ដូច្នេះទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ  ហើយនៅស្រុកគេ  ក៏មានការពិបាកតាមរកដូចគ្នាដែរ។ ដូច្នេះ  សំខាន់គឺការចូលរួមពីបុគ្គលម្នាក់ៗ  កុំជឿ  និងកុំទិញ ។ 

ក្រសួងប្រតិកម្មបែបនេះ ដោយសារនៅលើបណ្តាញសង្គមហ្វេសប៊ុក មួយរយៈចុង​ក្រោយនេះ មានការផ្សព្វផ្សាយលក់ថ្នាំពេទ្យ ក៏ដូចជាវិធីព្យាបាលបែបបុរាណមួយចំនួន ក្នុងនោះ​ក៏មានលក់ថ្នាំព្យាបាលជំងឺទឹកនោមផ្អែមផងដែរ ដែលពុំមានលក្ខណៈ​វេជ្ជសាស្រ្តទាល់តែសោះ៕