
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ប្រកាសឲ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកបន្ទាយស្រីជាពិសេសអ្នករស់នៅតាមបណ្តោយដងស្ទឹង បង្កើនការប្រុងប្រយត្ន័ខ្ពស់ ចំពោះហានិភ័យនៃជំនន់ទឹកភ្លៀងគំហុក(Flash Flood) ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុណាមួយ នៅព្រឹកថ្ងៃទី ១៨ ខែ តុលានេះ។
លោក អភិបាលស្រុកវ័យក្មេងរូបនេះ បានគូសបញ្ជាក់ថា ស្រុកបន្ទាយស្រីកំពុងទទួលរងឥទ្ធិពលនៃព្យុះដែលជាហេតុធ្វើអោយភ្លៀងធ្លាក់ជោកជាំនៅក្នុងតំបន់ផ្ទៃរងទឹកភ្លៀងភ្នំគូលែន ធ្វើឲ្យកម្ពស់ទឹកស្ទឹងបន្ទាយស្រីបានហក់ឡើងពីកម្ពស់៣,៣ម៉ែត្រ ដល់៥,៥ម៉ែត្រ ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងចុងក្រោយនេះ។
បើតាមលោក ឃឹម ហ្វីណង់ បញ្ជាក់ថា ស្ថានភាពនេះស្ថិតនៅកៀកនឹងកម្រិតប្រកាសអាសន្ន(៦ម៉ែត្រ) ដែលនឹងតម្រូវឱ្យមានការជម្លៀសប្រជាពលរដ្ឋនៅក្នុងតំបន់មួយចំនួនទៅកាន់ទីទួលមានសុវត្ថិភាព។
លោក បន្តថា ផ្នែកខ្លះនៃផ្លូវកៅស៊ូលេខ៦៦ លេខ៦៧ និងផ្លូវគ្រួសក្រហមមួយចំនួនទៀត ត្រូវបានទឹកហូរឆ្លងកាត់ និងហូរជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋ។ រហូតមកដល់ពេលនេះ រដ្ឋបាលស្រុកបានសហការជាមួយកម្លាំងកងពលធំអន្តរាគមលេខ២ចំនួន៩០នាក់ ជួយជម្លៀសប្រជាពលរដ្ឋដែលជាប់គាំងដោយសារទឹកជំនន់ចំនួន ១១គ្រួសារនៅក្នុងភូមិកំព្រហ្ម ឃុំឃុនរាម រួចមកហើយ។
អាជ្ញាធរមូលដ្ឋាននៅគ្រប់ភូមិឃុំទាំងអស់នៃស្រុកបន្ទាយស្រីកំពុងត្រៀមកម្លាំងអន្តរាគមន៍ និងដុតដៃដុតជើងកាយបើកមុខទឹក ព្រមទាំងតាមដានឃ្លាំមើលជាប្រចាំចំពោះស្ថានភាពវិវឌ្ឍនៃទឹកជំនន់ទឹកភ្លៀងនៅក្នុងស្រុកបន្ទាយស្រីបន្តទៀត។ នេះជាការបន្ថែមរបស់លោក អភិបាលស្រុក។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា គ្រោះទឹកជំនន់ បានសម្លាប់មនុស្សចំនួន ២៤នាក់ គិតត្រឹមថ្ងៃទី ១៧ ខែតុលា ក្នុងនោះក្មេងចំនួន ៨នាក់។ បើតាមរបាយការណ៍ មានរាជធានី-ខេត្តចំនួន ១៩ បានរងផលប៉ះពាល់ដោយទឹកជំនន់ក្នុងនោះ មានប្រជាពលរដ្ឋ ៦១, ៣៦៥គ្រួសាររងផលប៉ះពាល់ ក្នុងនោះមានជិត៨,០០០គ្រួសារ ត្រូវជម្លៀសទៅទីទួលសុវត្ថិភាព និងប៉ះពាល់ផ្ទះជិត៦ម៉ឺនខ្នង៕
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022
- ដើម្បីកសាងសមត្ថភាព និងរួមចំណែកកសាងប្រព័ន្ធសុខាភិបាលឯកជនឌីជីថល សមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា ចុះអនុស្សរណៈយោគយល់ ជាមួយកម្មវិធី ពេទ្យយើង - នៅថ្ងៃទី 20/05/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា (ប្រកាសឡើងវិញ) - នៅថ្ងៃទី 18/02/2022