ក្រសួងវប្បធម៌៖ ប៉ុស្តិ៍ទូរទស្សន៍លេខ៣របស់ប្រទេសថៃព្រមដករូបប្រាសាទអង្គរវត្តដែលបាន​​​ដាក់នៅលើផ្ទាំងផ្សព្វផ្សាយភាពយន្តរបស់ខ្លួនវិញ កាលពីថ្ងៃទី១៦តុលា ក្រោយពីមានប្រតិកម្មពីកម្ពុជា ។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកថ្ងៃទី១៧តុលាថា ក្រសួងវប្បធម៌បានសិក្សាឃើញ​ថា​ការផលិតភាពយន្តរបស់ទូរទស្សន៍បុស្តិ៍លេខ៣នៅក្នុងប្រទេសថៃនេះ មិនបានមកថតនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែបែរជាប្រើប្រាស់រូបអង្គរវត្តនៅក្នុងផ្ទាំង​ឬ​Poster​ដើម្បី​ភាគយន្ត ដែលកម្ពុជាត្រូវតែស្នើសុំឱ្យដកចេញវិញ។

លោកថា៖«ក៏ប៉ុន្តែនៅក្នុងសាច់រឿងរបស់ភាពយន្តទាំងមូល ពុំមានថតអ្វីជាប់ទាក់ទងនឹងប្រាសាទអង្គវត្តដែរ ហើយអ្វីដែលជាកំហុសនោះ គឺការយករូបប្រាសាទអង្គវត្តទៅដាក់នៅលើ Poster ភាពយន្តរបស់ខ្លួនតែប៉ុណ្ណោះ »  ។

លោកបន្តថា ការខុសឆ្គងរបស់ទូរទស្សន៍នេះ ក្រសួងវប្បធម៌បានធ្វើការជាមួយស្ថាន​ទូត​ថៃប្រចាំនៅកម្ពុជា និងបានឲ្យប៉ុស្តិ៍ទូរទស្សន៍ចេញបកស្រាយ ហើយជាលទ្ធផលខាងម្ចាស់ភាពយន្តក៏បានសូមទោសជាផ្លូវការ ហើយបានដករូបប្រាសាទអង្គវត្តចេញ។

លោកថា៖«ក្នុងអត្ថន័យតម្លៃបេតិកភណ្ឌពិភពលោក ជាកាតព្វកិច្ចក្នុងការផ្សព្វផ្សាយ ជួយរំលេច និងជួយលើកកម្ពស់។ ក៏ប៉ុន្តែក្នុងន័យសិទ្ធិនិងសីលធម៌ជារបស់កម្ពុជា មុន​យក​ទៅប្រើប្រាស់ត្រូវសុំការអនុញ្ញាតពីម្ចាស់ដើមសិន ដើម្បីយើងងាយស្រួលក្នុងការទាក់​ទងណែនាំគ្នាទៅវិញទៅមក ប្រសិនបើការចម្លងខុសរូបភាពដើម។ ក៏ប៉ុន្តែក្នុងករណីដែល​យកទៅប្រើប្រាស់ដោយគ្មានការស្នើសុំអនុញ្ញាតបែបនេះ យើងគ្មានអ្វីក្រៅពីប្រតិកម្ម និង​រកដំណោះស្រាយតាមផ្លូវការទូតនោះទេ»។

កាលពីពេលថ្មីៗបុស្ដិ៍ទូរទស្សន៍ថៃបានធ្វើឱ្យមានការរិះគន់ពីអ្នកលេងបណ្ដាញសង្គមហ្វេស​ប៊ុក​នៅកម្ពុជា បន្ទាប់ពីធ្វើផ្ទាំអផ្សព្វផ្សាយភាពយន្តថ្មីៗរបស់ខ្លួនជាច្រើន ដែលផ្ទាំងទាំងនោះសុទ្ធតែមានរូបប្រាសាទអង្គរវត្តនិងរូបតារារបស់ខ្លួន។

កាល​ពីខែកញ្ញាកន្លងទៅកម្ពុជាក៏បានប្រតិកម្មម្ចាស់សណ្ឋាគារ Le Palais Hotel នៅលើកោះ Phangan ប្រទេសថៃ ក្នុងករណីដែលបានយករចនាប័ទ្មអង្គរទៅតុបតែងក្នុងសណ្ឋាគាររបស់ខ្លួន ដោយមិនបានស្នើសុំមកភាគីកម្ពុជាជាមុន៕