ក្រុមកម្មករក្រុមហ៊ុនស៊ីនទ្រីទាំងអស់ជាង២ពាន់នាក់ បានសម្រេចចិត្តវិលធ្វើការ​ងារវិញ​ចាប់ពីល្ងាចនេះ បន្ទាប់ពីតំណាងពួកគេបានជួបចរចាជាថ្មីជាមួយមន្រ្តីសាលាក្រុង​រាជ​ធានី​​ភ្នំពេញ និង​ភាគី​ក្រុមហ៊ុននៅរសៀលថ្ងៃទី១៤តុលានេះ។

ក្រុមកម្មករទាំងនេះបានអះអាងថា មូលហេតុដែលពួកគាត់ព្រមចូលធ្វើការវិញ ដោយ​​សារ​​ខាងក្រុមហ៊ុនបានសន្យាជាក់លាក់ថា នឹងដោះស្រាយតាមការ​ទាមទារ​របស់​ពួក​គាត់​ទាំងអស់ដែលមាន៥ចំណុច ឱ្យបានមុនសប្ដាហ៍ទី២​នៃខែកុម្ភៈឆ្នាំ​២០​២១​ខាង​មុខ​។

លោក ម៉ី ផាន អគ្គលេខាធិការនៃសហជីពវិស័យទេសចរណ៍ក្នុងក្រុមហ៊ុនស៊ីនទ្រី បាន​ប្រាប់​សារព័ត៌មានខ្មែរណាស់នៅរសៀលថ្ងៃពុធនេះថា បន្ទាប់ពីមានការប្រជុំចរចាគ្នា​រវាង​​តំណាង​សហជីព ក្រុមហ៊ុន និងអភិបាលរងរាជធានីភ្នំពេញលោក ហួត ហៃ នៅ​រសៀលនេះ ភាគីទាំងអស់បានឯកភាពគ្នាដើម្បីដោះស្រាយតាម​ការ​ទាម​ទារ​របស់​ក្រុម​កម្ម​ករជាង២០០០។

លោកបន្តថា ក្រុមហ៊ុននឹងទូទាត់ទាំងអស់នូវ៥ចំណុចដែលក្រុមកម្មករបានទាមទារ ដោយមិនឲ្យលើសពីពាក់កណ្តាលខែ២ឆ្នាំ២០២១ខាងមុខនេះទេ ហើយកម្មករផ្នែក​បោស​សម្អាត ប្រមូលសំរាម និងអ្នកបើកឡានដឹកសំរាម គឺនឹងទទួល​បាន​អត្ថ​ប្រយោជន៍​ដូចៗគ្នា។

លោកបន្ថែមថា បន្ទាប់ពីមានការស្រុះស្រួលគ្នាហើយ កម្មករទាំងអស់រួមទាំងរូបលោក​សប្បាយ​ចិត្ត ពីព្រោះបានចូលធ្វើការវិញ។

លោកថា៖«ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលមកដល់ពេលនេះ អ្វីដែលបានទាមទារ​អស់​រយៈ​ពេល ជិត២សប្តាហ៏ មានដំណោះស្រាយជូនពួកគាត់ ហើយខាងក្រុម​ហ៊ុន​ក៏​ព្រមអនុវត្តតាមច្បាប់ការងារ»។

លោក សាំ យឿន កម្មករធ្វើការវេនព្រឹកម្នាក់បានប្រាប់ក៏បង្ហាញពីការសប្បាយចិត្ត​ដែល​បាន​វិលចូលធ្វើការងារវិញ ថ្វីត្បិតរយ:ពេលធ្វើកូដកម្ម១២ថ្ងៃនេះ ខាងក្រុមហ៊ុននឹងកាត់​ប្រាក់ខែក្នុងម្នាក់ចំនួន១០ម៉ឺនរៀលក្ដី។

លោកថា៖«ការកាត់១០ម៉ឺនរៀលនេះ មិនស្កោកស្តាយអ្វីទេ ព្រោះកម្មករទាំងអស់​មាន​ការ​ឯក​ភាពគ្នាអស់ហើយ «។

ការយល់ព្រមចូលធ្វើការងារវិញរបស់ក្រុមកម្មករស៊ីនទ្រីនេះ ក្រោយពីការតវ៉ារបស់ពួក​គេ​បានធ្វើឱ្យរាជធានីភ្នំពេញ ប្រឈមការកកស្ទះសំរាមគ្មានអ្នកប្រមូល​នៅគ្រប់​ទី​កន្លែង​។

អ្វីដែលក្រុមកម្មករស៊ីនទ្រីទាមទារនៅក្នុងការតវ៉ានោះ គឺប្រាក់អតីតភាពការងារ ប្រាក់​ជំងឺ​ចិត្ត ប្រាក់ជួសឱ្យការជូនដំណឹងមុន ប្រាក់ដំណាច់ឆ្នាំដែលនៅសល់ និងប្រាក់​ខែ​ចុង​ក្រោយ៕

អត្ថបទ៖ សឹម សល់ម៉ា