លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់សារព័ត៌មានខ្មែរណាស់នៅល្ងាច​ថ្ងៃអង្គារ៍នេះថា ពន្ធនាគារខេត្តបន្ទាយមានជ័យបានរងការជន់លិចដោយទឹកជំនន់តាំងពីល្ងាចថ្ងៃទី១២តុលា ហើយបានជំរុញឲ្យថា្នក់ដឹកនាំខេត្ត សម្រេចជម្លៀសអ្នកជាប់​ឃុំ​១០០០នាក់ក្នុងចំណោម១៦០០នាក់ ពីពន្ធនាគារខេត្តទៅពន្ធនាគារខេត្តសៀមរាបនៅព្រឹកនេះ។

លោកបន្តថា អ្នកជាប់ឃុំចំនួន៦០០នាក់ទៀតមិនបានជម្លៀសនោះទេ ដោយសារកន្លែងពួកគេស្នាក់នៅនៅមានសុវត្ថិភាពពីទឹកជំនន់នៅឡើយ។

លោកថា៖«ការលិចនេះគឺលិចខាងក្រោមទេ តែមានធ្នើរជាន់ខាងលើអាចឲ្យពួកគាត់ខ្លះបន្តស្នាក់នៅបាន។ ជាធម្មតាការជម្លៀសតែងមានការលំបាកខ្លះហើយសម្រាប់អ្នកជាប់​ឃុំ ព្រោះនៅខាងសៀមរាបក៏គេមានការរៀបចំសម្រាប់អ្នកនៅទីនោះដែរ ពេលដែលយើងទៅ ចំនួនកាន់តែកើនឡើងហើយកន្លែងស្នាក់នៅក៏មានការចង្អៀតដែរ»។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ខ្លីដែរថា មូលហេតុដែលខាងថ្នាក់​​ដឹកនាំសម្រេចជម្លៀសអ្នកជាប់ឃុំទៅពន្ធនាគារសៀមរាប ដោយសារគិតពីសុវត្ថិភាពអ្នកជាប់ឃុំ។

លោកថា៖«កាលពី ៧ ឆ្នាំមុននៅបន្ទាយមានជ័យក៏មានការលិចពន្ធនាគារដូចគ្នានេះដែរ»។

លោក លី សារី បញ្ជាក់ថាគិតត្រឹមល្ងាចថ្ងៃទី១៣តុលានេះ ទឹកជំនន់បានធ្វើឱ្យជន់លិចឃុំចំនួន៣៣ក្នុងស្រុកចំនួន៩នៃខេត្តបន្ទាយមានជ័យ និងធ្វើឱ្យប៉ះពាល់ប្រជាលរដ្ឋជិត​៣​ពាន់​គ្រួសារ ក្នុងនោះជម្លៀសទៅកន្លែងសុវត្ថិភាព១៣០០នាក់ ស្លាប់៥នាក់ និងប៉ះពាល់ស្រូវនិងផលដំណាំផ្សេងៗជិត៦ពាន់ហិកតា៕