លោក ឈឹម វិជ្ជរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃសុក្រនេះថា ជំនន់ទឹកភ្លៀងបានធ្វើឲ្យស្រូវជាង ២០១២ហិកតា ក្នុងនោះមានស្រូវស្រាលទើបព្រួសប្រហែល១០ថ្ងៃចំនួន៩១២ហិកតានៅស្រុកបវេល ត្រូវបានរងផលប៉ះពាល់ដោយសារលិចទឹក។ 

លោកថា៖«មកដល់ពេលនេះ យើងបានធ្វើក្នុងជំហានទី៤ហើយ សម្រាប់ការចុះចែកពូជបន្លែ និងពូជស្រូវដល់ពលរដ្ឋជាង១ម៉ឺនគ្រួសារចំពោះអ្នកដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នេះ»។

លោកបន្តថា​នៅក្នុងស្រុករុក្ខគិរី ក៏មានស្រូវត្រូវលិចទឹកដែរ ប៉ុន្តែលោកមិនទាន់បូកសរុបនៅឡើយ។ លោកបញ្ជាក់ថា នៅខេត្តបាត់ដំបង មិនទាន់មានផ្ទះពលរដ្ឋត្រូវលិចទឹកនោះទេ។

លោក ឃុន សុខា មន្រ្តីនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់សារព័ត៌មានខ្មែរណាស់ដែរថា កាលពីយប់មិញទី៨តុលា ភ្លៀងបានធ្លាក់ខ្លាំងនៅខេត្តពោធិ៍សាត់ និងបានធ្វើឱ្យទឹកស្ទឹងឡើងខ្ពស់រហូតហៀរចេញពីច្រាំងចូលទៅក្នុងក្រុង។

លោកបញ្ជាក់ថា ផ្ទះពលរដ្ឋនៅក្នុងក្រុង ត្រូវបានទឹកលិចនៅកម្ពស់ទឹកពី៣ទៅ៤តឹក និងលិចផ្លូវមួយចំនួន។

លោកថា៖«យប់មិញភ្លៀងធ្លាក់ធ្វើឱ្យទឹកស្ទឹងហៀរចូលទៅទីរួមខេត្ត ដែលថ្វើឱ្យប៉ះពាល់៥សង្កាត់នៅក្នុងខេត្ត អាហ្នឹងគិតត្រឹមព្រឹកហ្មឹង។​ យើងមិនទាន់ដឹងលិចខូចខាតអីប៉ុន្មានទេមកដល់ពេលនេះ»។

លោកបញ្ជាក់ថា ចំណែកទឹកនៅទំបន់៧មករានៅក្នុងខណ្ឌដង្កោ ក៏មានទឹកឡើងដល់កម្ពស់ប្រកាសអាសន្នដែរ ប៉ុន្តែមិនទាន់មានសេចក្ដីរាយការណ៍ថា មានផ្ទះពលរដ្ឋត្រូវលិចលង់ឡើយ។

លោក ឃុន សុខា លើកឡើងថា ស្ថានទឹកជំនន់នឹងកើនឡើងបន្ថែមទៀត ខណៈក្រសួងធនធានទឹកនិងឧតុនិយមបានព្យាករណ៍ថា ទឹកភ្លៀងនឹងបន្តធ្លាក់មកដល់ថ្ងៃទី៩តុលានេះ ដោយសារតែរងឥទ្ធិពលព្យុះមួយនៅក្នុងប្រទេសវៀតណាម៕