ស្ថាន​ទូតបា​រាំងប្រចាំនៅកម្ពុជា ​នឹង​បើកឲ្យ​សាធារណ​ជន​​ចូល​ទស្ស​នា​ក្នុង​ឱកាស​ទិវា​បេតិក​ភណ្ឌ នៅ​ថ្ងៃ​សៅរ៍ ទី​១០​ ខែ​តុលា ឆ្នាំ​២០២០ ស្អែកនេះ ដោយសេរី​ចាប់​ពីម៉ោង​៨៖០០ព្រឹក ដល់​ម៉ោង​៣៖៣០​រសៀល។ នេះបើតាមសេចក្តីប្រកាសព័ត៌​មានរបស់​ស្ថានទូត។

តាមសេចក្តីប្រកាសរបស់ស្ថានទូតបារាំង បានឲ្យដឹងថា ព្រឹត្តិការណ៍បេតិកភណ្ឌ​នៅឆ្នាំនេះគឺផ្តោ​តទៅ​លើប្រ​ធាន​បទ «ស្ថា​បត្យ​កម្ម និង​បេតិក​ភណ្ឌ» ដោយទិវា​ខាង​លើនេះ គឺ​ជា​ឱកាស​ទស្សនា​ឧទ្យាន​ដ៏​ស្រ​​ស់​បំព្រង និង​ស្ថាបត្យ​កម្ម​ស្ថា​ន​ទូត​បា​រាំង ហើយ​ក៏​ជាឱ​កាស​ទស្សនា​ពិព័រណ៍រ​បស់​ស​ភា​ពា​ណិជ្ជកម្ម និង​ឧស្សាហ​កម្ម​បារាំង​-កម្ពុជា ដែល​ផ្តោ​ត​លើការ​ជួសជុល​អគារ​បេតិកភ​ណ្ឌនៅ​កម្ពុជាផង​ដែរ​។

ស្ថានទូបារាំងបញ្ជាក់ដូច្នេះថា «ដោយ​សារហេតុផល​ផ្នែក​​សុខភា​ព អ្នក​ទស្សនា​នឹង​ត្រូវ​វាស់​ស្ទង់​កម្តៅ ​ត្រូវ​លាងស​ម្អាត​ដៃ​នៅច្រកចូ​លស្ថាន​ទូត។ អ្ន​ក​ទស្សនា​ក៏ត្រូ​​វ​ពាក់​ម៉ាស​ក្នុងអំ​ឡុង​នៃការ​ទស្សនា​ផង​ដែរ»។ ការ​ទស្សនា​ធ្វើ​ឡើង​នៅ​ក្នុងឧ​ទ្យា​ន មួយ​ក្រុម​ម្ត​ង​ៗ ដោយ​ចៀសវា​ង​ការប្រមូល​ផ្តុំ​គ្នា​។ ក្នុង​ករណីអ្នក​ទស្សនា​មាន​គ្រុន​ក្តៅ ក្អក ពិបាក​ដក​ដង្ហើម ឬ​មាន​សីតុណ្ហ​ភាព​លើស​ពី​៣៧,៥​អង្សារ​សេ នឹង​មិន​ត្រូវ​អនុញ្ញា​ត​ឱ្យចូល​ក្នុង​បរិវេណស្ថាន​ទូត​នោះ​ទេ​។ ជាង​នេះ​ទៅ​ទៀត ចំណី​អា​ហារ ភេស​ជ្ជៈ (លើក​លែង​ទឹក) និង​កាបូប​ធំៗ នឹង​មិនអនុ​ញ្ញា​ត​​ឱ្យ​យក​ចូល​ដែរ​។ ចំណែកជន​ពិការ​មិន​អាច​ចូលទៅ​ក្នុង​ឧទ្យា​ន​បាន​នោះ​ទេ​។ នេះបើតាមការប្រកាសរបស់ស្ថានទូត៕