មន្រ្តីសង្គមស៊ីវិលខាងសិទ្ធិមនុស្ស ជំរុញឱ្យរដ្ឋាភិបាលអនុវត្តច្បាប់ឱ្យស្មើភាពគ្នា លើ អ្នក​​ដែល​​ប្រព្រឹត្តខុសច្បាប់ទាំងអស់ ដោយមិនត្រូវបែងចែករវាងមន្រ្តីនិងពលរដ្ឋ​សា​មញ្ញ​ឡើយ​។ ការជំរុញនេះបានធ្វើឡើង ស្របពេលសមាជិកព្រឹទ្ធសភាម្នាក់​ដែល​ក្រសួង​មហា​ផ្ទៃ​បាន​រក​ឃើញថាមានជាប់ពាក់ព័ន្ធនឹងការរំលោភដីព្រៃ៥៣១​ហិកតា​នៅ​ខេត្ត​មណ្ឌលគិរី គឺមិនមានការប្រឈមនឹងមុខច្បាប់ឡើយ គឺត្រឹមទទួលការណែនាំពី​មន្រ្តីថ្នាក់​លើឱ្យបញ្ឈប់ការប្រព្រឹត្តខុសច្បាប់ទៅទៀត។

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​បាន​លើក​ឡើង​នៅ​ថ្ងៃទី៦តុលាថា ពលរដ្ឋឬសហគមន៍ខ្លះ ត្រូវបានចាប់ខ្លួន ប្រសិនបើ​ពួក​គេ​ត្រូវ​បាន​​ចោទ​ថាបានរំលោភឬទន្ទ្រានកាន់កាប់ដីព្រៃ បើទោះបីជាករណីភាគច្រើន ពល​រដ្ឋ​ទាំង​នោះ​បានរស់នៅលើដីជាយូរក៏ដោយ។ ប៉ុន្តែលោកស្រីថា ចំពោះមន្រ្តីសាធារណៈ​ដែល​រំលោភ​ដីព្រៃវិញ ហាក់ត្រឹមទទួលរងចំណាត់ការត្រឹមតែអប់រំហើយចប់។

លោកស្រីសរសេរនៅក្នុងហ្វេសប៊ុកថា៖«តើអ្វីជាការអនុវត្តច្បាប់ដែលរដ្ឋបានអះអាងឬច្បាប់​​ប្រើតែលើពលរដ្ឋដល់មន្ត្រីប្រើច្បាប់មន្ត្រី»។

លោកស្រីបានលើកឡើងទៀតថា រដ្ឋាភិបាលគួរបញ្ចប់វប្បធម៌និទណ្ឌភាព​ រាប់ទាំង​វិធាន​ការកន្លងមកជាញឹកញយ គឺ​ប្រើតែពិន័យរដ្ឋបាល​ ហើយភាគច្រើនគឺដកឬ​ផ្ទេរ​តំណែង​មន្ត្រី​ជាប់ពិរុទ្ធ​។ ពេលខ្លះ ការផ្ទេរទៀតសោត អាចទទួលតំណែងល្អជាង​មុន​ទៀត​ ដែលលោក​ស្រីអះអាងថា នេះមិនមែនជាការអនុវត្តគោលការណ៍នីតិរដ្ឋទេ​ ហើយ​បែរ​ជាធ្វើ​ឱ្យ​ជនល្មើស​នៅតែហ៊ានប្រព្រឹត្តនិងជាសារលើកទឹកចិត្តដល់​ជន​ដទៃ​ឱ្យ​ប្រព្រឹត្ត​ ដែលនេះនឹង​ប៉ះ​ពាល់ដល់កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលដែលចង់ឱ្យ​មាន​កំណែ​ទម្រង់​ល្អប្រសើរ។

ការលើកឡើងរបស់លោកស្រី ចក់ សុភាព នេះ បន្ទាប់ពីសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធ​សភា​បាន​ណែនាំអប់រំសមាជិកព្រឹទ្ធសភាឈ្មោះ ណយ ស្រួន បន្ទាប់​ពីមន្រ្តីរូប​នេះ​ត្រូវ​បាន​​ក្រសួង​មហាផ្ទៃបរកឃើញថា បានជាប់ពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីព្រៃ​ខុស​ច្បាប់តំបន់​ការពារធម្មជាតិចំនួន៥៣១ហិកតា នៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី។

លិខិតរបស់អ្នកនាំពាក្យព្រឹទ្ធសភាចុះថ្ងៃទី៦តុលាបញ្ជាក់ថា សមាជិកព្រឹទ្ធសភាលោក ណយ ស្រូន ត្រូវប្រធានព្រឹទ្ធសភា រួមទាំងអនុប្រធានទី១និងអនុប្រធានទី២នៃ​ព្រឹទ្ធ​សភា កោះ​ហៅ​មក​ប្រជុំណែនាំកាលពីថ្ងៃទី២៣កញ្ញា ក្រោយពីព្រឹទ្ធសភាទទួលបាន​លិខិត​របស់លោកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបញ្ជាក់ថា លោក ណយ ស្រូន បានពាក់ព័ន្ធក្នុងការរៀបចំឯកសារកាន់កាប់ដីព្រៃទាំង៥៣១ហិកតានោះ។

លិខិតបំភ្លឺរបស់អ្នកនាំពាក្យព្រឹទ្ធសភាបន្តថា ក្រោយទទួលបានការណែនាំពីថ្នាក់ដឹកនាំ លោក ណយ ស្រូន បានសុំអភ័ទោសរាល់កំហុសខុសឆ្គង និងបានធ្វើលិខិតបញ្ជាក់​ឈប់​ពាក់​ព័ន្ធជាមួយដីទាំង៥៣១ហិកតានោះទៀត។

ពាក់ព័ន្ធនឹងរឿងមន្រ្តីនាំគ្នារំលោភយកដីព្រៃនៅក្នុងខេត្តមណ្ឌលគិរីនេះ គឺកាលពីថ្ងៃ​ទី​២​តុលា តុលាការខេត្តមណ្ឌលគិរីបានសម្រេចឃុំខ្លួននគរបាលផ្កាយ​២របស់អគ្គ​ស្នង​ការ​នគរ​​បាល​ជាតិម្នាក់ គឺលោក ពៅ សុធារ៉ាន់ មានតួនាទីជាអនុប្រធាននាយកដ្ឋាននគរ​បាល​ការ​ពារ​ព្រំដែន បន្ទាប់ពីមន្រ្តីរូបនេះ ត្រូវបានគេរកឃើញថា បានឈូស​ឆាយ​ដី​ព្រៃ​សម្រាប់​កាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួនចំនួន៤១ហិកតានៅក្នុងស្រុកអូររាំង ដែល​ជា​ទី​តាំង​មួយស្ថិត​នៅក្បែរព្រំដែនប្រទេសវៀតណាម។

កន្លងមក មន្រ្តីនៅក្នុងខេត្តមណ្ឌលគិរី គឺមានទាំងមន្រ្តីសាលាខេត្ត សាលាស្រុក ដល់សា​លា​ឃុំ និងនាយទាហានចំនួន១៣នាក់ទៀត ក៏ត្រូវបានក្រសួងមហាផ្ទៃរកឃើញថា ខ្លះ​មិន​បានបំពេញតួនាទីនិងខ្លះមិនមានភាពស្មោះត្រង់ដើម្បីការពារដីព្រៃ ហើយខ្លះ បាន​ចូល​រួមចំណែកដោយបណ្ដែតបណ្ដោតឱ្យមានកាប់រានដីព្រៃដោយខុសច្បាប់។

ពាក់ព័ន្ធនឹងក្រុមមន្រ្តីទាំងនេះ សម្ដេច ស ខេង បានធ្វើលិខិតមួយកាលពីថ្ងៃទី៣១សីហា ដើម្បីផ្ញើសុំការយល់ព្រមពីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ទេរមន្រ្តីមួយចំនួន ដូចជា​លោក សុក សេរ៉ា មន្រ្តីរងរដ្ឋបាលខេត្តនិងជាអ្នកនាំពាក្យខេត្តមណ្ឌលគិរី និងលោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកោះញែក ត្រូវបានផ្ទេរមកបំពេញការងារនៅក្រសួង​មហា​ផ្ទៃ ខណៈមានមេឃុំចំនួន៣នាក់ទៀត ត្រូវបានទទួលរងការពិន័យតាមច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រងរដ្ឋបាលឃុំសង្កាត់៕