មជ្ឈមណ្ឌលបង្ការ​ជំងឺ​ឆ្លង​របស់សហរដ្ឋអាមេរិក បានធ្វើបច្ចុប្បន្នភាពជាថ្មី អំពីការ​ណែ​នាំ​របស់ខ្លួន ដើម្បី​ទប់​ស្កាត់​ការ​ឆ្លងរាលដាលជំងឺកូវីដ១៩ពីមនុស្សម្នាក់ទៅម្នាក់ទៀត។

ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ខ្លួននៅ​តែ​ជឿ​ជាក់​លើ​វិទ្យា​សាស្ត្រ​ថ្មី​ៗ​នេះ ថាមនុស្សគឺងាយឆ្លងជំងឺកូវីដ ដោយសារ​មេរោគ​ជាប់​តាម​ដំណក់ទឹកមាត់ដែលខ្ទាត់ចេញពីអ្នកផ្ទុកជំងឺនេះ​ គឺអាចសាយភាយចេញក្នុង​ចម្ងាយ​កាន់តែឆ្ងាយ​ជាង​មុន គឺលើសពីចម្ងាយ៦ហ្វីតឬស្មើនឹង១.៨ម៉ែត្រ។

CDCអាមេរិកបន្តថា  កន្លងមកគេដឹងថា ជំងឺកូវីដ១៩បានរីករាលដាលជាចម្បង តាម​រយៈ​​ការ​ប៉ះ​ពាល់​ជិត​ស្និទ្ធ​​រវាង​មនុស្ស​ក្នុង​ចម្ងាយ​ពី​គ្នា​នៅ​រវង្វង់តែ៦ហ្វីតប៉ុណ្ណោះ។

ការណែនាំរបស់ទីភ្នាក់ងារនេះបាននិយាយថា៖«នៅពេលអ្នកជំងឺកូវីដ១៩ ក្អក កណ្តាស់ ច្រៀង និយាយ ឬ​ដក​ដង្ហើម ពួកគេបង្កើតដំណក់ទឹកផ្លូវដង្ហើម។ ដំណក់ទឹកទាំងនេះ​អាច​​​​មាន​​ទំហំធំៗ ដែល​ខ្លះ​អាច​មើល​ឃើញ ក្លាយទៅជាដំណក់ទឹកតូចៗ។ ដំណក់​ទឹក​តូចៗ ក៏អាចបង្កើតជាភាគល្អិតបានដែរ នៅពេល​វា​ស្ងួត​យ៉ាង​លឿន​នៅ​ក្នុង​លំហរ​អាកាស​»។

ប៉ុន្តែទីភ្នាក់ងារនេះបានលើកឡើងជាថ្មីថា  វីរុសនេះអាចឆ្លងតាមរយៈបំណែកតូច​ៗ​នៃ​វីរុស ដែលបានខ្ទាត់​ទៅ​លើ​អាកាស ហើយអាចឆ្លងមនុស្សដែលនៅឆ្ងាយពីគ្នាបានជាង​៦ហ្វីត ដែល​ជា​រយៈ​ចម្ងាយ​មួយ​កាន់​តែ​ឆ្ងាយ​ជាង​មុន​។

ឧទាហរណ៍នៅក្នុងទីប្រជុំជនដែលមានខ្យល់ចេញចូលមិនគ្រប់គ្រាន់ មនុស្សដែលដក​ដង្ហើម​​ខ្លាំង ច្រៀង​ឬ​ដក​ដង្ហើម​នៅ​ពេល​ហាត់​ប្រាណ គឺអាចឆ្លងទៅដល់មនុស្សដែល​មិន​នៅក្បែរគ្នា ហើយសូម្បីទីតាំងនោះ​ទើប​មាន​អ្នក​ផ្ទុក​កូវីដ​បានចាកចេញក្ដី។

ការណែនាំថ្មីនេះក៏ច្បាស់ដែរថា មនុស្សដែលឆ្លងជំងឺកូវីដ១៩នេះ​ ហើយមិនទាន់បង្ហាញ​រោគសញ្ញា ក៏អាចចម្លង​វីរុស​នេះ​ទៅ​កាន់អ្នកដទៃដែរ។

ទោះយ៉ាងណា CDCអាមេរិកបាននិយាយទៀតថា ភាគរយតិចណាស់ដែលជំងឺកូវីដ​បាន​​រីក​​រាល​ដាល​តាម​រយៈ​វត្ថុ​អ្វីមួយ ដែលទើបបានប៉ះពាល់ឬកាន់ដោយអ្នកផ្ទុកវីរុស​នេះ និងកម្រឆ្លងរវាងមនុស្សនិងសត្វ។

ដើម្បីការពារខ្លួនពីការមេរោគឆ្លងនេះ CDC អាមេរិកណែនាំឱ្យរក្សាគន្លាតសុវត្ថិភាពពីគ្នា​នៅចម្ងាយជាង៦ហ្វីត ពាក់​ម៉ាស់ដែលត្រូវគ្របលើច្រមុះនិងមាត់ លាងសម្អាត​ដៃឱ្យ​បាន​ញឹក​ញាប់ សម្អាត​វត្ថុផ្សេងៗដែលប៉ះ​ពាល់​ដោយ​គ្នា​ច្រើន និងត្រូវនៅផ្ទះពេលឈឺ៕