តុលាការសាលាដំបូងខេត្តមណ្ឌលគិរី បាចេញសេចក្តីសម្រេចឃុំខ្លួនមន្រ្តីផ្កាយ២ឈ្មោះ ពៅ សុ​ធា​រ៉ាន់ តួនាទីជាអនុប្រធាននាយដ្ឋាននគរ​បាល​ការ​ពារ​ព្រំដែន​គោក​នៃ​អគ្គ​ស្នង​ការ​​នគរ​​បាលជាតិ ពីបទកាប់គាស់រុសរានដីព្រៃ ឆ្ការដុត និងឈូសឆាយដី​ព្រៃ​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរីដើម្បីយក​ដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ដីកាបង្គាប់ឱ្យប្រធានពន្ធនាគារខេត្តមណ្ឌលគិរីឃុំខ្លួនបណ្ដោះអាសន្ន ចុះនៅថ្ងៃទី២​តុលា​​បញ្ជាក់​​ថា​ លោក ពៅ សុធារ៉ាន់ មានទីលំនៅបច្ចុប្បន្ននៅសង្កាត់ស្រះច្រក ខណ្ឌ​ដូន​ពេញបានកាប់ឆ្ការរុករានដីព្រៃដើម្បីកាន់កាប់ជាកម្មសិទ្ធិនៅចំណុចភ្នំរហាំង ភូមិ​ពូ​ឆប ឃុំដាក់ដាំ ស្រុកអូររាំងខេត្តមណ្ឌលគិរី។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីប្រាប់សារព័ត៍មានខ្មែរ​ណាស់​ខ្លី​នៅ​ថ្ងៃចន្ទនេះ លោក ពៅ សុធារ៉ាន់ ដែលតុលាការសម្រេចឃុំខ្លួននេះ គឺបានសហ​ការ​ជាមួយមនុស្សមួយចំនួនទៀតបានឈូកឆាយ កាន់កាប់ដីព្រៃខុសច្បាប់ចំនួន ៤១​ហិក​តា។

ចំណែកលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីបញ្ជាក់ដែរថា លោកមិន​អាច​ផ្តល់ព័ត៍មានទាំងឡាយជូនអ្នកសារព័ត៍មានទេនៅពេលនេះ ពីព្រោះកំពុង​ស្ថិត​នៅ​ក្នុងការ​ស៊ើបអង្កេតរបស់អាជ្ញាធរនៅឡើយ ។

លោក គ្រើង តុលា សកម្មជនការពារព្រៃឈើជនជាតិភាគតិចពូនងបានលើកឡើងថា ពាក់ព័ន្ធនឹងការទន្ទ្រានដីព្រៃខុសច្បាប់របស់លោកផ្កាយពីរ ពៅ សុធារ៉ាន់ នេះ គឺមាន​កម្ម​ករចំនួន៨នាក់ក៏ត្រូវបានចាប់ខ្លួន និងអ្នកពាក់ព័ន្ធផ្សេងទៀត បាននាំរត់ភៀស​ខ្លួន​ទៅ​កាន់ប្រទេសថៃខ្លះនិងវៀតណាមខ្លះ។

លោកថា៖«ប៉ុន្តែអ្នកពាក់ព័ន្ធផ្សេងទៀត​ ក៏ត្រូវបានវ៉ៃខ្នោះ២ទៅ៣នាក់ អានេះតាម​ព័ត៌​មាន​ដែលខ្ញុំទទួលបាន»។

កាលពីថ្ងៃទី៣០កញ្ញា មន្រ្តីមកពីអគ្គស្នងការនគរបាលជាតិនិងកងរាជអាហត្ថ​លើ​ផ្ទៃ​ប្រទេស រួមទាំងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានចុះទៅដល់ទីតាំង​ដែល​លោក ពៅ សុធារ៉ាន់ ឈូកឆាយកម្ទេចនោះ ដែលធ្លាប់ជាទីតាំងការពាររបៀងជីវៈ​ចម្រុះសម្បូរ​ទៅដោយព្រៃឈើតូចធំគ្រប់ប្រភេទ៕