លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃព្រហស្បតិ៍នេះថា  ដីព្រៃស្ថិតនៅចំណុចភ្នំក្បាលខ្មោច ដែលជាតំបន់របៀងជីវះចម្រុះពោពេញដោយព្រៃឈើចម្រុះ ស្ថិត​នៅ​ក្នុង​ភូមិ​ពូ​ឆប ឃុំដាក់ដាំ ស្រុកអូររាំង ត្រូវបានក្រុមជនល្មើសមួយក្រុមបានលួចឈូសឆាយអស់ទំហំចំនួន៤០ហិកតា។

លោកថា៖«ករណីដែលឈូសឆាយនេះ ជាករណីលួចឈូសឆាយដោយជនល្មើសមួយក្រុម ហើយ​មិន​ដឹង​ថា​ក្រុម​ណា​ច្បាស់​ដែរ ទុកឲ្យថ្នាក់ខាងលើជាអ្នកដោះស្រាយ»។

កាលពីថ្ងៃទី៣០ខែកញ្ញា លោកនាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និង​ឧត្តម​សេនីយ៍​ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងលោក ស្វាយ សំអ៊ាង អភិ​បាល​ខេត្ត​មណ្ឌល​គិរី បានដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ទីរអង្គភាពជំនាញខេត្ត ចុះពិនិត្យ​ទីតាំង​ដែល​មាន​ការ​ទន្រ្ទានឈូសឆាយដីព្រៃនេះ។

យោងតាមលិខិតមួយរបស់ស្នងការខេត្តមណ្ឌលគិរីបានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងករណីរុករានដីព្រៃ​ដោយ​ខុស​ច្បាប់​នេះ គឺមានឈ្មោះ ចាន់ ធី ឈ្មោះ ពៅ សុធារ៉ាន់ ឈ្មោះ លី បញ្ញាភា ឈ្មោះ សាន ធូន ឈ្មោះ សារឿន ម៉ាប់  ឈ្មោះ ស៊ឹម សំណាង ឈ្មោះ ម៉ា ម៉ង់ ធី ឈ្មោះ អ៊ូ សុ ភក្ដ័ និងឈ្មោះ ជ័យ សុខា។ ចំណែកឈ្មោះ សោ វុទ្ធី និង​ឈ្មោះ ប្រុក សាវន ជាអ្នករកទិញដី។

សកម្មជនការពារព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីបានលើកឡើងថា អ្នកសង្ស័យបំពានដីព្រៃទាំងនេះ គឺបាន​ដឹង​ខ្លួន​មុន និងបានរត់គេចដោយមិនត្រូវចាប់ខ្លួនមកផ្ដន្ទាទោសនោះទេ ដោយអ្នកខ្លះទៅកាន់ប្រទេសវៀតណាម និង​ខ្លះ​ទៅ​កាន់ប្រទេសថៃ។

លោក ធឿន សុខិត ប្រធានសហគមន៍ព្រៃឈើភូមិពូឆបបានលើកឡើងថា ដីព្រៃទាំងនេះគឺស្ថិតនៅក្បែរព្រំដែន​វៀត​ណាម និងត្រូវបានខាងសហគមន៍ មន្រ្តីឃុំនិងប៉ូលីសប៉ុស្ដិ៍ ចុះល្បាតប្រទះឃើញសកម្មភាពឈូសឆាយ​តាំង​ពី​ថ្ងៃ​ទី​១៤ ខែកក្កដា ហើយដែលត្រូវបានឈ្មោះ សារឿន ម៉ាប់ ចេញមករារាំងនិងអះអាងថាម្ចាស់ដី។

លោកបន្តថា នៅពេលនោះ ខាងសហគមន៍បានដាក់ពាក់បណ្ដឹងទៅសាលាឃុំនិងសាលាស្រុក ប៉ុន្តែមិនឃើញ​សមត្ថ​កិច្ចជំនាញចុះបង្ក្រាបឱ្យបានទាន់ពេលនោះទេ។

លោកថា៖«យើងបានដាក់ពាក្យបណ្ដឹងទៅស្រុកថ្ងៃទី៣ខែ៨​ ហើយអត់ឃើញមានចំណាត់ការអីផង»។

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃអង្គការអាដហុក បានលើកឡើងថា បញ្ហា​ឈូសឆាយដីព្រៃនេះកើតឡើង ដោយសារតែមានមន្ត្រីខេត្តមួយចំនួន បានលួចចេញ​លិខិត​កាន់​កាប់​ដី​ដោយ​ខុស​ច្បាប់ឲ្យទៅជនល្មើស ជាពិសេសអភិបាលខេត្តបានបណ្តែតបណ្តាយឲ្យមាន​ការចុះ​ហត្ថ​លេខា​លើ​ឯក​សារ​ដី​ព្រៃ​នេះ។

លោកថា៖«ទោះបីរដ្ឋាភិបាលបានប្តេជ្ញាក្នុងការគ្រប់គ្រងលើបញ្ហឈូសឆាយដីព្រៃក៏ដោយ បញ្ហនេះនៅតែ​កើត​ឡើង ព្រោះមន្ត្រីពាក់ព័ន្ធមិនគោរពតាមថ្នាក់លើ ដោយសារភាពរួចខ្លួនទោះខ្លួនប្រព្រឹត្តល្មើស ដូច្នេះ​បញ្ហ​បទ​ល្មើស​នៅ​តែ​កើត​ឡើង​មិនថា បញ្ហបទល្មើសព្រៃឈើទេ មានទាំងបទល្មើសគ្រឿងញៀន និងបទល្មើស​ល្បែង​ស៊ី​សង អ្នកដែលរងទុក្ខគឺប្រជាជន»។

លោកបន្តទៀតថាបើប្រព័ន្ធយុត្តិធម៏មិនរឹតបន្តឹងទេ គឺមិនអាចទប់ស្កាត់បទល្មើសបានឡើយ៕​