ភ្នំពេញ៖ នៅថ្ងៃទី ២២ ខែកញ្ញា ក្រសួងបរិស្ថាន និងអង្កការ USAID បានបើកយុទ្ធនាការ «ការពារព្រៃឡង់ តាមរយៈការទំនាក់ទំនងផ្លាស់ប្ដូរឥរិយាបទសង្គម» ដើម្បីការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជា។

យុទ្ធនាកានេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងស្ដីពីការគំរាម​កំហែង និងផ្ដល់ជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធផ្នែកទំនាក់ទំនងផ្អែកលើភស្តុតាង ដើម្បីជំរុញសកម្មភាពវិជ្ជមានដល់ការគាំទ្រអភិរក្សជីវៈចម្រុះ ការការពារព្រៃឈើ និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព។

លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ព្រៃឡង់ជាតំបន់សក្តានុពលខ្ពស់បំផុតសម្រាប់ការអភិរក្សសត្វព្រៃ ហើយកម្ពុជាទទួលបានគម្រោងអភិវឌ្ឍន៍ព្រៃឡង់ពីទីភ្នាក់ងារ USAID រយៈពេល៥ ឆ្នាំ ដែលផ្ដល់ប្រាក់៥លានដុល្លារ ក្នុងការចូលរួមសកម្មភាពជំរុញការអភិរក្សព្រៃឈើ និងសត្វព្រៃ។

លោកថា៖«កម្ពុជាប្ដេជ្ញាការពារព្រៃឡង់ឲ្យបានដាច់ខាត់ ដើម្បីធានាដល់ការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ»។

លោក ស្រី វីណា រែដឌី នាយិកាបេសកម្ម USAID បាននិយាយថា យុទ្ធនាការនេះបានបង្ហាញពីភាពជាដៃគូរយូរអង្វែងរបស់ទីភ្នាក់ងារអាមេរិក នៅក្នុងវិស័យបរិស្ថានកម្ពុជា។ លោកស្រីថា USAIDនៅតែបន្តប្ដេជ្ញាចិត្តអភិរក្ស និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនកម្ពុជា ដើម្បីការកេរ្តិ៍ដំណែលធនធានធម្មជាតិ។

ព្រៃឡង់ មានផ្ទៃដីប្រមាណ ៤៣ ម៉ឺនហិកតា គ្រប់ដណ្តប់បណ្តាខេត្តចំនួន ៤ ដូចជា ខេត្តក្រចេះ ព្រះវិហារ ស្ទឹងត្រែង និងកំពង់ធំ ដែលអម្បូរសត្វប្រមាណជាង ៤០០ ប្រភេទក្នុងនោះក៏មាន សត្វ និងរុក្ខជាតិ ជិតផុតពូជមាន ១៧ ប្រភេទ។ ព្រៃនេះ ក៏ជាជម្រកដល់ជីវៈចម្រុះដ៏សម្បូរបែប និងផ្តល់ជាប្រព័ន្ធអេកូឡូស៊ីជាច្រើន៕