កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញលិខិតពីការពង្រឹងការទប់ស្កាត់ជំងឺគ្រុនផ្តាសាយធំ ក្រោយពីមានករណីគ្រុនផ្តាសាយកើតមាននៅតាមវត្តអារាម នានាដូចជា វត្តនៅខេត្តតាកែវ ខេត្តត្បូងឃ្មុំ និងនៅខេត្តបាត់ដំបង ជាដើម។

ថ្មីៗនេះនៅខេត្តបាត់ដំបងមានករណី ព្រះសង្ឃជាច្រើនអង្គ ដែលមានអាការៈក្តៅព្រះកាយលើសពី ៣៧.៥អង្សារសេ ក្អកនិងហៀរសំបោរជាដើម ហើយករណីនេះដែរ ត្រូវបានខាងមន្ទីរពេទ្យយកសំណាកទៅពិសោធន៍ និងលទ្ធផលពិសោធន៍បានបង្ហាញថាជាជំងឺគ្រុនផ្តាសាយធំ។

ការរីករាលដាលនៃជំងឺគ្រុនផ្តាសាយធំនេះ ក្រសួងក៏បានសង្កេតឃើញថា នៅមានចន្លោះប្រហោងក្នុងការអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលនៅតាមវត្តអារាម។ ដូច្នេះ ក្រសួងបានអំពាវនាវ និងក្រើនរំលឹកប្រគេនដល់ព្រះសង្ឃ គណៈកម្មាការវត្ត និងប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងវិធានការអនាម័យរបស់ក្រសួងសុខាភិបាល ដើម្បីការពារព្រះកាយ ការពារខ្លួនលោកអ្នក និងក្រុមគ្រួសារពីការចម្លងវីរុសកូវីដ១៩ ការចម្លងជំងឺគ្រុនផ្តាសាយធំ និងការចម្លងជំងឺឆ្លងផ្សេងៗ ជាពិសេសក្នុងអំឡុងពេលនៃបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ៕