ក្រោយពីរកមិនឃើញអ្នកឆ្លងជំងឺកូវីដ១៩ អស់មួយរយៈធំ នៅថ្ងៃអាទិត្យនេះ កម្ពុជា រកឃើញបុរសជនជាតិអង់គ្លេសម្នាក់ឆ្លងជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌​មាន​របស់ក្រសួងសុខាភិបាល នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២០។

បុរសជនជាតិអង់គ្លេសនេះ មានអាយុ ៥៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ Apartment មួយកន្លែងក្នុងសង្កាត់បឹងកក់២ រាជធានីភ្នំពេញ ជាអ្នកធ្វើដំ​ណើរមកពីប្រទេសអង់គ្លេស ដោយឆ្លងកាត់ប្រទេសហូឡង់ ហើយបាន​បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី ១១ ខែកញ្ញា។ បច្ចប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ភ្នំពេញ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ អ្នកព្យាបាលសះស្បើយពីជំងឺកូវីដ១៩ នៅកម្ពុជា មានចំនួន ២៧៤នាក់ ក្នុងចំណោម ២៧៥នាក់ ហើយកំពុងសម្រាក​ព្យាបាលម្នាក់ នៅមន្ទីរពេទ្យខាងលើ៕