
ភ្នំពេញ៖ អង្គការ Unicef បានចំណាយថវិកា ១១លានដុល្លារ ទិញសម្ភារមួយចំនួនដើម្បីបង្ការការពារជំងឺឆ្លងកូវីដ១៩ ជូនដល់សាលារៀនតាមខេត្តចំនួន៥ និងរាជធានីភ្នំពេញ ដោយប្រគល់ជូនមន្ទីរអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០។
ខេត្តទាំង ៥ ដែលទទួលបានសមម្ភារនេះ រួមមានខេត្ត ព្រះសីហនុ កំពត កែប បាត់ដំបង សៀមរាប សរុបទាំងអស់ ៤១៧សាលារៀន និងរាជធានីភ្នំពេញមានចំនួន ២២៩ សាលា។ សម្ភារនេះ រួមមាន ជែលលាងដៃ ៣៤០៥ដប សាប៊ូលាងដៃ ៣៩៧២៥ដុំ ឧបករណ៍វាស់កំដៅ ៤៨៧ គ្រឿង និងផ្ទាំងរូបភាពផ្សព្វផ្សាយការអប់រំការបង្ការងឺកូវីដ១៩ចំនួន ៣៥០០ សន្លឹក។
លោក បិនចាមិន វី វ៉ូឡាវអឺ (Benjamin V.Wohlauer)អនុប្រធាន បេសកម្មការទូតនៃស្ថានទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា មានមោទនភាពចំពោះកិច្ចសហប្រត្តិការ ដែលរួមបញ្ចូលទាំងការ សហការរយៈពេលវែង និងសកម្មជាមួយរដ្ឋាភិបាលកម្ពុជា ដោយគាំទ្រក្នុងការអភិវឌ្ឍ លើវិស័យជាច្រើនដូចជា វិស័យអប់រំជាដើម។
លោកបន្តថា រយៈពេល២០ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលអាមេរិកបានវិនិយោគទុនប្រហែល ១.៦ ពាន់លានដុល្លារ ក្នុងរយៈពេលវែងសម្រាប់ការអភិវឌ្ឍកម្ពុជា។ ក្រៅពីនេះ នៅក្នុងស្ថាន ភាពនៃវិបត្តកូវីដ១៩ រដ្ឋាភិបាលអាមេរិកបានផ្ដល់ជំនួយដល់ប្រទេសផ្សេងៗទៀត ហើយសម្រាប់កម្ពុជាបានផ្ដល់ជាទឹកប្រាក់ចំនួន ១១លានដុល្លារផងដែរ។
លោក ជុំ ចាន់រ៉ា អ្នកជំនាញផ្នែកអប់រំនៃអង្គការ Unicef បាននិយាយថា ការផ្ដល់ជំនួយនេះ នឹងមានជាបន្តបន្ទាប់ ដោយនៅវគ្គក្រោយទៀត ជាជំនួយរបស់ EUគឺជួយទូទាំង២៤ខេត្តក្រុង។ ពោលគឺបច្ចុបន្ន បានផ្ដល់ជួនខេត្តចំនួន២ហើយ គឺនៅរតនគិរី និងមណ្ឌលគិរី។
ដោយ ៖ ញឹក សំអូន