ខេត្ត​បន្ទាយមានជ័យ​ មានអ្នកគ្រោះថ្នាក់ដោយសារគ្រាប់មីនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា​ ដែលមានផ្ទៃដីមីនប្រមាណ ២២៣ គីឡូម៉ែត្រត្រូវបានបោសសម្អាត និងសល់ដីប្រមាណ​ ១៤៧ គីឡូម៉ែត្រទៀតកំពុងរងការគម្រាមកំហែង។

លោក លី គុជ អគ្គលេខាធិការអាជ្ញាធរមីន បានលើកឡើងថា ខេត្តបន្ទាយមានជ័យ ក៏ត្រូវបានយក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើការបោសសម្អាតមីនពី​រដ្ឋាភិបាល និងជំនួយពីបណ្ដាប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក​ អង់គ្លេស ជប៉ុន អាល្លឺម៉ង់ ស្វីស ចិន ន័រវេស្ស កាណាដា អៀរឡង់ និង UNICEF ព្រមទាំងមូលនិធិអង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ។ លោក ថា បច្ចុប្បន្ននៅឃុំអូរបីជាន់ មានមីនច្រើនបំផុតក្នុងខេត្តបន្ទាយមានជ័យ ហើយផ្ទៃដីដែលបានបោសសម្អាតរួចចំនួន ១៧,៤ គីឡូម៉ែត្រ និងផ្ទៃដីសង្ស័យថាសល់មីនចំនួន ១៦,៥ គីឡូម៉ែត្រទៀត។

ចាប់ពីឆ្នាំ ២០០៦ រហូតដល់ខែកក្កដា​ ឆ្នាំ ២០២០ កម្ពុជាបានបោសសម្អាតមីនចំនួន ២៤៦.៥ គីឡូម៉ែត្រ និងបានបំផ្លាញ​​ចោលមីនប្រឆាំងមនុស្សចំនួន ៦៩.៨១៥ គ្រាប់​ មីនប្រឆាំងរថក្រោះចំនួន ១.៤៩៦ គ្រាប់ ព្រមទាំងសំណល់ជាតិផ្ទុះពី​សង្រ្គាម​ចំនួន ២១២.៥៥៥គ្រាប់ ដែលបាន​​ផ្តល់ផលប្រយោជន៍ជាប្រយោលដល់ពលរដ្ឋក្នុងសហគមន៍ប្រមាណ ១.០២៨.៦៨៣ នាក់ក្នុងនោះ៥០ ភាគរយជាស្ត្រី។

គិតត្រឹម​ខែមិថុនា​ ឆ្នាំ២០២០នេះខេត្ត​បន្ទាយមានជ័យ​ មានជន​រងគ្រោះ​ដោយសារ​មីន​និង​គ្រាប់​ចំនួន​ ៨.៨៨២នាក់ ស្មើ​នឹង​ ១៤% នៃគ្រោះថ្នាក់ទូទាំង​ប្រទេស​។ ដោយឡែក ឃុំអូរបីជាន់ មានអ្នកស្លាប់ និងរបួសចំនួន ១៣៨នាក់ ក្នុងនោះមានស្រ្តី១០ នាក់៕