ត្រដេវវិចទួល គឺជាបក្សីមានទំហំមធ្យម ដែលមានប្រវែង ២៣ – ២៨សង់ទីម៉ែត្រ មានស្លាបប្រវែង ៤២ – ៤៩ សង់ទីម៉ែត្រ។ ចំពោះស្លាប និងខ្នង មានពណ៌ត្នោតខ្ចី និងពណ៌​ស្វាយភ្លឺរលោង ប៉ុន្តែផ្នែកក្បាល ទ្រូងនិងផ្នែកខាងមុខនៃកមានពណ៌ខ្មៅ។ នេះបើតាមការចុះផ្សាយរបស់គម្រោងលំហែកម្សាន្តធម្មជាតិ នាពេលថ្មីៗនេះ។

ត្រដេវវិចទួល ជាប្រភេទសត្វដែលមានវត្តមានពេញមួយឆ្នាំ។ ជាធម្មតា វារស់នៅគ្រប់ទីកន្លែង ដូចជាតាមមាត់បឹង ត្រពាំង មាត់ស្ទឹង វាលស្រែកសិកម្ម និងដីស្ងួត ហើយគេក៏បានប្រទះឃើញនៅក្នុងចម្ការពូជគ្រញូង ខេត្តសៀមរាបផងដែរ។សត្វត្រដេវវិចទួល ហោះហើរមានភាពយឺត ប៉ុន្តែមានសមត្ថភាពហើររហ័សរហួនគួរឱ្យកត់សម្គាល់នៅពេលដែលវាការពារសម្បុករបស់វា ឬនៅពេលដែលត្រូវបានវាយប្រហាដោយសត្វស្ទាំង។

ត្រដេវវិចទួល ស៊ីពពួកស្រមោច សត្វកញ្ចែ ដង្កូវ ខ្យង និងសត្វឥតឆ្អឹងខ្នងដទៃទៀត ដែលភាគច្រើនត្រូវបានរើសពីក្នុងដី។ បក្សីនេះ ត្រូវបានចាត់ទុកជាបក្សីរងគ្រោះថ្នាក់តិចតួចក្នុងបញ្ជីក្រហម IUCN (LC) ៕