កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គីរីសួ ស្ថិតនៅភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ រំពឹងពង្រីកការផលិតទឹកដោះគោបាន ១ម៉ឺនលីត្រក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គងទីផ្សារក្នុងស្រុកនៅចុងឆ្នាំ២០២០នេះ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងកសិកម្មនៅថ្ងៃទី៣១ ខែសីហា។

លោក គួច សុលី ជានាយកចាត់ការទូទៅ បានលើកឡើងថា បច្ចុប្បន្នកសិដ្ឋានមានគោចំនួន៥៦០ ក្បាល ក្នុងនោះគោ ៣០០ក្បាល បានចាប់ផ្តើមផ្តល់ទឹកដោះជាមធ្យម ៦ ពាន់លីត្រក្នុងមួយថ្ងៃ។ ដូច្នេះនៅបំណាច់ឆ្នាំ ២០២០នេះ លោករំពឹងថា គោទាំង ៥៦០ក្បាលនឹងផ្តល់ទឹកដោះបានរហូត ១ម៉ឺនលីត្រក្នុងមួយថ្ងៃ។

លោក បានអះអាងថា កសិដ្ឋានចិញ្ចឹមគោទឹកដោះ គីរីសួ ជាកសិដ្ឋានទំនើប និងធំជាងគេដំបូងបង្អស់នៅកម្ពុជាដែលមានផ្ទៃដី ៣០០ ហិកតា និងប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអីស្រាអែលទាំងការចិញ្ចឹម និងរចនាសម្ព័ន្ធស្រោចស្រពតាមបច្ចេកវិទ្យាកសិកម្មវៃឆ្លាត ព្រមទាំងមានប្រព័ន្ធផ្គត់ផ្គង់ទឹក អគ្គីសនី ផ្លូវ រោងចក្រកែច្នៃទឹកដោះ អគាររដ្ឋបាល អគារផលិតចំណី ឃ្លាំងចំណី កន្លែងថែរក្សា សម្លាប់មេរោគ (Pasteurized milk) និងស្រះស្តុកទឹករហូតដល់២២ ០០០ ម៉ឺនម៉ែត្រគូប។

សត្វគោទាំងអស់ត្រូវបានបំពាក់សេនស័រ និងលេខកូដនៅជើង ដើម្បីភ្ជាប់ទៅប្រព័ន្ធត្រួតពិនិត្យសុខភាព ហើយក្នុងករណីមានបញ្ហាសុខភាពប្រព័ន្ធសេនស័រនឹងបង្ហាញប្រាប់ ។ ចំណែកការផលិតចំណីត្រូវបានដាំស្មៅដោយខ្លួនឯងប្រមាណ ២០០ ហិកតា ខណៈសណ្តែកសៀង និងកាកស្រាបៀក៏ត្រូវបានប្រមូលទិញក្នុងស្រុកផងដែរ។

ជាមួយគ្នានេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា កសិដ្ឋានចិញ្ចឹមគោយកទឹកដោះនេះ បានរួមចំណែកផ្គត់ផ្គង ការផលិតផលទឹកដោះគោស្រស់ និងកែច្នៃសម្រាប់ទីផ្សារក្នុងស្រុក ជាមួយបច្ចេកវិទ្យាទំនើប ដើម្បីធានាគុណភាព និងសុវត្ថិភាពសម្រាប់សុខភាពអ្នកបរិភោគ និងជាអាហារូបត្ថម្ភកុមារ។

សូមបញ្ជាក់ថា កសិដ្ឋាននេះ ត្រូវបានបង្កើតឡើងកាលពីចុងខែមីនា ឆ្នាំ២០១៨ លើផ្ទៃដី ៣០០ហិកតា លើទុនវិនិយោគ១៥ លានដុល្លា។ បច្ចុប្បន្នមានមន្រ្តី បុគ្គលិក និងកម្មករក្នុងស្រុកចំនួន៦០ នាក់ ព្រមទាំងមានមន្រ្តីជំនាញបច្ចេកទេសគ្រប់ផ្នែកមកពីអីស្រាអែល៤ នាក់ និងរុស្សី ២នាក់ថែមទៀត៕