ដោយមើលឃើញពីតំបន់អភិរក្សសត្វស្លាបទួលព័ន្ធតាឡី សម្បូរទៅដោយសត្វស្លាបជាច្រើនប្រភេទ ជាពិសេសប្រភេទសត្វជិតផុតពូជ និងកំពុងរងការគំរាមកំហែងនៅលើពិភព​លោក​ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានគំនិតក្នុងការអភិវឌ្ឍន៍តំបន់​ទួល​ព័ន្ធតាឡី និងតំបន់បឹងស្នេហ៍ ឲ្យទៅជាកន្លែងទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ក្នុងគោលបំណង ដើម្បីលើកកម្ពស់សហគមន៍មូលដ្ឋាន ក៏ដូចជាបង្កើនសក្តានុពលធនធានធម្មជាតិ នៅតំបន់ដីសើមនេះ នៅក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។

តំបន់បឹងស្នេហ៍នេះ សម្បូរទៅដោយធនធានធម្មជាតិ និងប្រភេទសត្វស្លាបជាច្រើនប្រ​ភេទ​ ហើយក្នុងនោះក៏មានប្រភេទជិតផុតពូជ និងកំពុងរងការគំរាមកំហែងនៅលើពិភពលោកដូចជាប្រភេទ ស្មោញ ទុងប្រផេះ រនាលណ៍ ត្រយ៉ងខ្លួនស ត្រដក់តូច និងប្រ​ភេទ​ ង្កៀលខ្យង ដែលកំពុងពងកូនរាប់ម៉ឺនក្បាលនៅតាមព្រៃលិចទឹក ព្រៃល្បោះ និងទទួលបានការថែទាំនិងឃ្លាំមើលពីប្រជាសហគមន៍នៅក្នុងមូលដ្ឋានផងដែរ។

រហូតមកដល់បច្ចុប្បន្ន តំបន់នេះមានសត្វស្លាបមករស់នៅចំនួន ៦ប្រភេទ ដែលក្នុងនោះរួមមាន ទុង ននៀលខ្យង កុក ខ្វែក ទាព្រៃ សត្វក្អែកទឹក ក្អែកគោក និងសត្វផ្សេងៗទៀតរាប់ម៉ឺនក្បាល៕​