
ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សារបស់រដ្ឋដែលមានសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ទូទាំងប្រទេស និងគ្រឹះស្ថានសាធារណៈគ្រប់កម្រិតនៅតាមទីរួមខេត្តចំនួន៤ដែលមានកម្រិតហានិភ័យទាប រួមមានទីរួមខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី នឹងបើកដំណើរការឡើងវិញក្នុងដំណាក់ទី២នេះ បន្ទាប់ពីមានការចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់ដល់ទីតាំងគ្រឹះស្ថានសិក្សា។
ជាមួយគ្នានេះ ក្រសួងក៏អនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជនពីកម្រិតមត្តេយ្យសិក្សាដល់ឧត្តមសិក្សាបើកដំណើរការឡើងវិញ ប៉ុន្តែគ្រឹះស្ថានសិក្សាឯកជនទាំងនោះ ត្រូវដាក់ពាក្យស្នើសុំបើក មកក្រសួងអប់រំ យុវជន និងកីឡាតាមរយៈមន្ទីរអប់រំ យុវជន និងកីឡា។ នេះបើតាមសេចក្ដីប្រកាសថ្មីរបស់ក្រសួងអប់រំចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៧សីហានេះ។
គ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជនត្រូវអនុវត្តគោលការណ៍ដូចខាងក្រោម ដូចជា កំណត់ចំនួនសិស្សប្រមាណ២០នាក់ក្នុង១ថ្នាក់និងឆ្លាស់វេនគ្នា ហើយសិស្សថ្នាក់ទី៩និងថ្នាក់ទី១២ ត្រូវអនុវត្តបញ្ចប់កម្មវិធីសិក្សាត្រឹមចុងខែវិច្ឆិកាឆ្នាំ២០២០ ដោយមិនមានឈប់សម្រាកវិស្សមកាលធំ។ ចំពោះកម្រិតសិក្សា និងគ្រឹះស្ថានសិក្សាដទៃទៀត ដែលមិនទាន់បានបើកដំណើរការឡើងវិញ ត្រូវបន្តការសិក្សាពីចម្ងាយ ហើយសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ធ្វើឡើងនៅថ្ងៃទី ២១ ធ្នូ និងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិធ្វើឡើង ៣០វិច្ឆិកា។
ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដំណាក់កាលទី២ នឹងចាប់ផ្តើម ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ សម្រាប់គ្រឹះស្ថានសិក្សាសាធារណ:ខ្លះ និងគ្រឹះស្ថានសិក្សាឯកជនខ្លះ។
ក្រសួងអប់រំ យុវជន និងកីឡានឹងបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធសិក្សាស្ថានភាព និងវាយតម្លៃការរៀបចំរបស់គ្រឹះស្ថានសិក្សាសម្រាប់ត្រៀមខ្លួនបើកដំណើរការដំណាក់កាលទី៣៕
- ក្រុមការងារសម្របសម្រួល និងតំណាងអង្គការ Global Life Sharing របស់កូរ៉េ ចុះពិនិត្យមើលទីតាំងគម្រោងបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ - នៅថ្ងៃទី 13/07/2022
- សន្និសីទថ្នាក់ខេត្តរវាងអាជ្ញាធរតំណាងរដ្ឋាភិបាល យុវជន និងសហគ្រិនស្ត្រីមកពីខេត្តចំនួន៦នៅខេត្តសៀមរាប - នៅថ្ងៃទី 09/07/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022