ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែសីហា មានក្រុមហ៊ុនអាកាសចរកម្ពុជាចំនួន ៥ បានស្នើសុំឲ្យមានការបើកជើងហោះហើរបណ្ដើរៗឡើងវិញ តាមលទ្ធភាពក្នុងបណ្តាប្រទេសអាស៊ាន។


លោក ជា អូន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានគូសបញ្ជាក់​ថា​៖«ក្នុងកាលៈទេសៈដែលពិភពលោកកើតមានជំងឺកូវីដ-១៩ បានធ្វើឲ្យបណ្ដាក្រុមអា​កាស​ចរ​ខាតបង់ចំណូល និងមិនអាចទប់ទល់ការចំណាយបាន ដូច្នេះត្រូវសម្រួលដល់សកម្មភាពហោះហើរបណ្ដើរៗឡើងវិញ»។

លោកលើកឡើងថា ការដាក់ឲ្យដំណើរការជើងហោះហើរក្រៅស្រុក គឺតម្រូវឲ្យមានការឯក​ភាពពីក្រសួងសុខាភិបាល ដោយត្រូវពិចារណារលើប្រទេសមួយចំនួន ដែលមានករណីឆ្លងជំងឺកូវីដ១៩ មានចំនួនតិច ឬថយចុះ។

ទន្ទឹមនឹងនេះ លោក ជា អូន បានរម្លឹកថា ពេលមិនទាន់កើតមានជំងឺកូវីដ កម្ពុជាទទួលបានអ្នកដំណើរតាមជើងហោះហើរប្រមាណ ១៧០០០នាក់ ក្នុងមួយថ្ងៃ ហើយអ្នកធ្វើដំណើរបានធ្លាក់ចុះយ៉ាងគំហុកចាប់តាំងពីខែកុម្ភៈ ដល់ខែមេសា ពោលគឺថយចុះប្រមាណ៤ ភាគ​រយ។ ប៉ុន្តែរហូតមកដល់ពេលនេះ មានអ្នកដំណើរប្រមាណ៣ ម៉ឺននាក់ ក្នុងមួយខែ ដែលចំនួននេះ កើនឡើង៩ ភាគរយ។

រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជើងហោះហើរ ចំនួន ៣ប្រទេសនៅខែសីហានេះ មានដូចជា ប្រទេសម៉ាឡេស៊ី ,ឥណ្ឌូនេស៊ី និងហ្វីលីពីន ដែលមានចំនួនអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេនៅតំបន់អាស៊ាន។


យោងតាមគេហទំព័រ worldometers បានបង្ហាញថា គិតមកដល់ពេលនេះ ប្រទេស​ហ្វីលីពីន​ មានករណីឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេរហូតដល់១៩៧,១៦៤ នាក់ និងស្លាប់​៣,០៣៨នាក់ ខណៈឥណ្ឌូនេស៊ីឆ្លង១៥៧,៨៥៩ នាក់ ស្លាប់៦,៨៥៨ នាក់ ,សិង្ហបុរី ៥៦,៤៣៥ នាក់ ស្លាប់២៧ នាក់ ,ម៉ាឡេស៊ីឆ្លង៩,២៨៥ នាក់ ស្លាប់១២៥ នាក់, ថៃឆ្លង ៣,៤០៣ នាក់ ស្លាប់​៥៨ នាក់, វៀតណាម ១,០២៩នាក់ ស្លាប់២៨ នាក់, មីយ៉ានម៉ា ឆ្លង ៥០៤នាក់ ស្លាប់ ៦នាក់ ,ប្រុយណេ ឆ្លង១៤៤ នាក់ ស្លាប់៣ នាក់, ឡាវ ឆ្លង២២ ស្លាប់គ្មាន ចំណែកកម្ពុជាឆ្លង​២៧៣ នាក់ និងស្លាប់គ្មាន៕