រូបភាព/ រដ្ឋបាលខេត្តកែប

នៅក្នុងឱកាសថ្ងៃឈប់សម្រាកសងចូលឆ្នាំខ្មែររយៈពេល ៥ថ្ងៃកន្លងទៅ មានភ្ញៀវទេសចរណ៍មួយចំនួន ដែលបានទៅលេងកម្សាន្តនៅខេត្តកែបរអ៊ូរទាំថា អាជីវករលក់ដូរចំណីអាហារនៅមាត់សមុទ្រឡើងថ្លៃខុសធម្មតា ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ពួកគាត់។

បើតាមការផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក ចូលលេងឆ្នេរអស់ ៥០០០រៀល ចង់ជួលកញ្ចុះ​អត់ជួលឲ្យទេ ទាល់តែកម្មង់ម្ហូបពីកន្លែងគេ ៤មុខ ទើបបានអង្គុយលើកញ្ចុះបាន​ដោយ​​អត់គិត​ថ្លៃ ទោះជាកម្មង់ ៣មុខក៏មិនបានដែរ ដោយម្ហូប១មុខ ៦០​០​០​​០​​រៀលគ្រប់មុខ បាយឆាគ្រឿងសមុទ្រ ១ចាន៥៥០០០ រៀល ស្ងោជ្រក់មាន់​១៦​០០០០​រៀល​ បង្គាស្រុះ​ ២២​ក្បាល ៦០០០០រៀល ឆាត្រីជូអែមមួយក្បាល ៦០០០០រៀល បាយស មួយឆ្នាំង​១៥​០០​០​រៀល​ ទឹកក្រូចមួយកំប៉ុង ៥០០០រៀល ទឹកកកមួយកាតូ ៥០០០រៀល។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក សោម ចិន្ដា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានប្រាប់សារព័ត៌មានខ្មែរណាស់ថា ក្នុងថ្ងៃឈប់សម្រាកសងចូលឆ្នាំពិតជាមានការលក់ចំណីអាហារឡើងថ្លៃមែន។ ប៉ុន្តែលោក បានថ្លែងដូច្នេះថា« ជាធម្មតាទេ តម្លៃពេលបុណ្យម្ដងៗមានភ្ញៀវសម្រុកមកលេងច្រើន តម្រូវការមានឡើងមានចុះ អ៊ីចឹងអ្នកលក់ និងអ្នកទិញមានការព្រមព្រៀងគ្នាទៅតាមលទ្ធភាពដែលគាត់អាចទិញបាន»។

ទោះយ៉ាងណា លោក សោម ចិន្ដា បានបញ្ជាក់ថា អាជ្ញាធរខេត្តកំពុងពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយទប់ស្កាត់ចំពោះការលក់ឡើងថ្លៃខុសប្រក្រតីនេះ។

សូមបញ្ជាក់ថា នៅអំឡុងពេលឈប់សម្រាករយៈពេលវែងរបស់ប្រជាពលរដ្ឋ ខេត្តកែបទទួលបានភ្ញៀវទេសចរណ៍ជាតិប្រមាណ ១៤ម៉ឺននាក់ និងអន្តរជាតិជាង ៥០០នាក់។ នេះបើតាមការបញ្ជាក់របស់អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ កាលពីថ្ងៃទី ២៤ ខែសីហា៕