លោក ម៉ាក សៀន អគ្គនាយករងនៃអគ្កនាយកដ្ឋានកសិកម្ម បានណែនាំឲ្យកសិករចងក្រងបង្កើតជាសហគមន៍កសិកម្ម ដើម្បីចូលរួមដោះស្រាយបញ្ហាទីផ្សារ និងបង្កើនការផលិតស្របតាមស្តង់ដាអនាម័យ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី«ផលប៉ះពាល់ និងវិធានការឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ ក្នុងវិស័យផលិតកម្មកសិកម្ម» នៅថ្ងៃទី១៣ ខែសីហា នេះ លោក ម៉ាក សៀន បានលើកឡើងថា ការបង្កើតសហគមន៍កសិកម្ម បានជំរុញឲ្យមានបណ្ដុំអាជីវកម្ម ដើម្បីសិក្សាអំពីបញ្ហារាំស្ទះទីផ្សារ ដែលផ្សាភ្ជាប់ជាមួយកសិករអ្នកផលិត សហគមន៍ និងអ្នកបញ្ជាទិញ។

លោក ប្រាប់ថា ប្រសិនបើកសិករដាំបន្លែ ឬផ្លែឈើមួយចំនួនស្របតាមស្ដង់ដាបច្ចេកទេសសុវត្តិភាព នោះទីផ្សារទទួលទិញមិនខ្វះទេ។ ទន្ទឹមនឹងនេះ ក្រសួងក៏បានដាក់ផែនការ អភិវឌ្ឍន៍កសិកម្មសម័យទំនើបឲ្យបានត្រឹមឆ្នាំ២០៣០ ដោយមានការប្រើប្រាស់បច្ចេកទេសស្ដងដារ ព្រមទាំងធានារ៉ាប់រងនូវការផលិត និងទីផ្សាដល់កសិករ និងចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុដែលតែងតែកើតឡើងផងដែរ។

កាលពីខែកក្កដា កន្លងទៅ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានណែនាំឲ្យបង្កើតផ្សារ​កសិករ ដើម្បី​ដោះស្រាយ​បញ្ហា​ទីផ្សារ​ និង​តម្រូវ​ការ​ក្នុង​ស្រុក​។ លោកបានបញ្ជាឲ្យមន្រ្តីក្រោមឱវាទ និងប្រធានមន្ទីរកសិកម្មរាជធានីខេត្ត សហការជាមួយភាគីពាក់ព័ន្ធរៀបចំបង្កើត និងអនុវត្តផលិតកសិកម្មតាមកិច្ចសន្យារវាងក្រុមបណ្ដុំអាជីវកម្មកសិកម្ម​ ក្រុមកសិករផលិត និងសហគមន៍កសិកម្ម សំដៅដល់ការផ្គត់ផ្គង់ស្បៀងអាហារ អង្ករ ត្រី សាច់៕