យុវជននៅខេត្តឧត្តរមានជ័យមួយក្រុម ដែលស្រឡាញ់បរិស្ថាន បានផ្តួចផ្តើមគំនិតចង់កែច្នៃស្លឹកឈើធ្វើជាចាន ដើម្បីកាត់បន្ថយការប្រើប្រាស់ចានប្លាស្ទិក និងជាការរួមចំណែកថែរក្សាបរិស្ថានផង។

យុវជនមួយក្រុមនេះ បានបង្កើតគម្រោងដែលមានឈ្មោះថា « ដើម្បីសហគមន៍ខ្ញុំ» និងបានដាក់ចេញជាពាក្យស្លោកថា « ចូលរួមរក្សាការពារ និងអភិរក្សធនធានធម្មជាតិរបស់យើងទាំងអស់គ្នា» ដោយគម្រោងនេះ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ហើយងាកមកប្រើប្រាស់ស្លឹកឈើធម្មជាតិ នៃព្រៃសង្ឃរុក្ខវ័ន្តជំនួសវិញ។

យុវជន អោក គិមសួរ ប្រធានក្រុមយុវជនស្ម័គ្រចិត្ត ដើម្បីសហគមន៍បានឲ្យដឹងថា គម្រោងធ្វើចានពីស្លឹកឈើប្រភេទស្លឹកខ្លុងនេះ កំពុងស្ថិតនៅក្នុងការស្រាវជ្រាវនៅឡើយ ហើយក្រុមយុវជនក៏កំពុងសិក្សាបន្ថែម ទាំងការរចនា រូបរាង ចំណុះ ពណ៌ តម្លៃ និងគុណភាពរក្សាទុកផងដែរ។

ចំណែកយុវជន លឿន ឆៃមិញជូ សិស្សវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ បានសំណូមពរដល់ប្រជាពលរដ្ឋក្នុងសហគមន៍ឲ្យកាត់បន្ថយការប្រើប្រាស់ចានប្លាស្ទិក និងងាកមករួមគ្នាផលិតចានស្លឹកឈើ ជាការរួមចំណែកការពារបរិស្ថានផង និងអាចរកចំណូលដើម្បីទ្រទ្រង់ជីវភាពបន្ថែមផងតាមរយៈភ្ញៀវទេសចរណ៍។

ពាក់ព័ន្ធនឹងគម្រោងនេះដែរ ព្រះតេជគុណ ប៊ុន សាលួត ព្រះប្រធានសង្ឃសហគមន៍ព្រៃសង្ឃរុក្ខវ័ន្ត ក៏បានគាំទ្រចំពោះគម្រោងរបស់ក្រុមយុវជននេះផងដែរ។ ព្រះតេជគុណ រំពឹងថា ចានផលិតពីស្លឹកឈើធម្មជាតិ ដែលទាញយកពីព្រៃសហគមន៍សង្ឃរុក្ខវ័ន្តនេះ នឹងអាចប្រើជំនួសចានស្នោរ ឬចានប្លាស្ទិកនាថ្ងៃខាងមុខ៕

ប្រភព៖ ក្រសួងបរិស្ថាន