រូបភាព/ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ក្រុមហ៊ុន ជប៉ុន ចាត់ទុក ខេត្តបាត់ដំបង និងមណ្ឌលគិរី ជាគោលដៅបង្កើតកសិដ្ឋានដាំបន្លែ ព្រមទាំងកែច្នៃផ្លែឈើ និងបន្លែ មួយចំនួនតាមបច្ចេកវិទ្យាទើបសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម កាលពីថ្ងៃទី១១ ខែសីហា។

លោក Nabeshima Katsuhito ជានាយកក្រុមហ៊ុន Yamato Green បានលើកឡើងថា ក្រុមហ៊ុនគ្រោងមានបំណងបង្កើតកសិដ្ឋាន Green House លើទីតាំងធំៗមួយចំនួន ដើម្បីដាំបន្លែព្រមទាំងកែច្នៃផ្លែឈើ និងបន្លែជាច្រើនទៀតដូចជា ផ្លែប៊រ ស្ពៃក្ដោប ជាដើមសម្រាប់បំពេញតម្រូវទីផ្សារនាំចេញ។

លោក បន្តថា បច្ចុប្បន្នក្រុមហ៊ុន កំពុងរៀបចំបង្កើតសួនផលិតបន្លែសុវត្ថិភាព និងជ្រើសរើសទីតាំងជាប់តំបន់មាត់ទន្លេ និងដីកោះ ដែលមានពលរដ្ឋធ្វើកសិកម្មស្រាប់ ដើម្បីធានាបានស្ថេរភាពក្នុងខ្សែច្រវាក់ផលិតកម្ម និងទីផ្សារបន្លែ។

ជាមួយគ្នានេះ ងិល ឆាយ ប្រធានអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លើកឡើងថា បើសិនគម្រាងនេះ អនុវត្តលើកសិករដែលមានដីស្រាប់គឺល្អ និងអភិវឌ្ឍន៍លឿន ដូច្នេះតាមរយៈគម្រោងនេះ នឹងអាចបង្កើតមាន«សហគមន៍អ្នកដាំបន្លែសុវត្ថិភាព»។ ហើយគម្រោងនេះនឹងអាចប្រែក្លាយសួនផលិតកម្មបន្លែសុវត្ថិភាពទៅជាតំបន់ កសិ-ទេសចរណ៍ និងអេកូ-ទេសចរណ៍នាពេលអនាគតដ៏ខ្លី៕