រូបភាព/រដ្ឋបាលខេត្តក្រចេះ

លោក តែ ណាវុធ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការទន្លេមេគង្គកម្ពុជា បានលើកឡើងថា រយៈពេល៧ ខែ ឆ្នាំ ២០២០នេះ អាងទន្លេមេគង្គមានកម្រិតទឹកទាប បណ្ដាលមកពីបរិមាណទឹកភ្លៀងតិចក្រោមឥទ្ធិពលបាតុភូត អែល នីណូ ដែលអូសបន្លាយតាំងពីឆ្នាំ២០១៩ ព្រមទាំងបង្កឲ្យមានគ្រោះរាំងស្ងួត និងកម្រិតទឹកហូរតាមដៃទន្លេមេគង្គមានការធ្លាក់ចុះខ្លាំង បើធៀបនឹងឆ្នាំកន្លងមក។ លោកថ្លែងបែបនេះ នៅសន្និសីទសារព័ត៌មានស្ដីពី«ស្ថានភាពរបបជលសាស្ត្រក្នុងអាងទន្លេមេគង្គ និងទន្លេសាបនាពេលបច្ចុប្បន្ន» នៅថ្ងៃទី១១ ខែសីហា។

យោងតាមរបាយការណ៍ បានបង្ហាញថា លំហូរទឹកចូលបឹងទន្លេសាបនៅឆ្នាំ២០២០នេះ មានបរិមាណតិចតួចបំផុត ពោលចាប់តាំងពីឆ្នាំ១៩៩៧មក ស្របពេលលំហូរទឹកភ្លៀងចូលទន្លេមេគង្គនៅប្រទេសឡាវមាន៣៥% កម្ពុជា១៨% ថៃ១៨% ចិន១៦% វៀតណាម១១% និងមីយ៉ានម៉ាត្រឹម២% ប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ លោក ណាវុធ មានការព្រួយបារម្ភអំពីបញ្ហាទឹកទន្លេទាប ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ដូចជា កង្វះទឹកក្នុងការធ្វើកសិកម្ម និងធនធានជលផលថយចុះជាដើម។

​ ទោះយ៉ាងណា លោក តែ ណាវុធ រំពឹងថា បរិមាណទឹកភ្លៀងនៅក្នុងអាងទន្លេមេគង្គនឹងកើនឡើងវិញ ចាប់ពីខែសីហា ដល់តុលាខាងមុខ។ លោកបន្តថា នៅខែសីហា ​និងកញ្ញា បរិមាណទឹកភ្លៀងនឹងកើនឡើងលើកម្រិតចាប់ពី៤៥ មីលីម៉ែត្រ ដល់១០០ មីលីម៉ែត្រ ហើយអាចកើតមានបាតុភូត វិសម្ពាធត្រូពិក, ព្យុះត្រូពិក ឬព្យុះទីហ្វុង ក្នុងអាងទន្លេមេគង្គក្រោម។ លោកសង្កត់ធ្ងន់ថា ស្ថានភាពបែបនេះនឹងបង្កឲ្យកើតមានជំនន់ទឹកភ្លៀងនៅតាមបណ្ដាស្ទឹងនានាទូទាំងប្រទេសផងដែរ៕