រូបភាព/ google

ក្រសួងសុខាភិបាល បានប្រកាសពីករណីឆ្លងកូវីដ១៩ ចំនួន១៥នាក់ថ្មីបន្ថែមទៀត និងជាសះស្បើយ១នាក់ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ។ ករណីឆ្លងថ្មីនេះ គឹជនជាតិចិនចំនួន ១៣នាក់ បានធ្វើតេស្តរកឃើញថា មានវិជ្ជមានកូវីដ១៩ ដែលពួកគេបានធ្វើដំណើរមកពីប្រទេសហ្វីលីពីន ហើយមកដល់កម្ពុជា នៅថ្ងៃទី ៩ខែ សីហា និងជនជាតិខ្មែរ២នាក់ មកពីសហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ប្រទេសចិនធ្វើតេស្តមានផ្ទុកកូវីដ១៩ដូចគ្នា។

បើតាមក្រសួងសុខាភិបាល អ្នកឆ្លងថ្មីទាំងអស់ ត្រូវបានដាក់ឲ្យនៅក្នុងមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ។ ទន្ទឹមនឹងនេះ ក្រសួងក៏បានប្រកាសថា មានបុរសជនជាតិខ្មែរម្នាក់បានជាសះស្បើយផងដែរនៅថ្ងៃនេះ។

គិតត្រឹមព្រឹកថ្ងៃទី ១១ខែសីហានេះ នៅកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៦៦នាក់ មានអ្នកជាសះស្បើយចំនួន ២២០នាក់ និងចំនួន ៤៦នាក់កំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ៕