
របាយការណ៍របស់គណៈកម្មការទន្លេមេគង្គ(MRC) បានចេញផ្សាយនៅថ្ងៃសុក្រទី៧សីហានេះបញ្ជាក់ថា ទឹកភ្លៀងធ្លាក់ទាបខុសប្រក្រតីដោយសារឥទ្ធិពលពីបាតុភូតអាកាសធាតុអេលនីណូ ស្ថានភាពលំហូរទាបនៃទន្លេមេគង្គដែលអូសបន្លាយចាប់ពីឆ្នាំ២០១៩ និងលំហូរទឹកមានកម្រិតទាបជាងមុនពីដៃទន្លេមេគង្គ កំពុងធ្វើឱ្យទឹកហូរចូលបឹងទន្លេសាបមានចំនួនទាបបំផុតមិនធ្លាប់មានតាំងពីឆ្នាំ១៩៩៧មក និងកំពុងធ្វើឱ្យបឹងដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍នេះ ជួបប្រទះស្ថានភាពគ្រោះរាំងស្ងួតកាន់តែខ្លាំង។
របាយការណ៍នេះ បានចេញផ្សាយពីការវិភាគបឋមនៃលក្ខខណ្ឌឧតុនិយម ក្នុងអាងទន្លេមេគង្គក្រោមពីខែមករាដល់ខែកក្កដាឆ្នាំ២០២០ និងបានប្រៀបធៀបទិន្នន័យទៅឆ្នាំ២០១៩ជាឆ្នាំគ្រោះរាំងស្ងួត និងឆ្នាំ២០១៨ជាឆ្នាំធម្មតា។ យោងតាមការត្រួតពិនិត្យអំពីទឹកភ្លៀងនិងទិន្នន័យអាកាសធាតុ អាងទន្លេមេគង្គក្រោមកំពុងជួបប្រទះលំហូរទឹកទាបក្នុងឆ្នាំទី២ និងការពន្យារពេលនៃរដូវវស្សាក្នុងឆ្នាំ២០២០ ដែលស្ថានភាពនេះហាក់ដូចជាអាក្រក់ជាងឆ្នាំ២០១៩ ។ លំហូរទឹកទាបនេះ បង្ករឡើងដោយសារការថយចុះទឹកភ្លៀងធ្លាក់នៅពាសពេញអាងទន្លេមេគង្គក្រោម ដោយសារការពន្យាពេលនៃរដូវភ្លៀងមូសុង។
ទិន្នន័យដដែលបញ្ជាក់ថា អាកាសធាតុក្ដៅនឹងកើនឡើងខ្ពស់ជាងធម្មតា ហើយផ្នែកខ្លះនៃអាងទន្លេមេគង្គក្រោម នឹងមានភ្លៀងធ្លាក់តិចក្នុងខែសីហានិងកញ្ញានេះ។ ទឹកហូរចូលបឹងទន្លេសាបនៅពេលបច្ចុប្បន្ននេះ គឺទាបជាងឆ្នាំមុនក្នុងរយៈពេលដូចគ្នា និងទាបជាងឆ្នាំ២០១៨។ លំហូរទឹកទាបបែបនេះ អាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា ដូចជាបាត់បង់ចំនួនទិន្នផលត្រីនិងបាត់បង់សក្តានុពលផ្នែកធារាសាស្រ្ត។ ប្រទេសវៀតណាម អាចនឹងជួបប្រទះនូវការថយចុះនូវផលិតភាពស្រូវ នៅតាមដងទន្លេមេគង្គ ហើយផលិតភាពកសិកម្មនៅប្រទេសឡាវនិងថៃក៏ទំនងជារងផលប៉ះពាល់ដែរ។ ទោះជាយ៉ាងណា ការកើតមានព្យុះមួយចំនួននៅក្នុងខែសីហា និងខែកញ្ញា ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យលំហូរទឹកនឹងកើតឡើងនៅសប្តាហ៍ដំបូងនៃខែសីហាឆ្នាំ២០២០នេះ។
MRCបានលើកឡើងពីជម្រើសល្អមួយសម្រាប់ប្រទេសជាសមាជិកទន្លេមង្គ ត្រូវអនុវត្តផែនការគ្រប់គ្រងគ្រោះរាំងស្ងួត គឺពួកគេត្រូវស្នើសុំឱ្យប្រទេសដែលមានវារីអគ្គិសនីស្តុកទឹកទុក ជាពិសេសប្រទេសចិន ឱ្យពិចារណាលើការបញ្ចេញទឹកបន្ថែម ប្រសិនបើកម្រិតទឹកក្នុងរដូវទឹកជំនន់នេះ មិនមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នោះ។
គណៈកម្មាការទន្លេមេគង្គធ្លាប់បញ្ជាក់ថា មួលហេតុទឹកហូរចូលក្នុងបឹងទន្លេសាបកាន់តែទាបនេះ ក៏បណ្ដាលមកពីទំនប់វារីអគ្គិសនីនៅទន្លេមេគង្គលើ ស្ថិតក្នុងប្រទេសឡាវចំនួន២ និងនៅចិនចំនួន១១ដែរ។ លោក អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ(MRC) បានអំពាវនាវឱ្យប្រទេសតាមដងទន្លេមេគង្គទាំង៦បង្កើនការចែករំលែកទិន្នន័យ និងព័ត៌មានអំពីប្រតិបត្តិការទំនប់ និងហេដ្ឋារចនាសម្ព័ន្ធទឹករបស់ប្រទេសសាម៉ី ជាមួយនឹង MRC ឱ្យបានរហ័ស និងប្រកបដោយតម្លាភាព។
លោកបានបញ្ជាក់ថា៖«វាដល់ពេលហើយ ដែលប្រទេសទាំងអស់ ត្រូវអនុវត្តន៍នូវអ្វីដែលខ្លួនបានអះអាង និងធ្វើសកម្មភាពដើម្បីប្រយោជន៍រួមសម្រាប់អាងទន្លេមេគង្គទាំងមូល និងសម្រាប់សហគមន៍ដែលរងផលប៉ះពាល់»។ន្លេសាបមានប្រព័ន្ធអេកូឡូស៊ីគួរឱ្យកត់សម្គាល់។
លំហូរនៃទន្លេនេះមានលក្ខណៈពិសេសត្រង់លំហូរបញ្ជ្រាសវិញតាមរដូវ។ នៅក្នុងរដូវវស្សា ភ្លៀងមូសុងបានបង្កើនបរិមាណទឹកភ្លៀងទៅកាន់ចំណុចមួយដែលបណ្តាលឱ្យមានលំហូរទៅកាន់ភាគខាងជើងនិងបង្កើនទំហំទន្លេរហូតដល់ទៅជិត១០ដង។ផលិតកម្មត្រីទឹកសាបរបស់ប្រទេសកម្ពុជាមានចំនួនជាង៤សែន (៤០០ ០០០) តោនក្នុងមួយឆ្នាំ និងជាប្រទេសស្ថិតក្នុងចំណោមអ្នកផលិតធំជាងគេទាំង១០នៅលើពិភពលោក។
ការប៉ាន់ប្រមាណពីវិទ្យាស្ថានជាតិស្ថិតិបង្ហាញថា ជលផលនេះបានរួមចំណែក១៦ភាគរយដល់ផលិតផលក្នុងស្រុកសរុប។ទន្លេសាបចូលរួមចំណែកជាងពាក់កណ្តាលនៃត្រីដែលផលិតនៅក្នុងប្រទេស។ ប្រជាជនជាង ១លាន២សែននៅតំបន់បឹងទន្លេសាប គឺពឹងផ្អែកតែលើការនេសាទដើម្បីចិញ្ចឹមជីវិត៕
- ក្រុមការងារសម្របសម្រួល និងតំណាងអង្គការ Global Life Sharing របស់កូរ៉េ ចុះពិនិត្យមើលទីតាំងគម្រោងបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ - នៅថ្ងៃទី 13/07/2022
- សន្និសីទថ្នាក់ខេត្តរវាងអាជ្ញាធរតំណាងរដ្ឋាភិបាល យុវជន និងសហគ្រិនស្ត្រីមកពីខេត្តចំនួន៦នៅខេត្តសៀមរាប - នៅថ្ងៃទី 09/07/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022