ក្រសួងសុខាភិបាលបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី៦ថា ប្រទេសវៀតណាម​បាន​យក​កីឡា​ដ្ឋាន​មួយ​ទៅ​នៅ​ទី​ក្រុង​ដា​ណាំង ដើម្បីជាមន្ទីរពេទ្យដែលមានគ្រែចំនួន១០០០ សម្រាប់​ប្រើប្រាស់ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ ខណៈ​ការ​ផ្ទុះ​ឡើង​ក្នុងសហគមន៍ក្នុង​ទី​ក្រុងដាណាំង បានរាលដាលទៅដល់តំប​ន់​យ៉ា​ងហោ​ច​ណា​ស់​ចំនួន​១១​ផ្សេង​ទៀត​របស់វៀតណាម។

កីឡាដ្ឋាន Tien Son នឹងចាប់ផ្ដើមប្រើប្រាស់ពីថ្ងៃសៅរ៍ ដើម្បីព្យាបាលអ្នកកូវីដ១៩ ប្រសិន​បើមន្ទីរពេទ្យ​ក្នុង​ទី​ក្រុង​ដា​ណាំងមានភាពចង្អៀតណែនពេក។ អាជ្ញាធរ​បាន​រាយ​ការណ៍​ថា នៅទីក្រុង​ដាណាំង​មាន​អ្នក​ឆ្លង​កើន​ឡើង​ជាង​២០០​ករណី ចាប់តាំង​ពីវីរុ​ស​នេះ​បានផ្ទុះជាសហគមន៍ជាថ្មីតាំងពីថ្ងៃទី ២៥ ខែកក្កដាមក ក្រោយពីវៀត​ណាម​បាន​បញ្ចប់​ការផ្ទុះជាសហគមន៍នេះអស់រយៈពេលជាង៣ខែ។

អាជ្ញាធរបាននិយាយថា ស្ថានភាពឆ្លងរាលដាលនៃជំងឺកូវីដនៅវៀតណាម កំពុងស្ថិត​ក្រោម​ការគ្រប់​គ្រង​បាន​នៅ​ឡើយ ហើយថាការផ្ទុះឡើងខ្ពស់ទំនងជានឹងកើនឡើង​ក្នុង​រយៈពេល១០ថ្ងៃខាងមុខទៀត។

ប៉ុន្តែប្រសិនបើចំនួនអ្នកឆ្លងមានស្ថេរភាព កីឡាដ្ឋាន​នេះ​នឹង​ត្រូវ​ប្រើ​ដើម្បី​ដាក់​មនុស្ស​ដែល​មាន​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​អ្នកឆ្លង ដែលជាផ្នែកមួយនៃកម្មវិធីចត្តាឡីស័ក​កណ្ដាល​របស់ប្រទេសវៀតណាម។

នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលវៀតណាមបានរាយការណ៍ករណីឆ្លងថ្មី​ចំនួន​៣៤នាក់ទៀត ដែល​បាន​ធ្វើ​ឱ្យ​ករណីឆ្លងសរុបកើនដល់៧៤៧នាក់​ និងអ្នកស្លាប់កើន​ដល់​១០នាក់។

ក្រសួងសុខាភិបាលបានបញ្ជូនក្រុមការងារជំនាញនិងបុគ្គលិកសុខាភិបាលជាង១.០០០នាក់ ទៅកាន់​ទី​ក្រុង​ដា​ណាំង រីឯប្រទេសគុយបាក៏បានបញ្ជូនក្រុមគ្រូពេទ្យទៅជួយ​ប្រទេស​វៀតណាមដែរ។ នៅទីក្រុងហាណូយ ដែល​មាន​មនុស្ស៧២ពាន់នាក់ដែលទើប​តែ​វិល​ត្រឡប់មកពីទីក្រុងដាណាំង នឹងត្រូវធ្វើតេស្ដម្ដងទៀត តាម​រយៈ​ការ​ប្រើ​បំពង់​សំឡី​​មួយតូចវែងរុកចូលច្រមុះយកសំណាក ព្រោះការធ្វើតេស្ដបែបនេះកាន់តែមាន​ភាព​ច្បាស់​​លាស់​ជាង​ការ​យក​សំណាកឈាមទៅធ្វើតេស្ដ៕